ដោយ ទីន ហ្សាការីយ៉ា
2015-05-07 RFA
វិហារឥស្លាមថ្មីនៅតំបន់បឹងកក់ ដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ មីនា ២០១៥។
RFA/Tin Zakariya
វិហារឥស្លាម អាលសារកាល់ (Alserkal) ដែលមានទីតាំងនៅបឹងកក់ ក្បែរក្រុមហ៊ុន ស៊ូកាគូ (Shukaku) នោះ គឺជាវិហារខ្នាតអន្តរជាតិតែមួយគត់នៅប្រទេសកម្ពុជា ដែលត្រូវបានសាងសង់រួចរាល់ និងសម្ពោធឲ្យសាសនិកឥស្លាមប្រើប្រាស់កាលពីចុងខែមីនា កន្លងទៅ។
ក្រោយពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិហារនេះដែលធ្លាប់តែមានភាពសុខសាន្តនោះ ឥឡូវនេះមានភាពដ៏ចម្រូងចម្រាសរបស់ថ្នាក់ដឹកនាំឥស្លាម និងអ្នកចំណុះវិហារ ដោយសារតែអ្នកមើលការខុសត្រូវរបស់វិហារនេះ ឬហៅថា អ៊ីម៉ាំ កាលពីមុននោះ ត្រូវបាត់បង់សិទ្ធិ។ តើមូលហេតុអ្វីខ្លះទើបមានជម្លោះរឿង អ៊ីម៉ាំ នេះកើតឡើង?
ភាពចម្រូងចម្រាសនៅវិហារអន្តរជាតិមួយឈ្មោះថា វិហារឥស្លាម អាលសារកាល់ នៅបឹងកក់ កាន់តែរីកធំៗទៅ មិនទាន់មានដំណោះស្រាយនោះឡើយ ដែលអូសបន្លាយពេលជាង ១ខែមកហើយ។
វិហារឥស្លាម អាលសារកាល់ បឹងកក់ ឧបត្ថម្ភថវិកាសាងសង់ដោយពាណិជ្ជករអារ៉ាប់រួមអេមីរ៉ាត (United Arab Emirates) លោក អ៊ីសា ពិន ណាសៀរ (EISA BIN NASSER) ចំណាយថវិកាអស់ប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០១៥។ ក្រោយពីវិហារនេះសាងសង់ថ្មី សាសនិកឥស្លាមរំពឹងថា នឹងមានកន្លែងថ្វាយបង្គំគោរពសក្ការៈទៅចំពោះព្រះអល់ឡោះដោយចិត្តជ្រះថ្លា ក៏ប៉ុន្តែអ្វីៗផ្ទុយពីនេះវិញ។
ជនជាតិចាមមួយរួបឈ្មោះ រ៉សាត ដែលលោកតែងតែទៅថ្វាយបង្គំនៅវិហារបឹងកក់នេះ រៀបរាប់ថា លោកមិនពេញចិត្តនឹងទង្វើរបស់ថ្នាក់ដឹកនាំឥស្លាមនេះទេ ព្រោះថា លោក មហាំ ម៉ាត់ ឬ តួន មហាំ ម៉ាត់ គាត់បានមើលការខុសត្រូវតាំងពីឆ្នាំ១៩៩២ មក ក៏ប៉ុន្តែមូលហេតុអ្វីបានជារដ្ឋលេខាធិការក្រសួងធម្មតា និងកិច្ចការសាសនា លោក សុះ មុះសិន ទៅប្រកាសកាលពីពេលថ្មីៗនេះ ថាវិហារនេះ មិនបាច់មានអ៊ីមាំ ទៅវិញ?៖ «ធ្វើម៉េចត្រូវគ្នា? បើនៅសុខៗគេទម្លាក់អូងហាំចោលបាត់ឈឹងចឹង យើងធ្វើអី ត្រូវមានការឯកភាពស្រុះស្រួលគ្នាទៅ ហើយមុននឹងដកគាត់ចេញត្រូវមានការឯកភាពគ្នាជាមុនដែរ»។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងធម្មការនិងកិច្ចការសាសនា លោក សុះ មុះសិន មានប្រសាសន៍ថា លោកមិនដែលបដិសេធថា លោក មហាំ ម៉ាត់ មិនមែនជា អ៊ីម៉ាំ នោះទេ តែលោកបញ្ជាក់ថា លោក មហាំម៉ាត់ នេះ ក៏មិនមានលិខិតតែងតាំងជាផ្លូវការអ្វីដែរ។ លោកបន្ថែមថា លោក មហាំ ម៉ាត់ ក៏មិនមែនជាអ្នកគ្រប់គ្រងវិហារនេះដែរ៖ «ដូចខ្ញុំបានជម្រាបពីខាងដើមមកថា អូងហាំគ្មានអ្នកធ្វើលិខិតបដិសេធគាត់ទេ គាត់តាំងអើយមក តាំងទសវត្សរ៍ឆ្នាំ៩២-៩៣មក គឺគាត់ធ្វើអ៊ីម៉ាំរហូតមកហើយ»។
សាសនិកឥស្លាមជាច្រើនដែលតែងតែទៅថ្វាយបង្គំនៅវិហារបឹងកក់នោះ លើកឡើងថា ជាង ២០ឆ្នាំមកនេះ ការគោរពប្រណិប័តន៍សាសនានៅវិហារបឹងកក់ មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ តែក្រោយពីមានវិហារថ្មីដោយមានអ្នកធំលូកដៃចង់គ្រប់គ្រងវិហារនេះ គឺបញ្ហាកើតមានរហូតនៅថ្ងៃរៀងរាល់ថ្ងៃសុក្រ ពិសេស ការដកលោក មហាំ ម៉ាត់ ដែលលោកដឹកនាំគេថ្វាយបង្គំ ឬជាអ៊ីម៉ាំ ជាង ២០ឆ្នាំមកហើយនោះ។ ពួកគេបានឲ្យដឹងថា ការលើកឡើងរបស់លោក សុះ មុះសិន ផ្ទុយពីការពិត។ ពួកគាត់បានលើកឡើងថា បើសិនជាលោកនៅតែទទួលស្គាល់ លោក មហាំម៉ាត់ ហេតុអ្វីបានជាលោកមិនឲ្យក្បាលមេក្រូទៅលោក មហាំ ម៉ាត់ កាលពីថ្ងៃសុក្រ នៅពេលលោក មហាំ ម៉ាត់ បានសុំយកនិយាយនៅពេលមានបញ្ហាចម្រូងចម្រាសកាលពីថ្ងៃសុក្រ ទី១ ឧសភា នោះ៖ «ដោយសារអីអូងហាំគាត់ធ្វើអ៊ីម៉ាំតាំងពីមាស្ជិទចាស់ មានន័យថា បើផ្ទះរបស់យើងវិញ គាត់ធ្វើតាំងពីផ្ទះតូចដល់ផ្ទះធំ គាត់តស៊ូតាំងពីទឹកលិចវិហារនោះដល់ពេលឥឡូវ មាស្ជិទនេះល្អហើយ ចង់ផ្ដួលគាត់ចេញវាអត់ត្រូវ គេធ្វើអ្វីមួយគេអាងថា អញហើយមានអំណាច អញហើយជាឯកឧត្តមធំ សម្រាប់ខ្ញុំ ខ្ញុំនៅតែគាំទ្រព្រឹទ្ធាចារ្យអូងហាំ ជាអ៊ីម៉ាំដដែល»។
ម្យ៉ាងទៀត ទៅថ្វាយបង្គំនៅវិហារនេះជាច្រើន បានលើកឡើងថា ក្រោយពីមានគណៈកម្មការគ្រប់គ្រងថ្មីនេះ គឺការឡើងធ្វើ អ៊ីមាំ នៅពេលថ្វាយបង្គំថ្ងៃសុក្រ ដែលពីមុនធ្លាប់ធ្វើដោយសេរី អ្នកណាក៏ធ្វើបានដែរនោះ ឥឡូវនេះមានការរើសអើង ប្រកាន់បក្សពួក ព្រោះថា កាលពីថ្ងៃសុក្រ ទី២៨ ខែមេសា ប្រធានគណៈកម្មការបណ្ដោះអាសន្ននេះ មិនអនុញ្ញាតឲ្យនិស្សិតបញ្ចប់ការសិក្សាខាងសាសនាម្នាក់ឈ្មោះ ហ្វៃរូស ឡើងខទីព សូត្រធម៌ឲ្យគេស្ដាប់ឡើយ។
ទាក់ទងនិងបញ្ហានេះ រដ្ឋលេខាធិការក្រសួងធម្មការនិងកិច្ចការសាសនា លោក សុះ មុះសិន បានឲ្យដឹងថា ជារឿងខុសបច្ចេកទេស។
ជាទូទៅការតែងតាំងអ៊ីមាំ ប្រចាំនៅវិហារឥស្លាមនីមួយៗ ចេញពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឬហៅថា មូហ្វទី។ ក៏ប៉ុន្តែការតែងតាំងនេះ មិនមែនជាការបោះឆ្នោតជ្រើសដោយផ្ទាល់ពីសហគមន៍នោះ កន្លងមកក៏មានបញ្ហាជម្លោះកើតមានដែរ ដូចជាបញ្ហាជម្លោះរឿងតែងតាំងអ៊ីមាំ ឬ ហាកឹម នៅតាមវិហារក្នុងភូមិមួយចំនួននៅក្នុងខែត្រកំពង់ចាម កោះកុង កំពត និងខែត្រតាកែវ ជាដើម។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោកឧកញ៉ា សុះ កំរី ដែលលោកនៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ លោក មហាំ ម៉ាត់ និងប្រធានគណៈកម្មការគ្រប់គ្រងវិហារបណ្ដោះអាសន្ន កាលពីថ្ងៃសុក្រ ទី១ ខែឧសភា នោះថា បញ្ហានេះលោកមិនដឹងទៅវិញ៖ «ចង់សួរ សួរគេនេះ មិនមែនជាការងារខ្ញុំ»។
សាសនិកឥស្លាមមួយចំនួនលើកឡើងថា ការឆ្លើយរបស់លោកឧកញ៉ា សុះ កំរី នេះ ជាការមិនទទួលខុសត្រូវ ដែលពួកគាត់លើកឡើងថា ការមិនដោះស្រាយរបស់លោកនេះហើយដែលកន្លងមកតែងមានបញ្ហាជម្លោះកើតឡើង។ ក៏ប៉ុន្តែករណី លោក មហាំ ម៉ាត់ នេះ លោកបានធ្វើជា អ៊ីមាំ វិហារបឹងកក់ តាំងពីឆ្នាំ១៩៩២ មក នៅមុនពេលគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បង្កើតឡើង។ ការមកមើលថែ និងធ្វើជាអ៊ីមាំ វិហារបឹងកក់នេះ គឺអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអតីតសមាជិករដ្ឋសភា លោក ម៉ាត់ លី ជាអ្នកឲ្យលោក តួន មហាំ ម៉ាត់ មើលការខុសត្រូវ និងធ្វើជា អ៊ីម៉ាំ វិហារនេះ និងបុរសវ័យចំណាស់ម្នាក់ទៀត ឈ្មោះ មហាំ ម៉ាត់ យូសុះ ជាអ្នកសំអាត និង អាហ្សាន ឬហៅថា អូង ស៊ាក់ ក៏ប៉ុន្តែក្រោយពីមានវិហារថ្មី អ្នកទាំងពីរមិនមានសិទ្ធិអ្វីចាត់ចែងវិហារថ្មីទៀតទេ។
ទាក់ទងនឹងបញ្ហានេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅក្នុងរយៈពេល ១ខែមកនេះ ក៏មានការជជែកអំពីវិហារបឹងកក់នេះដែរ។ មានគណនីជាច្រើននិយាយពីការដកលោក មហាំ ម៉ាត់ នេះ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះ មានអ្នកខ្លះនិយាយថា លោក មហាំ ម៉ាត់ បានមើលការខុសត្រូវវិហារបឹងកក់ ជាង ២០ឆ្នាំមកហើយ ដោយលោកស្នាក់នៅក្នុងវិហារ លោកមានការលំបាកណាស់ ដោយទ្រាំនឹងទឹកលិច មានចោរលួចសម្ភារៈនៅក្នុងវិហារ។ លោកបានតស៊ូមើលខុសត្រូវរហូតមក ស្រាប់តែមានវិហារថ្មី លោកត្រូវបានគេមើលមិនឃើញទៅវិញជាដើម។
ក្រុមអ្នកគាំទ្រ លោក ហាសាន់ មហាំ ម៉ាត់ បានរិះគន់អ្នករៀបចំសម្ពោធវិហារថ្មីនេះថា លោក មហាំ ម៉ាត់ ដែលធ្លាប់តែមើលថែវិហារចាស់នោះ មិនបានទទួលមេដាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ តែបែរជាអ្នកផ្សេង ដែលអ្នកខ្លះត្រូវជាកូនប្រសាអ្នកធំ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពាក់មេដៃឲ្យទៅវិញ។
កាលពីថ្ងៃសុក្រ ទី១ ឧសភា កន្លងទៅមានភាពចម្រូងចម្រាសមួយរវាងអ្នកគាំទ្រ លោក មហាំ ម៉ាត់ និងប្រធានគណៈកម្មការគ្រប់គ្រងវិហារ បណ្ដោះអាសន្ន គឺលោក តូនី រ៉សេត។ លោក អះម៉ាត់ យ៉ា ដែលជាអតីតសមាជិកគ្រប់គ្រងវិហារចាស់នោះ ក្រោយពីថ្វាយបង្គំថ្ងៃសុក្រ ទី១ ខែឧសភា នោះ បានធ្វើការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដោយបោះឆ្នោតលើកដៃ។ លោកបានស្រែកសួរអ្នកទៅចូលរួមថ្វាយបង្គំរាប់រយនាក់ថា អ្នកណាគាំទ្រចង់ឲ្យមានអ៊ីម៉ាំថ្មីលើកដៃ តែពេលនោះគ្មានអ្នកលើកដៃគាំទ្រចង់បាន អ៊ីម៉ាំ ថ្មីទេ។ បន្ទាប់មកគាត់បានសួរ តើអ្នកណាចង់រក្សាអ៊ីម៉ាំចាស់ គឺលោក មហាំ ម៉ាត់ ដដែល លើកដៃ? ពេលនោះគេលើកដៃគាំទ្រ លោក មហាំ ម៉ាត់ ស្ទើរតែទាំងអស់។
វិហារឥស្លាម អាលសារកាល់ នេះជាឈ្មោះមួយថ្មី បន្ទាប់ពីគេសាងសង់ថ្មីនៅលើទីតាំងចាស់។ វិហារចាស់ឈ្មោះថា វិហារធំឌូបៃ ភ្នំពេញ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមឥស្លាមកម្ពុជា ដែលបច្ចុប្បន្នលោក វ៉ាន់ ម៉ាត់ ជាប្រធាន។
នៅមុនពេលសម្ពោធគឺនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ លោក វ៉ាន់ ម៉ាត់ បានចេញសេចក្ដីសម្រេចនិរាករណ៍ គណៈគ្រប់គ្រងវិហារចាស់ ដែលមានសមាជិក ៧រូប មានលោក វ៉ាន់ ម៉ាត់ ជាប្រធាន លោក ត្រេស សារុំ ជាអនុប្រធាន លោក អះម៉ាត់ យ៉ះយ៉ា ជាអនុប្រធាន លោកឧត្ដមសេនីយ៍ ឡា ឡៃ ជាសមាជិក លោក លី ហ្ស៊ះរី លោក មហាំ ម៉ាត់ យូណេះ និងលោក ស្លេះ ណាស៊ី ជាសមាជិក។ ក៏ប៉ុន្តែការប្រកាសនិរាករណ៍នេះសមាជិកមួយចំនួនមិនបានដឹងនោះទេ។ សាសនិកឥស្លាមមួយចំនួនលើកឡើងថា ដោយសារតែលោក វ៉ាន់ ម៉ាត់ ប្រកាសនិរាករណ៍គណៈកម្មការគ្រប់គ្រងចាស់នេះហើយ ទើបធ្វើឲ្យមានជម្លោះកើតឡើង។
ប្រធានសមាគមឥស្លាមកម្ពុជា លោក វ៉ាន់ ម៉ាត់ បានបំភ្លឺថា មូលហេតុដែលលោកចេញសេចក្ដីប្រកាសនិរាករណ៍គណៈកម្មការចាស់នោះ ដោយសារតែគណៈកម្មការនេះ មានគ្នាតិចពេក ម្យ៉ាងវិហារថ្មីត្រូវតែមានគណៈកម្មការថ្មី។ បន្ថែមពីនេះទៀត លោកអះអាងថា លោកនឹងព្យាយាមដោះស្រាយបញ្ហាជម្លោះឲ្យបានឆាប់ៗ៖ «ខ្ញុំត្រូវប្រជុំគ្នាខ្ញុំសិន ខ្ញុំត្រូវរៀបចំប្រជុំសិនអត់មកតែពីរនាក់ទេ ឯកឧត្តម ឡា ឡៃ គាត់រវល់គាត់អត់មកអត់អីទេ ឯកឧត្តម អះម៉ាត់ យ៉ះយ៉ា គាត់អត់មកទេ»។
ទោះជាមានការអះអាងបែបនេះក្ដី អតីតសមាជិកគណៈកម្មការគ្រប់គ្រងវិហារបឹងកក់ លោក ស្លេះ ណាស៊ី លើកឡើងថា ការចេញសេចក្ដីសម្រេចនិរាករណ៍នេះ លោកមិនបានដឹងនោះទេ។ លោកអះអាងថា គណៈកម្មការចាស់ក៏មិនធ្វើខុសអ្វីដែរ ដែលលោកចាត់ទុកនិរាករណ៍នេះជារឿងមិនសមហេតុផល។
វិហារឥស្លាមនៅទូទាំងប្រទេសមានជាង ៥០០វិហារ នៅតាមវិហារនីមួយៗ គឺមាន អ៊ីម៉ាំ ម្នាក់ ឬហៅថា អ៊ីម៉ាំមាស្ជិត ដែលជាអ្នកមើលការខុសត្រូវវិហារ។
សាសនិកឥស្លាមចំណុះវិហារ អាលសារកាល់ នេះ ចង់ឲ្យមានដំណោះស្រាយច្បាស់លាស់ ជៀសវាងមានបាតុភាពកើតឡើងដូចថ្ងៃសុក្រ មុនៗទៀត ដែលជាពេលវេលាអ្នកកាន់សាសនាឥស្លាម រួមទាំងមានជនបរទេសផង ទៅថ្វាយបង្គំនៅវិហារនោះ៕
No comments:
Post a Comment