2015-06-03
ក្រុមនិស្សិតនាំគ្នាលាតសន្ធឹងទង់ខ្មែរកម្ពុជាក្រោម នាបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី១ មិថុនា ឆ្នាំ២០១៤។
RFA/Hang Savyouth
|
ក្នុងពេលដែលអង្គការ-សមាគមខ្មែរកម្ពុជាក្រោម កំពុងត្រៀមលក្ខណៈធ្វើពិធីបុណ្យរំឭកខួប ៦៦ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា ពលរដ្ឋខ្មែរក្រោម និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា យកថ្ងៃទី៤ មិថុនា ដែលជាថ្ងៃបារាំង បានកាត់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាម គ្រប់គ្រងនោះ ធ្វើជាទិវាជាតិមួយដើម្បីឲ្យខ្មែរទាំងអស់គ្នាចូលរួមចងចាំ។
ពលរដ្ឋខ្មែរក្រោមមួយចំនួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងពិធីខួបរំឭកបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា ខណៈដែលមានពលរដ្ឋខ្មែរក្រោមខ្លះទៀតមិនដែលដឹងទាល់តែសោះ ថាមានការប្រារព្ធពិធីនេះនៅកម្ពុជា។
ពលរដ្ឋខ្មែរក្រោមម្នាក់មកពីខេត្តព្រះត្រពាំង ឈ្មោះ ថាច់ ខ្វែ។ លោកមានប្រសាសន៍នៅថ្ងៃទី២ មិថុនា ថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងពិធីរំឭកខួបបាត់បង់ទឹកដីក្នុងឆ្នាំនេះ។ លោក ថាច់ ខ្វែ ដែលបានឡើងមកប្រទេសកម្ពុជា ប្រហែល ២០ឆ្នាំមកហើយនោះ ឲ្យដឹងថា ជាទូទៅលោកពុំសូវបានខកខានឡើយ។ លោកថា រាល់ឆ្នាំឲ្យតែជិតចូលដល់ខែមិថុនា លោកតែងស្តាប់ព័ត៌មាន ដើម្បីឲ្យដឹងពីទីកន្លែងគេប្រារព្ធពិធី។
បុរសខ្មែរក្រោមវ័យ ៤២ឆ្នាំ និងមានមុខរបរជាអ្នកលក់បបររូបនេះបញ្ជាក់ថា ក្នុងនាមជាខ្មែរក្រោមម្នាក់ ការចូលរួមក្នុងពិធីរំឭកខួបបាត់បង់ទឹកដីខ្លួនឯង គឺជារឿងសំខាន់។ លោកថា ការចូលរួមរបស់លោក គឺជាការរួមចំណែកធ្វើឲ្យពិភពលោកបានដឹងពីបញ្ហាផ្សេងៗ ដែលខ្មែរកម្ពុជាក្រោមកំពុងជួបប្រទះ ព្រោះលោកយល់ថា ខ្មែរក្រោមមិនមែនត្រឹមតែបាត់បង់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាត់បង់សិទ្ធិសេរីភាព និងការប្រឈមមុខនឹងទុក្ខសោកនានា។
លោក ថាច់ ខ្វែ ក៏សម្ដែងការខកចិត្តចំពោះអាជ្ញាធរខ្មែរ ដែលមិនអនុញ្ញាតឲ្យខ្មែរក្រោមប្រារព្ធពិធីនេះនៅទីសាធារណៈធំៗ ដូចនៅទីលានប្រជាធិបតេយ្យ។ លោកមានជំនឿថា បើកម្មវិធីនេះប្រារព្ធនៅទីកន្លែងសាធារណៈធំៗ នោះពលរដ្ឋនឹងចូលរួមបានច្រើន ពេលនោះមនុស្សម្នានឹងចាប់អារម្មណ៍ពីបញ្ហាខ្មែរក្រោមកាន់តែច្រើនឡើង៖ «មានអារម្មណ៍តូចចិត្តដែរ គ្រាន់តែបុណ្យរំឭកទឹកដីប៉ុណ្ណឹង គាត់មិនឲ្យធ្វើ យើងសោកស្ដាយចង់ឲ្យនៅតាមទីសាធារណៈទៅ បងប្អូនខ្មែរកណ្ដាលគាត់ដឹងឮ ហើយគាត់បានចូលរួមដែរ គាត់បានចូលរួមជាបច្ច័យខ្លះៗបើគាត់អ្នកធូរធារ ហើយបើទៅកន្លែងស្ងាត់ គាត់អត់សូវដឹងពីរឿងហ្នឹង»។
យ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ទាំងអស់ មិនមែនសុទ្ធតែដឹងពីការប្រារព្ធពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម នេះឡើយ។
ស្ត្រីខ្មែរក្រោមម្នាក់មកពីខេត្តឃ្លាំង សព្វថ្ងៃមានមុខរបរជាអ្នកលក់សាច់គោអាំង ស្លាបមាន់ ជង្គង់មាន់ និងពងមាន់អាំង គឺលោកស្រី ថៃ សុភា។ លោកស្រីឲ្យដឹងថា បើទោះជាលោកស្រីបានឡើងមកប្រទេសកម្ពុជា ជាង ២០ឆ្នាំមកហើយក្តី ប៉ុន្តែលោកស្រីមិនដែលដឹងទាល់តែសោះថា មានការប្រារព្ធពិធីរំឭកខួបបាត់បង់ទឹកដីនៅរៀងរាល់ថ្ងៃទី៤ មិថុនា។ ស្ត្រីមានវ័យ ៥២ឆ្នាំរូបនេះមានប្រសាសន៍ថា ក្រៅពីប្រកបរបរលក់ដូរប្រចាំថ្ងៃ លោកស្រីពុំសូវបានដើរទៅណានោះទេ។ ដូច្នេះ លោកស្រីពុំសូវដឹងរឿងរ៉ាវច្រើននោះឡើយ។
យ៉ាងណាក៏ដោយ ស្ត្រីមានមាឌតូចល្មមសម្បុរសរូបនេះបញ្ជាក់ថា បើនិយាយពីថ្ងៃ ៧មករា វិញ គឺលោកស្រីដឹង ព្រោះថាវាជាថ្ងៃដែលកូនរបស់លោកស្រីឈប់សម្រាកពីការសិក្សា ហើយក៏ឮគេនិយាយថា វាគឺជាថ្ងៃដែលវៀតណាម ចូលរំដោះកម្ពុជា ជាដើម។ ដោយសារកត្តានេះហើយ លោកស្រីថា ប្រសិនបើគេយកថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ដែលលោកស្រីមិនធ្លាប់ដឹងពីមុនមកនោះ ធ្វើជាថ្ងៃចងចាំសម្រាប់ប្រទេសទាំងមូល នោះប្រហែលអាចធ្វើឲ្យអ្នកមិនធ្លាប់ដឹងពីមុនមកដូចលោកស្រី បានដឹងពីថ្ងៃមួយនេះ។ មួយវិញទៀត លោកស្រីថា វាក៏អាចជួយធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ដែលធ្លាប់ច្រឡំថាខ្មែរក្រោមជាជនជាតិវៀតណាម នោះ ក៏បានស្គាល់ពីខ្មែរក្រោមរឹតតែច្បាស់ផងដែរ៖ «និយាយទៅគេស្គាល់ខ្មែរក្រោមតែមួយចំណែកណាមួយប៉ុណ្ណោះ មានខ្មែរខ្លះនៅវាយតម្លៃខ្មែរក្រោម មើលងាយថាខ្មែរក្រោមជាយួន ខឹងនៅពេលដែលគេមើលងាយ តែបានត្រឹមតែខឹង ទោះបីប្រាប់គេ គេនៅតែថាខ្មែរក្រោមហើយយួន គឺដូចគ្នា»។
ទាក់ទងនឹងការរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ឃើញថា អ្នកនយោបាយខ្មែរមិនត្រូវភ្លេចប្រវត្តិសាស្ត្ររបស់ជាតិនោះឡើយ ហើយត្រូវធ្វើការរំឭកវាឡើងវិញ។ លោកមានប្រសាសន៍ថា ដើម្បីឲ្យពលរដ្ឋខ្មែរទូទៅបានដឹងពីថ្ងៃបាត់បង់ទឹកដី រដ្ឋាភិបាលកម្ពុជា គួរយកថ្ងៃទី៤ មិថុនា ធ្វើជាទិវាជាតិមួយឲ្យខ្មែរចងចាំ ហើយមិនត្រូវគិតថា ការបាត់បង់ទឹកដីកម្ពុជាក្រោម គឺជាការបាត់បង់សម្រាប់តែខ្មែរក្រោមនោះឡើយ៖ «យើងរំឭកហើយយើងធ្វើបុណ្យរួមគ្នា តាមពិតវាមិនត្រូវតែពីរឿងខ្មែរក្រោមនោះទេ វាគឺជារឿងជាតិដែលត្រូវកំណត់ដោយកម្មវិធីរបស់ជាតិ ហើយយើងចូលរួមទាំងអស់គ្នា យើងអត់បានចង់ឲ្យមានការរំឭកនៃការឈឺចាប់នេះ ដើម្បីឲ្យមានទំនាស់ជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែវាគ្រាន់តែមេរៀនមួយដើម្បីធ្វើឲ្យអ្នកដឹកនាំយើងរំឭកខ្លួនយើង អំពីការទទួលខុសត្រូវចំពោះវាសនាជាតិ ធានាឲ្យបានឯកភាពជាតិ ហើយពលរដ្ឋយើងក៏ដូចគ្នាដែរ ត្រូវចូលរួមការពារជាតិយើង»។
ចំពោះការមិនអនុញ្ញាតរបស់អាជ្ញាធរខ្មែរ មិនឲ្យអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីនៅទីលានប្រជាធិបតេយ្យវិញ ត្រូវបាន លោក សុន ឆ័យ កត់សម្គាល់ថា វាគឺជាជំហររបស់អាជ្ញាធរខ្មែរដែលប្រកាន់ខ្ជាប់តាំងពីឆ្នាំ១៩៧៩ មក ដើម្បីកុំឲ្យចំណងមិត្តភាពពិសេសរវាងបក្សកាន់អំណាចនៅកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម ប្រេះស្រាំ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា កាលពីពេលថ្មីៗនេះ ក៏បានលើកឡើងថា អាជ្ញាធរខ្មែរហាក់បង្ហាញថា ខ្លួននៅមានសម្ពាធពីរដ្ឋាភិបាលវៀតណាម នៅឡើយជុំវិញរឿងរ៉ាវបាត់បង់ទឹកដីកម្ពុជាក្រោម នេះ។
កន្លងមក គេសង្កេតឃើញថា ក្រៅពីអង្គការ-សមាគមខ្មែរកម្ពុជាក្រោម តំណាងរាស្ត្របក្សប្រឆាំង ពលរដ្ឋ និងយុវជនខ្មែរមួយចំនួនដែលចាប់អារម្មណ៍ពីខ្មែរក្រោម តំណាងរាស្ត្របក្សកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល ពុំដែលចូលរួមជាផ្លូវការក្នុងពិធីខួបរំឭកបាត់បង់ទឹកដីកម្ពុជាក្រោមឡើយ បើទោះជាមានការអញ្ជើញឲ្យចូលរួមក៏ដោយចុះ។
ជុំវិញការលើកឡើងរបស់ លោក សុន ឆ័យ ដែលចង់បានថ្ងៃទី៤ មិថុនា ជាទិវាជាតិ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បញ្ហានេះគណបក្សប្រឆាំងដែលជាគណបក្សភាគតិចនៅក្នុងរដ្ឋសភា មានសិទ្ធិលើករឿងនេះឡើងនៅក្នុងរដ្ឋសភា ដើម្បីធ្វើការសម្រេច ហើយបង្កើតជាគោលការណ៍ដើម្បីឲ្យរដ្ឋាភិបាលអនុវត្តតាម។ លោកថា វាស៊ីសងលើបក្សប្រឆាំងថាហ៊ានលើកយករឿងនេះនៅក្នុងសភា ឬយ៉ាងណា? ចំណែករដ្ឋាភិបាលវិញ គ្រាន់តែជាអ្នកប្រតិបត្តិប៉ុណ្ណោះ។
នៅពេលសួរថា តើមន្ត្រីរដ្ឋាភិបាលនឹងចូលរួមប្រារព្ធថ្ងៃបាត់បង់ទឹកដីជាមួយខ្មែរក្រោមឬទេក្នុងឆ្នាំនេះ? លោក ផៃ ស៊ីផាន ឆ្លើយតបថា ពិធីនេះមិនទាន់ក្លាយជាពិធីរបស់ជាតិនៅឡើយទេ ដូច្នេះលោកថា វាជាការស្ម័គ្រចិត្តរបស់បុគ្គលម្នាក់ៗថាចូលរួម ឬក៏អត់នោះ។
លោក ផៃ ស៊ីផាន ក៏បានច្រានចោលនូវការលើកឡើងថា រដ្ឋាភិបាលកម្ពុជា រងសម្ពាធ ឬខ្លបខ្លាចរដ្ឋាភិបាលវៀតណាម៖ «គាត់មានសិទ្ធិងឿងឆ្ងល់ ប៉ុន្តែវាជាការវាយប្រហារ ជាការប្រមាថមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ មិនមែនជាការពិចារណាហេតុផលនោះទេ បើលោកចង់ដឹងតាមរដ្ឋធម្មនុញ្ញ លោកអាចប្ដឹងជាជាងការនិយាយនៅតាមទីសាធារណៈ ដែលអត់មានខ្លឹមសារ ឬប្រយោជន៍អ្វី និងគ្មានការទទួលខុសត្រូវនោះឯង»។
លោក សុន ឆ័យ មានប្រសាសន៍ថា តាមរយៈការអនុវត្តវប្បធម៌សន្ទនា លោកនឹងលើកឡើងរឿងកំណត់យកថ្ងៃទី៤ មិថុនា ជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យលោកយកទៅជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែកអ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា ការដាក់បញ្ចូល ឬមិនដាក់បញ្ចូលថ្ងៃទី៤ មិថុនា ជាថ្ងៃឈប់សម្រាក វាមិនសំខាន់នោះទេ។ លោកថា អ្វីដែលសំខាន់នោះ គឺរដ្ឋាភិបាលត្រូវតែបើកចំហសិទ្ធិសេរីភាពឲ្យពលរដ្ឋខ្មែរទាំងអស់គ្នា មិនថាខ្មែរក្រោម ខ្មែរកណ្ដាល ឬខ្មែរណាឡើយ បានប្រារព្ធពិធីរំឭកនេះឲ្យបានទូលំទូលាយគ្រប់ទីកន្លែង។ ចំពោះការមិនអនុញ្ញាតឲ្យខ្មែរក្រោម ប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យវិញ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា វាជាការបង្ហាញនូវភាពចង្អៀតចង្អល់របស់រដ្ឋាភិបាល៖ «យើងសង្កេតឃើញថា វាហាក់បីដូចជាការទាមទារ ឬក៏ការរំឭកខួបនៃការបាត់បង់ទឹកដីនេះ ជារបស់អ្នកណាម្នាក់ ដោយកន្លែងនេះយើងត្រូវផ្ដោតថា ទឹកដីទាំងឡាយ គឺជារបស់ប្រជាពលរដ្ឋទាំងអស់គ្នា មិនមែនជារបស់អ្នកណាម្នាក់ទេ កាលណាបិទបាំងរឿងបញ្ហាទឹកដី គឺអនាគតបញ្ហាព្រំដែន បញ្ហាទឹកដីវានៅជាបញ្ហាប្រឈម»។
នៅឆ្នាំនេះ ពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម នឹងធ្វើឡើងនៅវត្តពោធិ៍យារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទាក់ទងនឹងបញ្ហាខ្មែរក្រោមនេះដែរ តំណាងយុវជនខ្មែរក្រោមមកពីអង្គការ-សមាគមខ្មែរកម្ពុជាក្រោមនានា នៅថ្ងៃទី៣ មិថុនា បានដាក់លិខិតដាច់ដោយឡែកពីគ្នាទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដើម្បីឲ្យថ្នាក់ដឹកនាំគណបក្សទាំងពីរ លើកយកបញ្ហាខ្មែរក្រោមមកពិភាក្សា និងជួយដោះស្រាយបញ្ហាដែលខ្មែរក្រោមកំពុងជួបប្រទះទាំងនៅក្នុងប្រទេសកម្ពុជា និងនៅឯដែនដីកម្ពុជាក្រោម ជាពិសេស គឺបញ្ហារំលោភសិទ្ធិមនុស្សទៅលើពលរដ្ឋខ្មែរក្រោម៕
No comments:
Post a Comment