2015-07-31 rfa
យុទ្ធនាការតវ៉ាប្រឆាំងច្បាប់អង្គការ សមាគម និងច្បាប់សហជីពនៅខាងមុខរដ្ឋសភា នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០១៥។
Photo: RFA
|
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញលិខិតចំហមួយថ្វាយព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣០ ខែកក្កដា។
លិខិតចំហដែលមានអង្គការ សមាគម មិនមែនរដ្ឋាភិបាលជិត ៣០ គាំទ្រផងនោះ បានរាជានុញ្ញាតពីព្រះមហាក្សត្រ ទ្រង់មេត្តាព្រះរាជតម្រិះទៅលើការឡាយព្រះហស្តលេខា និងមានព្រះរាជអន្តរាគមន៍ជាបន្ទាន់ចំពោះសេចក្ដីព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សេចក្ដីព្រាងច្បាប់នេះត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាដែលមានតំណាងរាស្ត្រតែបក្សម្ខាងលើកដៃអនុម័តកាលពីពេលថ្មីៗនេះ និងកំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ។
ការស្នើសុំព្រះអង្គមេត្តាព្រះរាជតម្រិះ គឺដើម្បីធានាជាផ្លូវការនូវសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្សដែលកម្ពុជា ជារដ្ឋភាគី។
លិខិតដដែលទូលទ្រង់ជ្រាបទៀតថា កន្លងមកនេះមានអង្គការសង្គមស៊ីវិលរាប់រយ និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកជំនាញការនៅអង្គការសហប្រជាជាតិផ្សេងៗ សហភាពអឺរ៉ុប និងតំណាងអង្គទូតជាច្រើននៅកម្ពុជា បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅលើច្បាប់នេះ ដោយសារតែច្បាប់នេះផ្ដល់អំណាចទូលាយទៅដល់រាជរដ្ឋាភិបាល និងអាចប៉ះពាល់ដល់អង្គការសង្គមស៊ីវិលក្នុងសកម្មភាពបំពេញកិច្ចរបស់ខ្លួនមិនបានត្រឹមត្រូវ៕
No comments:
Post a Comment