អត់លុយឱ្យថ្លៃមន្ទីរពេទ្យកាល់ម៉ែត្រ រត់ចេញមកដេកញាក់នៅតាមផ្លូវ
SR: ៣០ កក្កដា ២០១៥ / 30 July 2015សារព័ត៌មានកម្ពុជាថ្មី៖ អត់លុយឱ្យថ្លៃមន្ទីរពេទ្យកាល់ម៉ែត្រ រត់ចេញមកដេកញាក់នៅតាមផ្លូវភ្នំពេញ ៖ បុរសម្នាក់បានរត់ចេញពីមន្ទីរពេទ្យកាល់ម៉ែតទាំងមានជំងឺគ្រុនញាក់ធ្ងន់ធ្ងរ ហើយបានមកដេកនៅតាមដងផ្លូវ ដោយសារគ្មានលុយឱ្យថ្លៃពេទ្យ បន្ទាប់ពីមានជំងឺគ្រុនក្តៅញាក់ចូលព្យាបាលនៅមន្ទីររយៈពេល១យប់រួចមក។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតតាមបណ្ដោយផ្លូវកែវចិន្តា ត្រង់មុខផ្ទះលេខ១៣Gក្រុម៩ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
តាមការសាកសួររបស់ប្រជាជននៅម្តុំនោះបុរសខាងលើនិយាយថា គេឈ្មោះ ភោគ ផល្លីអាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្រុម១០ ភូមិកើតហេតុខាងលើ មានទីលំនៅភូមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគីរីវង្ស ខេត្តតាកែវ ដែលមានប្រពន្ធឈ្មោះ ទូច ចាន់ណា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ មានកូនប្រុស១ អាយុ១ខួបជាង។
ប្រភពបន្តថា កាលពីថ្ងៃទី២៩ ខែកក្កដា បុរសខាងលើមានអាការៈដូចជាជំងឺគ្រុនក្តៅស្រៀវស្រាញ ហើយត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ប្រភពបន្ថែមទៀតថា គ្រាដែលសម្រាកដាក់សេរ៉ូមបានមួយយប់ លុះព្រឹកឡើងអត់មានលុយឲ្យថ្លៃសេរ៉ូមពេទ្យ បុរសខាងលើបានលួចដោះសេរ៉ូមរត់មកផ្ទះជួលទាំងជំងឺមិនទាន់ជានៅឡើយ។
គ្រួសារបុរសខាងលើនិយាយថា គ្រាដែលប្រពន្ធបានមកពីស្រុកកំណើតមកមើលក៏បានបង្ខំប្តីឲ្យទៅពេទ្យវិញ តែប្តីនាងបានខឹង មិនព្រមទៅ ដោយនិយាយថា ចង់ទៅស្រុកកំណើតនៅឯខេត្តស្វាយរៀង ហើយក៏បានដើរចេញពីផ្ទះជួលដើម្បីរករថយន្តទៅស្រុកកំណើត។ ខណៈពេលដើរចេញពីផ្ទះជួលប្រហែលពី២០០ម៉ែត្របុរសខាងលើក៏ទៅលែងរួច ហើយចូលដេកក្រោមដើមឈើញាក់ទទ្រើកតែម្ដង។
បន្ទាប់ពីឃើញសភាពជំងឺបុរសរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រួសារក៏ប្រញាប់ប្រញាល់ហៅរថយន្តមន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅដើម្បីសង្គ្រោះបន្ទាន់វិញ៕
ដកស្រង់ចេញពីប្រភព៖ http://kampucheathmey.com/kpt/?p=47652
No comments:
Post a Comment