ប្រជាពលរដ្ឋស្រុកគីរីសាគរ និងស្រុកបុទុមសាគរ
លើកបដាតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង
ស្នើឲ្យដោះលែងយុវជនការពារបរិស្ថាន កាលពីព្រឹកថ្ងៃទី២០ ខែសីហា
ឆ្នាំ២០១៥។
Photo LICADHO
|
2015-08-31
សហគមន៍ដីធ្លីពីរាជធានីភ្នំពេញ បណ្ដាស្រុកមួយចំនួនពីខេត្តកោះកុង ប្រមាណ ៨០នាក់ បានហែក្បួនលើកបដាតវ៉ា ទាមទារឲ្យដោះលែងយុវជនជាសមាជិកចលនាមាតាធម្មជាតិចំនួន ៣នាក់ ដែលតុលាការចាប់ដាក់ពន្ធនាគារ។
កាលពីថ្ងៃទី១៧ ខែសីហា តុលាការបានចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៣នាក់ ដោយចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ ក្នុងគ្រាដែលពួកគេធ្វើសកម្មភាពប្រឆាំងការបូមខ្សាច់របស់ក្រុមហ៊ុន។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ថ្លែងនៅថ្ងៃទី ៣១ ខែសីហា ថា ពលរដ្ឋបាននាំគ្នាហែក្បួនលើកបដាពីរោងវេទិកាពួកគាត់ស្នាក់នៅ ឆ្ពោះទៅខ្លោងទ្វារសាលាដំបូង ទៅខាងមុខសាលាខេត្ត និងនៅតាមផ្លូវធំៗក្នុងក្រុងខេមរភូមិន្ទ ឲ្យដោះលែងសកម្មជនការពារបរិស្ថាន ៣នាក់ ឲ្យមានសេរីភាព និងទម្លាក់ចោលការចោទប្រកាន់អ្នកទាំងនោះ។ លោកថា ការតវ៉ារបស់សហគមន៍នេះ មិនមានការរារាំងពីអាជ្ញាធរនោះទេ៖ «យើងឃើញថារឿងនេះជារឿងមួយដែលតុលាការត្រូវតែពិចារណា ពិនិត្យទៅលើការអនុវត្តវិធានការច្បាប់របស់ខ្លួន បើតុលាការពិចារណាអីទៅ សកម្មភាពការងាររបស់សហគមន៍ក៏បានបញ្ចប់ ហើយអ្វីៗនឹងត្រូវបានដោះស្រាយ»។
សហគមន៍បានប្រកាន់ជំហរថា ពួកគាត់នឹងបន្តធ្វើយុទ្ធនាការតវ៉ាតទៅទៀត បើទោះជាពួកគេតវ៉ាប្រមាណ ៣សប្ដាហ៍មកហើយ តែគ្មានដំណោះស្រាយក្ដី។ សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៣នាក់មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ឹម សំណាង ត្រូវសមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួន ខណៈដែលពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ក្នុងភូមិធ្នង់ ឃុំកណ្ដោល និងនៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងនឹងការបូមខ្សាច់៕
No comments:
Post a Comment