A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 29 August 2015

លោក សុខ ទូច ថា​ក្រុម​ស្រាវជ្រាវ​ផែនទី​នឹង​ចុះ​ពិនិត្យ​ដី​​ព្រំដែន​ជាក់ស្ដែង​នៅ​សប្ដាហ៍​ក្រោយ

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

ដោយ យាង សុជាមេត្តា
2015-08-29


ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម លោក​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ថា ក្រុម​ស្រាវជ្រាវ​របស់​លោក​នឹង​ចុះ​ពិនិត្យមើល​ការ​បោះ​បង្គោល​ខណ្ឌសីមា​លើ​ដី​ជាក់​ស្ដែង​នៅ​សប្ដាហ៍​ក្រោយ។ ការ​ប្រកាស​របស់​លោក សុខ ទូច បែប​នេះ គឺ​បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ​បាន​ផ្ទៀងផ្ទាត់​ផែនទី​ទទួល​បាន​ពី​ភាគី​នានា​រួច​ហើយ នឹង​ក្រោយ​ពី​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល និង​ផែនទី​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ។

​បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ផ្លូវការ​របស់​ខ្លួន​ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ផែនទី​ក្តី ប៉ុន្តែ​បញ្ហា​នេះ​នឹង​មិន​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ការ​ចុះ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​លើ​ដី​ជាក់ស្ដែង​របស់​ក្រុម​ស្រាវជ្រាវ​ផែនទី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា នោះ​ឡើយ។

ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម លោក​បណ្ឌិត សុខ ទូច ថ្លែង​ថា ក្រុម​លោក​នឹង​ចុះ​ពិនិត្យ​បង្គោល​លើ​ដី​ជាក់ស្ដែង​នៅ​សប្ដាហ៍​ក្រោយ គឺ​ក្រោយ​ពី​ក្រុម​ការងារ​លោក​បាន​សិក្សា​ទៅ​លើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្គោល​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-​វៀតណាម។ យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច មិន​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​ទី​កន្លែង ឬ​ឈ្មោះ​ខេត្ត​ដែល​ក្រុម​លោក​គ្រោង​ចុះ​សិក្សា​នោះ​ទេ ដោយ​លោក​ពន្យល់​ថា មិន​ចង់​ឲ្យ​មាន​ភាព​ឆោឡោ។

លោក​បណ្ឌិត សុខ ទូច អះអាង​ថា ក្នុង​ការ​សិក្សា​នេះ គឺ​មាន​តែ​ក្រុម​ការងារ​លោក​មួយ​ប៉ុណ្ណោះ គឺ​មិន​មាន​ការ​ចូល​រួម​ពី​ភាគី​ណា​ផ្សេង​ទៀត​នោះ​ទេ។ លោក​ថា នៅ​ក្រោយ​ការ​សិក្សា​ចប់​សព្វគ្រប់​ទាំង​ស្រុង​ហើយ ក្រុម​លោក​នឹង​យក​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​មក​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដឹង ហើយ​បើ​មាន​ភាគី​ណា​មួយ​មិន​អស់​ចិត្ត​ក្រុម​លោក​អាច​ជូន​ចុះ​ពិនិត្យ​ដល់​កន្លែង​ជាក់ស្ដែង​បាន។

​លោក​បណ្ឌិត សុខ ទូច៖ «ពេល​ណា​យើង​ធ្វើ​ហើយ យើង​ទទួល​បាន​លទ្ធផល យើង​នឹង​ប្រាប់​ទៅ​ដល់​មហាជន ហើយ​បើ​មហាជន​មិន​ជឿជាក់​យើង មក​សួរ​យើង ចុះ​ទៅ​ជាក់ស្ដែង។ បើ​សិក្សា អ្នក​ឯង​ចុះ​ទៅ​រញ៉េរញ៉ៃ វា​ធ្វើ​ឲ្យ​ពិបាក​ស្រាវជ្រាវ ការ​ស្រាវជ្រាវ​ត្រូវការ​ភាព​ស្ងប់ស្ងាត់ ការ​ពិនិត្យ​ពិច័យ​ច្បាស់លាស់​ណាស់ ពីព្រោះ​យើង​បាន​ដឹង​ហើយ​ថា ១​សង់ទីម៉ែត្រ​នៅ​លើ​ផែនទី ស្មើ ១​គីឡូម៉ែត្រ​នៅ​លើ​ផែន​ដី អ៊ីចឹង​យើង​អត់​ត្រូវការ​មនុស្ស​ច្រើន​ទេ»។

​លោក​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ លោក​នៅ​មិនទាន់​ទទួល​បាន​ផែនទី ២​ផ្ទាំង​បន្ថែម​ទៀត​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏ដោយ លោក​ថា ក្រុម​លោក​នៅ​តែ​ស្វាគមន៍​ការ​ផ្ដល់​ផែនទី​ពី​បក្ស​ប្រឆាំង​ដដែល ប៉ុន្តែ​បើ​ឲ្យ​ក្រុម​លោក​រង់ចាំ គឺ​មិន​រង់ចាំ​ឡើយ។ ចំណែក​ផែនទី​ដែល​ក្រុម​ស្រាវជ្រាវ​ស្នើ​សុំ​ពី​លោក អ៊ុំ សំអាន វិញ លោក​បណ្ឌិត សុខ ទូច ថ្លែង​ថា ក្រុម​លោក​ក៏​មិនទាន់​ទទួល​បាន​​នៅ​ឡើយ​ដែរ។

ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​ផែនទី​របស់​លោក អ៊ុំ សំអាន នៅ​សហរដ្ឋអាមេរិក បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា បាន​បង្ហាញ​វីដេអូ​ឃ្លិប លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី។ លោក កឹម សុខា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បញ្ជូន​លោក អ៊ុំ សំអាន ឲ្យ​ទៅ​ធ្វើ​បេសកកម្ម​អ្វី​មួយ​នៅ​សហរដ្ឋអាមេរិក នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច ថ្លែង​ថា ក្រុម​លោក​នៅ​តែ​ស្វាគមន៍​ការ​ផ្តល់​ផែនទី​ពី​លោក អ៊ុំ សំអាន ដដែល បើ​ទោះ​ជា​លោក អ៊ុំ សំអាន មិន​មែន​ទៅ​ក្នុង​នាម​ជា​តំណាង​ផ្លូវការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ដើម្បី​ស្នើសុំ​យោបល់​ជុំវិញ​ការ​ចុះ​ពិនិត្យ​របស់​ក្រោម​លោក សុខ ទូច បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា។

យ៉ាង​ណា​ក៏ដោយ លោក យឹម សុវណ្ណ ធ្លាប់​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ពេល​វេលា​ដើម្បី​សិក្សា​បន្ថែម​ទៀត ដោយសារ​តែ​រឿង​ផែនទី​ព្រំដែន​ជា​រឿង​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់។

លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា នៅ​ពេល​ចុះ​ពិនិត្យមើល​លើ​ដី​ជាក់ស្ដែង ក្រុម​លោក​នឹង​មិន​ខ្លាច​ធ្វើ​របាយការណ៍​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​នោះ​ឡើយ ប្រសិនបើ​ក្រុម​លោក​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​ពិត​ជា​បាន​ធ្វើ​ខុស​មែន​នោះ។

លោក សុខ ទូច រង​ការ​គំរាម​សម្លាប់

ទាក់ទង​នឹង​រឿង​ព្រំដែន​នេះ​ដែរ  លោក​បណ្ឌិត សុខ ទូច នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ម្នាក់ បង្ហោះ​រូប​កាំភ្លើង សរសេរ​គំរាម​សម្លាប់​លោក ដោយ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​កែប្រែ​ប្រវត្តិសាស្ត្រ លក់​ខួរក្បាល​ឲ្យ​វៀតណាម​ពី​រឿង​ស្រាវជ្រាវ​ផែនទី។


No comments: