A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 6 June 2015

កម្ពុជា និង​គោលនយោបាយ​ចិន​តែ​មួយៈ​ផលចំណេញ និង​ការ​ខាតបង់


Wed, 3 June 2015 ppp

រថយន្ត​យោធា​ទាំងនេះ ជា​ជំនួយ​របស់​​ចិន​ផ្ដល់​ឲ្យ​កម្ពុជា​ នា​ពេល​កន្លងមក​។ ហេង ជីវ័ន

ផ្តើម​ចេញ​ពី​ភាព​ខ្លាំងក្លា​របស់​ខ្លួន​លើ​គ្រប់​វិស័យ ជា​ហេតុ​ធ្វើឲ្យ​ចិន​ព្យាយាម​រក្សា​ឥទ្ធិពល ក៏​ដូចជា អំណាច​របស់​ខ្លួន តាមរយៈ​ការ​អនុវត្ត​នយោបាយ​ការទូត​របស់​ខ្លួន។ «នយោបាយ​ចិន​តែ​មួយ» ជា​គោលនយោបាយ​ការបរទេស​របស់​ចិន ដែល​អនុញ្ញាត​ឲ្យ​​ខ្លួន​ឈរ​ជើង​លើ​ពិភពលោក នា​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម​នេះ។

ដូច្នេះ​អ្វី​ទៅ​គឺជា​នយោបាយ​ចិន​តែ​មួយ? នយោបាយ​ចិន​តែ​មួយ គឺជា​នយោបាយ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៧២ នាទី​ក្រុង​ស៊ាងហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្រប​ពេល​ដែល​មាន តំបន់​ពីរ គឺ​ចិន​ដីគោក​ និង​ចិន​តៃវ៉ាន់ កំពុង​អះអាង​ថា ខ្លួន​ជា​តំណាង​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ចិន។ ក្នុង​គោល​នយោបាយ​នោះ​ក៏​បាន​បញ្ជាក់​ថា ប្រទេស​ទាំងឡាយ​ដែល​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​តែ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ចិន (Taiwan)។

ដោយសារ​តែ​នយោបាយ​នេះ​ត្រូវ​បាន​បង្កើត​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ដូច្នេះ​វា​ហាក់បី​ដូចជា​ពិបាក​ឲ្យ​ចិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​មួយ​នេះ តែ​ក្រោយពី​សង្គ្រាម​ត្រជាក់​ត្រូវ​បាន​បញ្ចប់ សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កំណើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល នេះ​ក៏​ដោយសារ​តែ​ការ​ដាក់​ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច​ថ្មី​របស់​ តេង ស៊ីវពីង ដែល​អនុញ្ញាត​ឲ្យ​ចិន​ធ្វើការ​អភិវឌ្ឍ​លឿន​បែប​នេះ។



ចេញ​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​ខ្លួន ជា​ហេតុ​ធ្វើឲ្យ​ចិន​យក​នយោបាយ​ខាង​លើ​មក​អនុវត្ត​ជាថ្មី​ម្តង​ទៀត។ លទ្ធផល​គឺ​ចិន​ទទួល​បាន​ជោគជ័យ​ជា​ទី​មោទនៈ មាន​អ្នក​មួយ​ចំនួន​សួរ​ថា កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ចិន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​មួយ​នេះ? សព្វ​ថ្ងៃ​នេះ ចិន​កំពុង​ប្រើប្រាស់​សេដ្ឋកិច្ច​របស់​ខ្លួន ជា​នុយ សម្រាប់​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​យល់​ព្រម​ដើរ​តាម​នយោបាយ​របស់​ខ្លួន​ក្នុង​នោះ​ក៏​មាន​កម្ពុជា។

ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ចិន​ និង​កម្ពុជា អាច​និយាយ​បាន​ល្អ ជាពិសេស​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ យើង​សង្កេត​ឃើញ ការ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ពី​សំណាក់​វិនិយោគទុន​ចិន មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។

គួរ​បញ្ជាក់​ផង​ដែរ​ថា កំណើន​នៃ​អ្នក​វិនិយោគទុន​ចិន​មក​កម្ពុជា​ពុំ​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ កំណើន​ទាំងអស់​នោះ​បាន​ និង​កំពុង​កើន​ឡើង ស្រប​ពេល​ដែល​អំណាច​នយោបាយ យោធា ជាពិសេស​សេដ្ឋកិច្ច​របស់​ចិន​បាន​រីក​សុសសាយ​ក្នុង​តំបន់​ក៏​ដូចជា​សកលលោក។

តាមរយៈ​ការ​អនុវត្ត​នយោបាយ​ចិន​តែ​មួយ ចិន​ចង់​ផ្ញើសារ​ដល់​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក​ថា ក្រៅពី​អាមេរិក​ក៏​មាន​ចិន​ដែរ ដែល​ជា​ប្រទេស​ខ្លាំង ហើយ​សហរដ្ឋអាមេរិក​ និង​ពិភពលោក ត្រូវ​តែ​គោរព​ភាព​ខ្លាំងក្លា​មួយ​នេះ។

មាន​រឿង​មួយ​ដែល​យើង​មិន​អាច​បដិសេធ​បាន​ថា ការ​ទទួល​ស្គាល់​នយោបាយ​ចិន​តែ​មួយ​របស់​កម្ពុជា បាន​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​ឆ្នាំ ២០១៤។

នេះ​ក៏​បញ្ជាក់​ឲ្យ​ពិភពលោក​ឃើញ​ផង​ដែរ​ថា ប្រទេស​ណា​ក៏ដោយ​ឲ្យ​តែ​ដើរ​តាម​ចិន នឹង​មាន​កំណើន​សេដ្ឋកិច្ច​កើន​លឿន​ដូច​កម្ពុជា។

ការ​ជួយ​របស់​ចិន​នៅ​កម្ពុជា ត្រូវ​បាន​ធ្វើ​ក្រោម​រូបភាព​ជា​ជំនួយ​ឥត​សំណង កម្ចី​ការ​ប្រាក់​ទាប ក៏​ដូចជា​ការ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​វិនិយោគ​ទុន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ជាដើម។

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​ជួយ​កម្ពុជា​ឲ្យ​មាន​ស្មើ​មុខ​ស្មើ​មាត់​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​នៅក្នុង​ឥណ្ឌូ​ចិន ក៏ដូចជា​អាស៊ាន។

វត្តមាន​ចិន​នៅ​កម្ពុជា ក៏​បាន​រុញច្រាន​ឥទ្ធិពល​របស់​វៀតណាម​ដែល​ធ្លាប់​មាន​នៅលើ​កម្ពុជា​កាលពី​មុន​នោះ ឲ្យ​ចេញ​ផុត​ឆ្ងាយ​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ​។

ការ​ពង្រីក​ឥទ្ឋិពល​ចិន​នៅ​កម្ពុជា ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​តូច​មួយ​នេះ​រួច​ផុត​ពី​ការ​គំរាមកំហែង​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​ផ្នែក​យោធា​ពី​ប្រទេស​ជិត​ខាង។

ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​តែ​ឡើង​ខ្ពស់​បែប​នេះ​មាន​រឿង​មួយ​ចំនួន​ដែល​កម្ពុជា​ត្រូវតែ​ទទួល​ស្គាល់​ថា ទន្ទឹម​នឹង​​ប្រយោជន៍​ដែល​ខ្លួន​បាន​មកពី​ការ​ទទួល​ស្គាល់​នយោបាយ​ចិន​តែ​មួយ ខ្លួន​ក៏​ត្រូវ​នឹង​ពើប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ទាំង​ក្នុង​ស្រុក​ក៏​ដូចជា​លើ​ឆាក​អន្តរជាតិ។

ជំនួយ​របស់​ចិន​នៅ​កម្ពុជា បាន​កើនឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជំនួយ​ទាំងអស់​នោះ គឺជា​ប្រភេទ​ជំនួយ​គ្មាន​លក្ខខណ្ឌ (No strings attached aid) ព្រម​ជាមួយ​គ្នា​នោះ​ដែរ វា​ពុំ​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​តាម​ដាន​ និង​អង្កេត​ពី​សំណាក់​រដ្ឋាភិបាល​ចិន ដែល​ជា​ហេតុ​ធ្វើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ជំនួយ​ទាំងអស់​មិនមាន​ប្រសិទ្ឋភាព មិន​តែ​ប៉ុណ្ណោះ ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​ពុំ​បាន​ផ្តោត​លើ​ការ​ថែទាំ​សុខភាព ឬ​ក៏​លើក​តម្កើង​ប្រជាធិបតេយ្យ​នោះ​ទេ។

ដោយសារ​អ៊ីចឹង​ហើយ បានជា​ខ្ញុំ​និយាយ​ថា ជំនួយ​របស់​ចិន​មិន​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៅ​កម្ពុជា​ឡើយ។ ប្រជាជាតិ​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ដែល​ជា​ហេតុ​ធ្វើឲ្យ​លំហូរ​នៃ​ជន​អន្តោប្រវេសន៍​ចិន​មក​កម្ពុជា​កើនឡើង​យ៉ាង​គំហុក។ ពួកគេ​មក​កម្ពុជា ដោយ​នាំ​មក​នូវ​ចរិត​ក្រអឺតក្រទម មិន​គោរព​ច្បាប់​ទម្លាប់​កម្ពុជា ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​នៅ​បន្ត​ធ្វើ​ដោយ​ពុំ​មាន​ការ​អើពើ​ណា​មួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។

បរាជ័យ​ក្នុង​ការ​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នា​កិច្ចប្រជុំ​អាស៊ាន ២០១២ បាន​ធ្វើឲ្យ​ពិភពលោក​ក៏​ដូចជា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​មិន​ពេញ​ចិត្ត​ក៏​ដូចជា​សោកស្តាយ​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ធ្វើ។ នេះ​បង្ហាញ​នូវ​កម្សោយ​ផ្នែក​ការទូត​របស់​កម្ពុជា ដែល​ត្រូវ​រណប​ប្រទេស​មហា​អំណាច ហើយ​ការ​រណប​នេះ​បាន​ធ្វើឲ្យ​គេ​វាយតម្លៃ​កម្ពុជា នៅក្នុង​ផ្លូវ​មួយ​ផ្សេង​ទៀត។

ការ​អនុវត្ត​គោលនយោបាយ​ចិន​តែ​មួយ​នៅ​កម្ពុជា បាន​រុញ​ច្រាន​អាស៊ាន​ទាំង​មូល​បែកបាក់​សាមគ្គី​ផ្ទៃ​ក្នុង​ក៏​ដូចជា​ធ្វើឲ្យ​អាស៊ាន​ទាំង​មូល​ត្រូវ​ប្រកាន់​បក្ខពួក ហើយ​នយោបាយ​ចិន​តែ​មួយ​ក៏​បាន​ធ្វើឲ្យ​ពិភពលោក​មើល​មក​កម្ពុជា​ក្នុង​ន័យ​អាក្រក់​ ឬ​ក៏​ជា​កូន​អុក​របស់​ចិន​ក្នុង​ការ​រក្សា​លំនឹង​របស់​ខ្លួន​នៅ​អាស៊ាន។

ការ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ត្រជាក់។ កម្ពុជា​ខ្លួនឯង​ត្រូវ​ដឹង​ថា នៅក្នុង​បរិបទ​នៃ​សកល​ភាវូបនីយកម្ម​នេះ តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៅវិញ​ទៅមក ហើយ​ការ​ពឹង​ផ្អែក​លើ​បណ្តា​មហាអំណាច​លើ​ពិភពលោក​ក៏​មិន​ត្រូវ​មើល​រំលង​ដែរ។

កម្ពុជា​គួរ​ព្យាយាម​រក្សា​តុល្យភាព​អំណាច​របស់​ចិន​ហើយ​ក៏​ត្រូវ​បង្កើន​ឲ្យ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក ព្រោះ​សហរដ្ឋអាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា។ វិស័យ​កាត់ដេរ​នៅ​កម្ពុជា មាន​សន្ទុះ​ខ្លាំង​ក៏​ដោយសារ​តែ​សហរដ្ឋអាមេរិក​បង្កើន​កូតា​នាំ​ចេញ​ពី​កម្ពុជា​ដោយ​ក្នុង​នោះ​សម្លៀកបំពាក់​កម្ពុជា​ ៧០ ​ភាគរយ​ត្រូវ​បាន​នាំ​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក។

សរុប​សេចក្តី​មក លទ្ធផល​នៃ​ការ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ គឺ​ចំណេញ​តិច​ជាង​ខាត ពីព្រោះ វា​ជា​ការ​ធ្វើឲ្យ​នយោបាយ​ការទូត​ផ្កាប់មុខ​លើ​ប្រទេស​មួយ ដោយ​ពុំ​បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​សកលលោក។ ហាក់​បី​ដូចជា​រស់​ដោយ​ពឹង​ផ្អែក​គេ​ខ្លាំងពេក យើង​រស់នៅ​សម័យ​សកលភាវូបនីយកម្ម ហើយ​ការ​បង្កើត​មិត្តភក្តិ​បរទេស​ច្រើន​ជា​រឿង​ល្អ ព្រោះ​វា​បង្កើន​ឲ្យ​មាន​ឱកាស​ពាណិជ្ជកម្ម​ច្រើន។ វា​ជា​រឿង​សំខាន់​ណាស់​ដែល​កម្ពុជា​ត្រូវ​លើក​តម្លៃ​របស់​ខ្លួន​ឲ្យ​បាន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​មហាអំណាច​វាយតម្លៃ​ថា ឲ្យ​តែ​មាន​លុយ គឺ​មាន​កម្ពុជា​ក្នុង​ដៃ។

កម្ពុជា ត្រូវ​ព្យាយាម​ឈរ​ដោយ​ខ្លួនឯង ជា​ជាង​ពឹង​លើ​ការ​ជួយ​ទាំង​ស្រុង​ពី​សំណាក់​មហាអំណាច ដែល​ការ​ជួយ​ទាំង​នោះ​ពុំ​មែន​ជា​ការ​ជួយ​ដោយ​ស្មោះសរ​ឡើយ។ រាជរដ្ឋាភិបាល​កម្ពុជា គួរ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ជាពិសេស​បញ្ហា​ពុករលួយ ការ​គោរព​សិទ្ធិ​មនុស្ស ការ​គោរព​ច្បាប់ ក៏​ដូចជា​ការ​ការពារ​បរិស្ថាន​ដែល​មាន​ស្រាប់ ដើម្បី​ធ្វើឲ្យ​អ្នក​វិនិយោគទុន​បរទេស​គេ​ទុក​ចិត្ត ហើយ​បោះទុន​វិនិយោគ​នៅ​កម្ពុជា៕

ជូ វិធុរ័ក្ស​បណ្ឌិត
អ៊ីមែលៈ borndidh@yahoo.com

No comments: