ppp Thu, 26 November 2015
វង្ស សុខេង
លោក ជា ចំរើន អតីតសមាជិកសភាពីគណបក្សប្រជាជនកម្ពុជាបានលើកបង្ហាញគំរូត្រាគណបក្ស កម្ពុជា សេរីភាព ដែលទើបបង្កើតថ្មី ។ ហេង ជីវ័ន |
KI Media note: CPP logo below:
Reproduced |
ភ្នំពេញៈ នៅទីបំផុតលោក ជា ចំរើន អតីតសមាជិកសភា និងជាទីប្រឹក្សាប្រធានរដ្ឋសភាលោក ហេង សំរិន កាលពីថ្ងៃពុធបានសម្រេចចិត្តបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា «គណបក្សកម្ពុជាសេរីភាព» បន្ទាប់ពីបានលាលែងពីសមាជិកនៃគណបក្សប្រជាជនកម្ពុជាកាលពីសប្តាហ៍មុន។
លោក ចំរើន បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថាលោកនឹងដាក់កម្មវិធីគោលនយោបាយរបស់លោក និងការងារឯកសារទៅក្រសួងមហាផ្ទៃនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៥ បន្ទាប់ពីគណបក្សបញ្ចប់ការសិក្សាវាស់ស្ទង់អំពីកម្មវិធីគោលនយោបាយរបស់ខ្លួនពីមជ្ឈដ្ឋានដូចជាយុវជន កសិករ ជនរងគ្រោះដោយប្រព័ន្ធយុត្តិធម៌ ពាណិជ្ជករ ប្រាក់ខែកម្មករ និងក្រុមបញ្ញវន្ដ។
លោក ជា ចំរើន បានលើកឡើងថា៖ «កម្មវិធីគោលនយោបាយគណបក្សគឺមិនមែនសម្រាប់ខ្ញុំទេប៉ុន្តែសម្រាប់ប្រទេសជាតិហេតុដូច្នេះខ្ញុំត្រូវតែធ្វើការសិក្សាវាស់ស្ទង់រយៈពេលមួយខែមុនពេលដាក់ចេញកម្មវិធីគោលនយោបាយនេះជាផ្លូវការ»។ «ខ្ញុំមិនប៉ះពាល់ដល់គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិទេហើយខ្ញុំក៏នឹងមិនបំបែកសំឡេងរបស់គណបក្សនយោបាយណាមួយដែរ»។
លោកបានថ្លែងបន្តថាការលាលែងរបស់លោកពីគណបក្សប្រជាជនកម្ពុជាគឺដោយសារបរិយាកាសអយុត្តិធម៌ក្នុងសង្គមដូចដែលលោកធ្លាប់បានបាត់បង់ប្រាក់ ដី ព្រមទាំងអាជីវកម្ម។
លោក ចំរើន បន្តថា៖ «មន្រ្តីពាក់ព័ន្ធការអនុវត្តច្បាប់ប្រព័ន្ធយុត្តិធម៌ និងតុលាការបានប្រើនីតិវិធីច្បាប់ដើម្បីបង្កើតភាពអយុត្តិធម៌ដល់ប្រជាជនកម្ពុជាក្នុងសង្គមរបស់យើង»។
លោកបានបដិសេធចំពោះការចោទប្រកាន់ដែលថាគណបក្សប្រជាជនកម្ពុជាគឺជាអ្នកផ្តល់ប្រាក់ឲ្យលោកដើម្បីបំបែកសំឡេងគណបក្សប្រឆាំងមុនការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិក្នុងឆ្នាំ ២០១៧ និង ២០១៨។
លោក ចំរើន បានថ្លែងបន្តថា៖ «ខ្ញុំមិនមែនត្រូវបានបញ្ជាដោយគណបក្សប្រជាជនកម្ពុជាទេខ្ញុំបានបាត់បង់ប្រាក់ខ្ញុំបានបាត់បង់ដីដោយសារនីតិវិធីច្បាប់ដូច្នេះខ្ញុំត្រូវតែភ្ញាក់ខ្លួនស្វែងរកយុត្តិធម៌សម្រាប់សង្គមតាមរយៈសកម្មភាពនយោបាយ»។
លោកក៏បានបដិសេធអត្ថាធិប្បាយផងដែរអំពីថាតើអាសនៈចំនួនប៉ុន្មានដែលលោកនឹងឈ្នះ និងថាតើគណបក្សកម្ពុជាសេរីភាពមានសមាជិកចំនួនប៉ុន្មាននាក់។
លោក ចំរើន បានថ្លែងថាលោកនឹងអនុវត្តដូចគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសានស៊ូជី នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលដែលជាអង្គការឃ្លាំមើលការបោះឆ្នោតបានថ្លែងថាមានគណបក្សប្រហែល ៥០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃប៉ុន្តែមានតែប្រហែល ៦ ឬ ៧ គណបក្សប៉ុណ្ណោះដែលមានសកម្មភាពនយោបាយ។
លោក បញ្ញា បានបន្តថា៖ «ប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាមិនអនុញ្ញាតសម្រាប់បេក្ខជនជាបុគ្គលហេតុដូច្នេះវាចាំបាច់ត្រូវមានគណបក្សនយោបាយបន្ថែមប៉ុន្តែត្រូវតែមានសកម្មភាពនយោបាយសម្រាប់ការប្រកួតប្រជែង»៕ PS
No comments:
Post a Comment