លោក កឹម សុខា៖ មន្ត្រីនិងសកម្មជនបក្សប្រឆាំងមិនត្រូវឃុំខ្លួនទេបើតុលាការមានយុត្តិធម៌
ដោយ អ៊ុង សេរីវុទ្ធ
2015-09-23
មេដឹកនាំបក្សប្រឆាំងអះអាងថា មន្ត្រី និងសកម្មជនរបស់បក្សនេះ មិនត្រូវជាប់ឃុំក្នុងពន្ធនាគារឡើយ បើប្រព័ន្ធតុលាការកម្ពុជាមានយុត្តិធម៌ពិតប្រាកដ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌ឆ្លើយតបថា បើតុលាការ ដោះលែងមន្ត្រីបក្សប្រឆាំងដែលប្រព្រឹត្តបទល្មើសនោះ ប្រាកដជាត្រូវគេរិះគន់ថា តុលាការស្ថិតនៅក្រោមឥទ្ធិពលនយោបាយជាមិនខាន។
ការរិះគន់សាជាថ្មីទៀត លើប្រព័ន្ធតុលាការកម្ពុជាថា មិនឯករាជ្យ និងមិនអាចផ្ដល់យុត្តិធម៌សង្គម ដោយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នេះ ធ្វើឡើងភ្លាមៗ នៅក្រោយជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២៣ ខែ កញ្ញា។
ស្របគ្នានោះលោក កឹម សុខា អនុប្រធានបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១រដ្ឋសភា បញ្ជាក់ថា លោកបានស្នើ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជំរុញធ្វើយ៉ាងណាឲ្យប្រព័ន្ធតុលាការនៅកម្ពុជា មានយុត្តិធម៌ពិតប្រាកដ។
លោក កឹម សុខា បន្តថា បើចង់ដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវកែទម្រង់ប្រព័ន្ធតុលាការជាមុនសិន បើមិនកែប្រព័ន្ធតុលាការទេ បញ្ហាសិទ្ធិមនុស្សក៏មិនអាចដោះស្រាយបានឡើយ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងនេះថា ជារឿងដដែលៗដែលបក្សប្រឆាំងតែងរិះគន់ប្រព័ន្ធតុលាការកម្ពុជា។ លោកបញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត បានស្ដាប់ពីភាគីទាំងអស់មានរដ្ឋាភិបាលផង ដោយមិនមែនស្ដាប់តែបក្សប្រឆាំង ឬក្រុមនិន្នាការប្រឆាំងទេ៖ «ប៉ុន្តែគាត់(កឹម សុខា) ត្រូវសិក្សាថា សកម្មជនគាត់បានប្រព្រឹត្តបទល្មើសឬអត់ បើគេមិនពេញចិត្តនឹងការលើកឡើងរបស់គាត់ និងព្រមដោះលែងសកម្មជនទាំងនោះ អាងថាជាសកម្មជននយោបាយ គេនឹងរិះគន់ថាតុលាការនៅក្រោមឥទ្ធិពលនយោបាយ»។
លោក ជិន ម៉ាលីន បន្តថា អ្នកស្រីស្មីត មិនបានរិះគន់ប្រព័ន្ធតុលាការកម្ពុជាទេ មានតែកោតសរសើរ និងលើកទឹកចិត្តឲ្យក្រសួងយុត្តិធម៌បន្តការងារពង្រឹងផ្នែកច្បាប់បន្ថែមទៀត។
មកដល់ពេលនេះមន្រ្តី និងសកម្មជនគណបក្សប្រឆាំងចំនួន១៥នាក់ហើយ កំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងបាតុកម្មក្បែរស្ពាននាគ ទីលានប្រជាធិបតេយ្យ និងក្លែងឯកសារព្រំដែនកម្ពុជាវៀតណាម។
ចំណែកប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា ថ្លែងថាអ្វីដែលសង្គមស៊ីវិលមើលឃើញជាទូទៅ គឺប្រព័ន្ធតុលាការនៅកម្ពុជា ស្ថិតនៅក្រោមអំណាចរបស់បក្សកាន់អំណាច។ លោកបញ្ជាក់ថា មិនមែនតែបក្សប្រឆាំងទេ ដែលរងអយុត្តិធម៌ គឺមានសកម្មជនដីធ្លី និងសកម្មជនការពារធម្មជាតិដទៃទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ តួយ៉ាងសកម្មជនបឹងកក់ និងយុវជនចលនាមាតាធម្មជាតិនៅអារ៉ែងនាពេលថ្មីៗនេះជាដើម៖ «នេះជាភស្តុតាងបង្ហាញថាតុលាការមិនឯករាជ្យ និងជាកង្វល់របស់សង្គមស៊ីវិល»។
របាយការណ៍ចុងក្រោយរបស់អតីតអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi) មុននឹងបញ្ចប់ការងារនៅកម្ពុជា ក៏ធ្លាប់បានរិះគន់ថា តុលាការស្ថិតក្រោមឥទ្ធិពលនៃស្ថាប័ននីតិប្រតិបត្តិដដែរ តួយ៉ាងការដោះលែងតំណាងរាស្ត្របក្សសង្គ្រោះជាតិ៧រូប បន្ទាប់អ្នកនយោបាយចរចាត្រូវគ្នាភ្លាមៗមក៕
No comments:
Post a Comment