ផាក់ ស៊ាងលី
ឈើដែលគេកាប់ក្នុងព្រៃសហគមន៍ ហើយដឹកចូលក្នុងសិប្បកម្មកែច្នៃឈើខុសច្បាប់។ រូបថត សហការី |
ស្ទឹងត្រែងៈ ជនជាតិដើមភាគតិចព្នងចំនួន ៥៧ គ្រួសារ នៅក្នុងឃុំក្បាលរមាសស្រុកសេសានបានដាក់ពាក្យបណ្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុកខេត្ត ដើម្បីសុំអន្តរាគមន៍បិទសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន ៣ កន្លែង ដែលកំពុងទិញឈើខុសច្បាប់ និងបានគំរាមបាញ់សម្លាប់ប្រជាសហគមន៍។
ព្រៃសហគមន៍របស់ជនជាតិដើមភាគតិចព្នងទំហំ ៥៥៥ ហិកតាស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាសស្រុកសេសានកំពុងទទួលរងការកាប់បំផ្លាញពីសំណាក់កម្មករប្រមាណជា ៣០ នាក់ចាប់តាំងពីឆ្នាំ ២០១៣ មក បើទោះបីជាសហគមន៍ចំនួន ៥៧ គ្រួសារខំព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ។ ដោយអស់លទ្ធភាពប្រជាសហគមន៍ចំនួន ៣២ នាក់តំណាងឲ្យ ៥៧ គ្រួសារបាននាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីអង្គការអាដហុកខេត្តកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើយោងតាមលោក គឹម ឌឿង អាយុ ៥៦ ឆ្នាំជាតំណាងសហគមន៍។
លោក ឌឿង បានអះអាងថា៖ «យើងសុំដកសិប្បកម្មហ្នឹងចេញ ព្រោះធ្វើ ២ ឆ្នាំហើយ ដែលវាបង្កភាពអាណាធិបតេយ្យកាប់បំផ្លាញព្រៃឈើពេញទំហឹងតែម្តង។ គេទិញឈើពីអ្នកកាប់ឈើខុសច្បាប់»។
លោកបានបន្តថា សហគមន៍លោកបានជំទាស់ទៅនឹងការចូលកាប់ឈើខុសច្បាប់នោះ ដែលធ្វើឲ្យអ្នកពូកែកាប់ឈើលក់ឲ្យសិប្បកម្មនោះម្នាក់ឈ្មោះសៀង ឃេនខឹង ហើយគំរាម និងប្រមាថបាញ់សម្លាប់ប្រជាសហគមន៍ចោលទៀត។
លោកបានថ្លែងថា ប្រភេទឈើល្អៗ ត្រូវគេកាប់អស់ហើយ។ នាពេលបច្ចុប្បន្ននេះ ហើយគេកំពុងតែកាប់ឈើសុក្រំលក់ឲ្យសិប្បកម្មបីកន្លែងតម្លៃ ៤៥ ម៉ឺនរៀលក្នុង ១ ម៉ែត្រគុប។
លោក គឹម ឌឿង បានបញ្ជាក់ថា៖ «ហិនហោចព្រៃឈើអស់ហើយ គ្មានអីនៅសល់សម្រាប់កូនចៅទេ បើមិនបិទ។ អាជ្ញាធរធ្វើមិនដឹងមិនឮ។ គេបើកដៃឲ្យសិប្បកម្មឈ្មោះទ្រីឈ្មោះប្រុសតែម្តង»។
លោក ហូ សំអុល អ្នកសម្របស្រួលអង្គការអាដហុកខេត្តស្ទឹងត្រែងបានឲ្យដឹងបន្ទាប់ពីទទួលពាក្យបណ្តឹងនោះថា ប្រជាពលរដ្ឋបាននាំគ្នាប្តឹង «ឧក្រិដ្ឋជន» បំផ្លាញព្រៃឈើ និងសិប្បកម្មអត់ច្បាប់មួយចំនួននៅក្នុងភូមិ។
លោកបានថ្លែងដូច្នេះថា៖ «បើយោងតាមការចុះអង្កេតឃើញថាៈ ពិតជាមានសកម្មភាពនេះពិតមែន។ ករណីនេះបណ្តាលមកពីអាជ្ញាធរ ភូមិ ឃុំ មិនមានឆន្ទៈបង្ក្រាប ជាពិសេសជំនាញមេព្រៃតែម្តង។ បើអស់លោក នៅតែបណ្តែតបណ្តោយទៀត ព្រៃឈើ និងត្រូវរលាយជាមិនខាន»។
អង្គការអាដហុកនឹងធ្វើលិខិតអមជាមួយនឹងពាក្យបណ្តឹងរបស់សហគមន៍ ហើយគ្រោងនឹងដាក់ទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅសប្តាហ៍នេះ។
លោក ហូ សំអុល បានឲ្យដឹងទៀតថា ក្រៅពីបញ្ហាព្រៃឈើប្រជាពលរដ្ឋទាំងនោះក៏ជាជនរងគ្រោះពីទំនប់វារីអគ្គិសនីសេសានក្រោមពីរផងដែរ។
លោក វឿន សម្បត្តិ មេឃុំក្បាលរមាសបានឲ្យដឹងថា សិប្បកម្មទាំងនោះ មានលក្ខណៈតូចតាចប៉ុណ្ណោះ ហើយប្រជាពលរដ្ឋទាំងអស់បានឯកភាពគ្នាឲ្យមានការបើកសិប្បកម្មនោះផងដែរ។ លោកបានអះអាងថា ឈើដែលទិញចូលសិប្បកម្មទាំងនោះ មិនមែនកាប់ព្រៃសហគមន៍ទេ ប៉ុន្តែគេកាប់មកពីតំបន់ស្តារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
លោក សុវណ្ណ ពិសេត អភិបាលរងស្រុកសេសានបានថ្លែងថា លោកមិនធ្លាប់បានដឹងពីបញ្ហានេះនោះទេ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទង ដើម្បីសុំអធិប្បាយពីម្ចាស់សិប្បកម្ម និងអ្នកកាប់ឈើឈ្មោះ សៀង ឃេន ដែលរងការចោទប្រកាន់បានទេកាលពីថ្ងៃអាទិត្យម្សិលមិញ៕
No comments:
Post a Comment