A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 29 August 2015

នាយករដ្ឋមន្ត្រី​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ឆ្លើយ​បំភ្លឺ​នៅ​សភា​តាម​សំណើ​បក្ស​ប្រឆាំង

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ចុះ​ដោះស្រាយ​ដីធ្លី​ជាមួយ​ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ នា​វត្ត​សាមគ្គីរង្សី នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Ouk Savborey
 ដោយ ប្រាជ្ញ ចេវ
2015-08-29 rfa


ប្រមុខ​រដ្ឋាភិបាល​យល់​ព្រម​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចូល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​តាម​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ពី​ការងារ​របស់​ខ្លួន ទាក់ទង​លទ្ធផល​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី។ ការ​ឆ្លើយ​តប​នេះ ក្រោយ​ពេល​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ពាក្យ​បណ្ដឹង ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​តាម​រយៈ​ប្រធាន​រដ្ឋសភា ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម មក​ពន្យល់​បន្ថែម​ពី​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។

ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា ខាង​មុខ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម នឹង​ដឹកនាំ​ក្រុម​ការងារ​ប្រាប់​ផ្ទាល់​មាត់ និង​ផ្តល់​របាយការណ៍​ទៅ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា។ ទោះ​យ៉ាង​នេះ​ក្តី អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម ពុំ​សូវ​មាន​ជំនឿ​លើ​ជំនួប​នេះ​នោះ​ទេ ខណៈ​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង គ្មាន​សំឡេង​គ្រប់គ្រាន់​ដែល​អាច​ស្នើ​ឲ្យ​ដក​តំណែង​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​នោះ។

​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជៀម សុផលមករា បាន​ឲ្យ​ដឹង​ថា ការ​ចូល​បំភ្លឺ​នៅ​រដ្ឋ​សភា​ក្រៅ​ពី​រដ្ឋមន្ត្រី ក៏​មាន​មន្ត្រី​ជំនាញ​អម​ដំណើរ​នោះ​ដែរ។ អ្នក​នាំ​ពាក្យ​ដដែល​បន្ត​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ចាត់តាំង​ឲ្យ​ចូល​បំភ្លឺ រដ្ឋមន្ត្រី​ត្រូវ​តែ​ទៅ​បំភ្លឺ ហើយ​លោក​ថា ការ​បំភ្លឺ​នៅ​សភា គឺ​ជា​ទំនាក់ទំនង​​រវាង​ស្ថាប័ន​រដ្ឋ​សភា និង​រដ្ឋាភិបាល៖ «សម្រាប់​ខ្ញុំ​យល់​ថា នេះ​ជា​របៀប​របប​ការ​អនុវត្ត​ការងារ ដែល​ខាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ធ្វើ​ការងារ​ជាមួយ​គ្នា»។

​សំណើ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា និង​ព្រឹទ្ធសភា ដែល​ទទួល​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា គណៈកម្មការ​ទី​១​រដ្ឋសភា ចង់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ពន្យល់​ពី​ករណី​ទំនាស់​ដីធ្លី​ដែល​នៅ​តែ​កើត​មាន​នៅ​ក្នុង​ខេត្ត​ក្រចេះ ឧត្តរមានជ័យ ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។

​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង ប្រាប់​ថា គណៈកម្មការ​លោក​នឹង​សួរ​សំណួរ​ទាក់ទង​ការងារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ដែល​ផ្ដោត​សំខាន់​ការងារ​ដោះស្រាយ​ជម្លោះ​ដីធ្លី។ ក្រៅ​ពី​នេះ​លោ​ថា ក្រុម​ការងារ​លោក​មាន​ឯកសារ​មួយ​ចំនួន​ដែល​ជា​ញត្តិ​ពលរដ្ឋ របាយការណ៍​នៃ​ការ​ដោះស្រាយ​កន្លង​មក​របស់​រដ្ឋាភិបាល និង​នីតិវិធី​នៃ​ការ​ចេញ​ប្លង់ដី​កម្មសិទ្ធិ៖ «មុន​នឹង​យើង​អញ្ជើញ​គាត់ យើង​មាន​ឯកសារ​ផ្ទៃក្នុង ដែល​ទាមទារ​ឲ្យ​ការ​បំភ្លឺ​បញ្ជាក់​បន្ថែម។ ជា​រឿង​ធម្មតា​ទេ នៅ​ពេល​រដ្ឋ​សភា​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ សភា​ត្រូវ​បញ្ជូន​ទៅ​រដ្ឋាភិបាល និង​រដ្ឋ​សភា ត្រូវ​ដឹង​ដើម្បី​ប្រជាពលរដ្ឋ​ដឹង»។

​ទាក់ទង​រឿង​នេះ​ដែរ អ្នក​សិក្សាស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​គ្រាន់តែ​ល្អមើល ប៉ុន្តែ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ខ្វះ​ការ​តាម​ដាន​ពី​គណៈកម្មាធិការ​សភា ទៅ​លើ​ការងារ​មន្ត្រី​រដ្ឋាភិបាល។

លោក កែម ឡី បន្ថែម​ទៀត ការងារ​របស់​សភា​កំពុងតែ​ធ្វើ​ទៅ​ជា​គណបក្ស​ប្រឆាំង​តាមដាន​ការងារ​រដ្ឋាភិបាល មិន​មែន​ជា​សភា​ជា​អ្នក​តាមដាន​ការងារ​រដ្ឋាភិបាល​នោះ​ទេ៖ «របៀប​ធ្វើ​រាល់​ដង​ជា​របៀប​រវាង​ គណបក្ស​និង​គណបក្ស ដែល​ជា​គណបក្ស​មួយ​គ្មាន​សំឡេង​ដើម្បី​សម្រេច ហើយ​បើ​ទោះ​ជា​រក​ឃើញ​រដ្ឋាភិបាល​ធ្វើ​ខុស​ក៏ដោយ ក៏​គ្មាន​ឃើញ​មាន​យន្តការ​ដក​មន្ត្រី​ណា​ទេ»។

ទោះ​យ៉ាង​នេះ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង អះអាង​ថា ក្រោយ​ការ​កោះ​ហៅ​នេះ យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ប្រយ័ត្នប្រយែង​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ដែរ៕

No comments: