ក្តីបារម្ភ កំពុងកើនឡើងកាន់តែខ្លាំងឡើងអំពីស្ថានភាពរបស់ព្រះមហាក្សត្រថៃ ដែលបានសោយរាជ្យតាំងពីឆ្នាំ១៩៤៦ ហើយការស្នងរាជ្យចោទជាបញ្ហាមែនទែននៅប្រទេសថៃ។
ស្តេចថៃ Bhumibol Adulyadej គង់នៅក្នុងឡាន នៅពេលចាកចេញពីមន្ទីរពេទ្យ Siriraj ក្នុងក្រុងបាងកក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥។ |
Steve Herman
27 កញ្ញា 2015 voa
បាងកក—
ក្តីបារម្ភកំពុងកើនឡើងកាន់តែខ្លាំងឡើងអំពីស្ថានភាពរបស់ព្រះមហាក្សត្រថៃដែលបានសោយរាជ្យតាំងពីឆ្នាំ១៩៤៦។
ព្រះនាង Chulabhorn ដែលជាបុត្រីពៅរបស់ព្រះអង្គបានធ្វើការអំពាវនាវខុសពីធម្មតាមួយទៅ កាន់សាធារណជនកាលពីសប្តាហ៍មុន ឲ្យមានការសូត្រធម៌ព្យាបាល Pochangkaparitra តាមបែបពុទ្ធសាសនាសម្រាប់ព្រះបិតារបស់ព្រះនាង គឺព្រះមហាក្សត្រ Bhumibol ដែលបានគង់សម្រាកនៅក្នុងមន្ទីរពេទ្យអស់រយៈពេលប៉ុន្មានឆ្នាំកន្លង ទៅនេះនៅក្នុងរាជធានីបាងកក។
ព្រះមហាក្សត្រ Bhumibol ដែលគេស្គាល់ថាជាស្តេច រ៉ាម៉ាទី៩ (Rama IX) បានបង្ហាញព្រះភ័ក្រជាលើកចុងក្រោយនៅទីសាធារណៈកាលពីដើមខែនេះ នៅពេលដែលទ្រង់យាងចេញពីបន្ទប់ព្យាបាលរបស់ព្រះអង្គនៅក្នុង មន្ទីរពេទ្យ Siriraj។ ចាប់តាំងពីពេលនោះមក សេចក្តីប្រកាសវេជ្ជសាស្ត្ររបស់ព្រះបរមរាជវាំងបានកត់សម្គាល់ពីជំងឺ ឆ្លងក្នុងឈាម ជំងឺគ្រុនក្តៅ និងជំងឺរលាកសួត។ មានសេចក្តីរាយការណ៍ថា ព្រះអង្គបានធូរស្បើយជាងមុន ក៏ប៉ុន្តែកង្វល់របស់ជនរួមជាតិថៃនៅតែកើតមានដដែរ។
រាជ ទាយាទ Maha Vajiralongkorn ដែលនឹងស្នងរាជ្យបន្តនោះ មិនទទួលបានការស្រឡាញ់ពេញចិត្តខ្លាំងពីព្រះមាតា និងព្រះបិតាទេ។
នៅ ថ្ងៃអាទិត្យដ៏ក្តៅហួតហែងមួយកាលពីពាក់កណ្តាលខែសីហា ព្រះរាជបុត្រអង្គនេះបានដឹកនាំការជិះកង់ទ្រង់ទ្រាយធំមួយ ដើម្បីបង្ហាញការគោរពចំពោះព្រះមាតារបស់ព្រអង្គ គឺមហាក្សត្រយានី Sirikit ដែលមានព្រះជន្ម៨៣ព្រះវស្សាជាមួយនឹងសុខភាពទ្រុឌទ្រោម។ ព្រឹត្តិការណ៍ដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍នៅទូទាំងប្រទេស ដែលមានអ្នកជិះកង់ចំនួន១៤៥.០០០នាក់ និងមន្ត្រីប៉ូលិសចំនួន៩.០០០នាក់ចូលរួមនោះ ត្រូវបានគេចាត់ទុកថា ជាការបញ្ជាក់យ៉ាងច្បាស់ចំពោះប្រទេសជាតិដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់យោធាមួយនេះថា ក្រុមយោធាគាំទ្រឲ្យព្រះរាជបុត្រឡើងស្នងរាជ្យបន្ត។
ចម្ងល់ពីការឡើងគ្រងរាជ្យបន្ត
លោក សាស្រ្តាចារ្យ Pavin Chachavalpongpun នៅសាកលវិទ្យាល័យក្យូតូ (Kyoto) និងជាសាស្រ្តាចារ្យល្បីមួយរូបនៅសាកលវិទ្យាល័យ Stanford បានពន្យល់ថា៖ «អ្នកដែលមានអំណាចគឺមកពីខ្សែរាជវង្សរបស់ព្រះមហាក្សត្រយានី ហើយយើងដឹងហើយថា ព្រះមហាក្សត្រយានីតែងតែចង់ឲ្យព្រះរាជបុត្ររបស់ទ្រង់ឡើងគ្រងរាជ្យ បន្ត»។
លោក Thongchai Winichakul សាស្រ្តាចារ្យប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ Wisconsin បាននិយាយថា៖ «បើទោះបីជាផ្នែកដទៃទៀតនៃក្រុមយោធាអាចនឹងមានទស្សនៈយល់ឃើញ លាយឡំគ្នាពាក់ព័ន្ធនឹងរាជទាយាទក៏ដោយ ក៏ពួកគេត្រូវតែទទួលស្គាល់ការពិតដែលថា ព្រះរាជបុត្រគឺជាស្តេចដែលនឹងត្រូវគ្រងរាជ្យបន្ទាប់»។
លោក សាស្រ្តាចារ្យ Thongchai បាននិយាយដោយការប្រុងប្រយ័ត្នថា ស្ថានភាពបច្ចុប្បន្ននឹងមិនស្ថិតស្ថេរទេ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមហាក្សត្រ Bhumibol ពីព្រោះថា «នឹងមានកត្តាពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ខ្ញុំគិតថា ក្រុមយោធាក៏មិនដឹងពីរឿងនេះដែរ»។
នៅខណៈដែលព្រះ រាជបុត្រត្រូវបានតែងតាំងជារាជទាយាទសម្រាប់គ្រងរាជបល្ល័ង្ក ទ្រង់នៅតែជាតួអង្គដែលមិនងាយបង្ហាញព្រះកាយនៅទីសាធារណៈកាន់តែ ខ្លាំង ហើយជីវិតឯកជនរបស់ទ្រង់គឺជាក្តីកង្វល់មួយផងដែរ។
មនុស្ស មួយចំនួនគិតថា ព្រះនាង Sirindhorn ដែលជាព្រះអនុជរបស់ទ្រង់ ហើយដែលត្រូវបានគេកោតសរសើរយ៉ាងខ្លាំងសម្រាប់ការងារសប្បុរសធម៌ និងការប្រឹងប្រែងក្នុងផ្នែកអប់រំរបស់ព្រះនាង អាចនឹងកា្លយជាអ្នកស្នងរាជ្យ។ ប៉ុន្តែព្រះនាងមិនទាន់ត្រូវបានទទួលការតែងតាំងជាផ្លូវការជា រាជទាយាទដើម្បីស្នងរាជបល័្លង្កនោះទេ។
លោក សាស្រ្តាចារ្យ Pavin បានកត់សម្គាល់ថា អ្នកស្មោះស្ម័គ្រជាមួយព្រះមហាក្សត្រនៅក្នុងក្រុងបាងកកពេញចិត្តនឹង ព្រះនាង Sirindhorn យ៉ាងខ្លាំង ហើយក្រុមនេះនឹងចោទជាសំណួរថា «តើព្រះអង្គដែលជ្រើសតាំងសម្រាប់ស្នងរាជ្យសម្បត្តិនេះ សាកសមនឹងទទួលបានរាជបល្ល័ង្កដែរឬទេ នៅខណៈដែលយើងកំពុងតែខិតទៅរកការផ្លាស់ប្តូរព្រះមហាក្សត្រ»។
ហើយ អ្វីដែលនៅមានបញ្ហាដែរនោះ គឺការគ្រប់គ្រងលើទ្រព្យសម្បត្តិមានតម្លៃច្រើនជាង៣៥ ពាន់លានដុល្លារដែលជាសម្បត្តិក្នុងទម្រង់អចលនទ្រព្យ។
គ្មាន អ្នកណាហ៊ានពិភាក្សាឲ្យទូលំទូលាយលើការស្នងរាជ្យនេះទេ ហើយប្រធានបទដែលពាក់ព័ន្ធដូចជា មតិយោបល់ដែលគេយល់ថាមានលក្ខណៈរិះគន់ ឬគំរាមកំហែងដល់សមាជិកជាន់ខ្ពស់នៃខ្សែរាជវង្សអាចនឹងបណ្តាលឲ្យ មានការជាប់ពន្ធនាគាររយៈពេលយូរ នៅក្រោមច្បាប់ជេរប្រមាថព្រះមហាក្សត្ររបស់ថៃ (lese majeste law)។
ការិយាល័យ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីខែមុន បានបង្ហាញក្តីកង្វល់លើច្បាប់ព្រហ្មទណ្ឌដែលស្ទើរតែគ្មានការកែប្រែ តាំងពីឆ្នាំ១៩០៨មក។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំក្រុង ហ្សឺណែវបាននិយាយថា៖ «យើងក៏មានការព្រួយបារម្ភលើការបន្ថែមរយៈពេលជាប់ពន្ធនាគារដែល ធ្វើឡើងលើករណីជាច្រើនដោយតុលាការយោធា ដែលតុលាការនេះខ្លួនឯងខកខានមិនបានគោរពតាមស្តង់ដាសិទ្ធិមនុស្ស អន្តរជាតិ រួមមានសិទ្ធិទទួលបានការកាត់ទោសដោយយុត្តិធម៌»។
ការបំបិទការពិភាក្សា
លោក ស្រី Tyrell Haberkorn សាស្ត្រាចារ្យផ្នែកបំលាស់ប្តូរសង្គម និងនយោបាយនៅសាកលវិទ្យាល័យជាតិអូស្រ្តាលី (Australian National University) បានដឹងថា ការដាក់ទោសធ្ងន់ៗសម្រាប់ការបង្ហោះព័ត៌មាននៅក្នុងបណ្តាញសង្គម បង្ហាញឲ្យឃើញថា អាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំងពីការប្រឆាំង។
លោក ស្រីបានបន្ថែមថា៖ «អ្វីដែលគួរឲ្យកត់សម្គាល់អំពីករណីទាំងនោះគឺថា ករណីទាំងនោះមិនជាប់ពាក់ព័ន្ធនឹងបញ្ញវ័ន្តល្បីៗ ឬអ្នកនយោបាយនោះទេ ប៉ុន្តែវាជាប់ពាក់ព័ន្ធនឹងមនុស្សសាមញ្ញ។ ការកាត់ទោសទាំងនោះហាក់ដូចជាចង់គំរាមដល់មនុស្សសាមញ្ញធម្មតា»។
ការ ដកស្រង់សម្តី ឬចេញផ្សាយការយល់ឃើញរបស់អ្នកដទៃដែលចាត់ទុកថាប៉ះពាល់ដល់ព្រះ មហាក្សត្រក៏ប្រឈមមុខនឹងការកាត់ទោសផងដែរ។
ការព្រមាន លើករណីដូច្នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅពេលដែលក្រុមការងារព័ត៌មានអន្តរជាតិរបស់កាសែត The New York Times មិនត្រូវបានអនុញ្ញាតឲ្យបោះពុម្ពព័ត៌មាននៅក្នុងប្រទេសថៃ។
នាង Gina Wong ប្រធានផ្នែកសេវាកម្មអតិថិជនរបស់កាសែតនេះប្រចាំការិយាល័យទីក្រុង ប៉ារីស បានសរសេរនៅក្នុងអ៊ីម៉ែលផ្ញើទៅកាន់អតិថិជនទាំងអស់នៅក្នុងប្រទេស ថៃថា៖ «ការហាមឃាត់នោះមានពាក់ព័ន្ធនឹងអត្ថបទមួយដែលក្រុមហ៊ុនបោះពុម្ភ ក្នុងស្រុកដែលចុះកុងត្រាជាមួយយើងយល់ថា វាជារឿងរសើបខ្លាំងពេករហូតដល់មិនអាចបោះពុម្ភបាន។ ការសម្រេចចិត្តនេះ ធ្វើឡើងដោយរោងពុម្ពតែម្ខាងប៉ុណ្ណោះ ហើយកាសែត New York Times មិនបានយល់ព្រមក្នុងការធ្វើបែបនោះទេ»។
អ្នក ត្រួតពិនិត្យមើលខ្លឹមសារអត្ថបទរបស់ថៃ ជាធម្មតាបិទចោលអត្ថបទតាមប្រព័ន្ធអ៊ីនធឺណិតមិនឲ្យផ្សាយទៅបរទេស ដែលខ្លឹមសារនៃអត្ថបទទាំងនោះត្រូវគេចាត់ទុកថាមិនសមរម្យចំពោះ សមាជិកគ្រួសាររាជវង្ស។
រាជានិយមមកដល់ផ្លូវបំបែក?
ព្រះ មហាក្សត្រ Bhumibol ត្រូវបានគេចាត់ទុកជាអាទិទេពចាប់ជាតិនៅក្នុងប្រទេសថៃ។ ព្រះអង្គគឺជាស្តេចតែមួយអង្គគត់ដែលពលរដ្ឋនៅរស់រានមានជីវិត ស្គាល់ជាងគេ។ ការចូលទីវង្គតរបស់ព្រះអង្គនឹងធ្វើឲ្យរាជាណាចក្រនេះមានទុក្ខសោក យ៉ាងខ្លាំង ហើយក៏នឹងជំរុញឲ្យមានការស្វែងរកអ្នកស្នងរាជ្យដែលត្រូវបានគេ ពន្យាពេលជាយូរមកហើយ និងជំរុញការពិភាក្សាដ៏ស្ងាត់ស្ងៀមអំពីការផ្លាស់ប្តូរខ្សែ រាជវង្សចក្រី (Chakri dynasty) ដែលបានសោយរាជ្យអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយនោះ។
លោក សាស្ត្រាចារ្យ Pavin ដែលធ្លាប់ជាប់ចោទពីបទជេរប្រមាថព្រះមហាក្សត្រកាលពីពេលមុននិយាយ ថា៖ «រាជាធិបតេយ្យមានជម្រើសពីរ គឺត្រូវតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃរបត់ក្នុងស្រុកនិង របត់អន្តរជាតិ។ ដូច្នេះ គេត្រូវជ្រើសរើសយកជម្រើសមួយគឺការធ្វើកំណែទម្រង់ខ្លួនឯង ឬក៏ត្រូវប្រឆាំងនឹងការផ្លាស់ប្តូរ ដែលនេះអាចបង្កលទ្ធភាពនៃការកាត់ផ្តាច់ពីសាធារណៈ ហើយដួលរលំ»។
លោក សាស្រ្តាចារ្យ Thongchai ដែលជាមេដឹកនាំនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទសវត្សរ៍ ១៩៧០នៅក្នុងប្រទេសថៃបានអះអាងថា៖ «ខ្សែរាជវង្សចក្រីបានផ្លាស់ប្តូរដល់កម្រិតមួយដែលខ្លួនមិនអាច កែប្រែឲ្យដូចអតីតកាលដ៏ល្អរបស់ខ្លួនបានទៀតទេ។ អនាគតរបស់ខ្សែរាជវង្សនេះបានចាប់ផ្តើមតាំងពីមួយទសវត្សរ៍មុន ម្ល៉េះ។ ដូច្នេះ ចូរកុំឲ្យតម្លៃខ្ពស់ពេក ឬស្តីបន្ទោសដល់ស្តេចអង្គក្រោយដែលនឹងក្លាយជាស្តេចរ៉ាម៉ាទី១០»។
លោក Haberkorn ដែលជាបញ្ញវ័ន្តរបស់ថៃបានកត់សម្គាល់ថា ការគោរពដ៏ជ្រាលជ្រៅដែលពលរដ្ឋថៃមានចំពោះស្តេច Bhumibol «គឺមានចំពោះតែព្រះអង្គមួយអង្គឯងគត់ មិនមែនចំពោះស្ថាប័នរាជវាំងនោះទេ។ សេ្តចថ្មីរ៉ាម៉ាទី១០ នឹងមិនអាចទទួលបានការគោរពនោះដោយស្វ័យប្រវត្តិដូចស្តេចរ៉ាម៉ាទី៩ នោះទេ បើទោះណាទ្រង់មានងារជាស្តេចដូចគ្នាក៏ដោយ។ អំណាចដែលមាននៅទីនេះមិនមែនស្ថិតនៅលើអ្នកស្នងរាជ្យនោះទេ ប៉ុន្តែនៅលើប្រជាពលរដ្ឋថាតើពួកគេនឹងធ្វើអ្វីនៅពេលនោះ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ
1 comment:
Don't you worry soon or later when the King is gone, Thai country will start to fall in the pit the same as Khmer . Kleptocracy start from now and civil war will blooming in that land for sure . This maniac dictator of to day use this ailing King as a shield to protect their wrong doing and legacy . BUT ...and you will see son .
Post a Comment