អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងច្បាស់ហើយថា បេក្ខជនជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នឹងត្រូវជ្រើសរើសចេញពីបេក្ខជនសមាជិកតំណាងបក្សនយោបាយនៅក្នុងជួរគ.ជ.ប ថ្មី ។ អ្នកវិភាគស្ថានការណ៍នយោបាយ ជឿកជាក់ថា បេក្ខជនជាប្រធានគ.ជ.ប នឹងជាបេក្ខជនតំណាងមកពីខាងគណបក្សប្រជាជនកម្ពុជា។ អ្នកវិភាគ ទាយទុកថា បេក្ខជនរូបនោះ អាចជាលោក ទេព នីថា បច្ចុប្បន្នជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬអ្នកស្រី ស៊ីន ជុំបូ បច្ចុប្បន្នជាអនុប្រធានគ.ជ.ប ។ តែយ៉ាងណាលោក ទេព នីថា បញ្ជាក់ថា ការទាយរបស់លោក អ៊ូវីរៈ ចំពោះខ្លួននោះ មិនជាការពិតឡើយ។
មានមនុស្សតែពីរនាក់ប៉ុណ្ណោះ ដែលលោក អ៊ូ វីរៈ ប្រមើលទុកថា នឹងអាចក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីដែលជាបេក្ខជនតំណាងមកពីគណបក្សប្រជាជនកម្ពុជា។ មនុស្សពីរនាក់នោះដែលស្ថិតក្នុងក្តីមន្ទិលរបស់លោកអ្នកវិភាគស្ថានការណ៍នយោបាយរូបនេះ គឺលោក ទេព នីថា ដែលបច្ចុប្បន្នជាអគ្គលេខាធិការនៃគ.ជ.ប និងអ្នកស្រី ស៊ីន ជុំបូ បច្ចុប្បន្នជាអនុប្រធានគ.ជ.ប ។ « ពួកគាត់ទាំងពីរសុទ្ធតែជាមនុស្សដែលមានបទពិសោធន៍ និងសមត្ថភាពស្រាប់ ដែលគណបក្សប្រជាជនកម្ពុជាអាចទុកចិត្តបាន។ តែខ្ញុំគិតថា ក្នុងចំណោមអ្នកទាំងពីរនេះ ប្រហែលជាលោក ទេព នីថា មានឱកាសក្លាយជាប្រធានគ.ជ.ប ច្រើនជាងអ្នកស្រី ស៊ីន ជុំបូ » ។ នេះជាការបញ្ជាក់របស់លោក អ៊ូ វីរៈ ។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រី ស៊ីន ជុំបូ មិនអាចទាក់ទងសុំការបកស្រាយបានទេនៅថ្ងៃនេះ។ តែលោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប វិញ បាននិយាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា អ្វីដែលលោក អ៊ូ វីរៈ សង្ស័យនោះ «នឹងមិនអាចជាការពិតនោះឡើយ»។ ហើយលោក ក៏មិនបញ្ជាក់ថា ខ្លួននៅតែបន្តតំណែងជាអគ្គលេខាធិការគ.ជ.ប ទៀតឬយ៉ាងណានោះទេ។
សូមបញ្ជាក់ថា លោក ទេព នីថា បច្ចុប្បន្នមានអាយុ ៦១ ឆ្នាំ បានទទួលការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម នៅសាលាជាន់ខ្ពស់យុវជន នៅម៉ូស្គូ ប្រទេសរុស្ស៊ី និងរៀនផ្នែកដឹកនាំគ្រប់គ្រង នៅសាលាជាន់ខ្ពស់ ក្នុងប្រទេសវៀតណាម។ ហើយលោក បានធ្វើការនៅក្នុងស្ថាប័នគ.ជ.ប តាំងពីឆ្នាំ១៩៩៨ មក ដោយផ្តើមពីតួនាទីជានាយកខុទ្ទកាល័យអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំណែកឯអ្នកស្រី ស៊ីន ជុំបូ បានបញ្ចប់ការសិក្សាបណ្ឌិតផ្នែកគ្រប់គ្រង និងគោលនយោបាយអប់រំនៅសហរដ្ឋអាមេរិក។ អ្នកស្រី ធ្លាប់ធ្វើការក្នុងអង្គការសហប្រជាជាតិ និងធ្លាប់ធ្វើជាសាស្ត្រាចារ្យបង្រៀននិស្សិតនៅប្រទេសបារាំង និងសហរដ្ឋអាមេរិក។ អ្នកស្រី បានធ្វើការនៅក្នុងស្ថាប័នគ.ជ.ប នៅឆ្នាំ ២០០២ ដោយចាប់ពីតួនាទីសមាជិកគ.ជ.ប។
យ៉ាងណាក៏ដោយចុះ មកដល់ពេលនេះ គណបក្សទាំងពីរ ជាពិសេសគណបក្សកាន់អំណាចនៅមិនទាន់បញ្ចេញឈ្មោះបេក្ខជនជាប្រធានគ.ជ.ប ថ្មីនោះជាសាធារណៈឡើយ។ កុំថាឡើយឈ្មោះបេក្ខជនជាប្រធានគ.ជ.ប ដោយហោចទៅសូម្បីតែឈ្មោះបេក្ខជនសមាជិកគ.ជ.ប ថ្មី តំណាងមកពីគណបក្សប្រជាជនកម្ពុជា ក៏គណបក្សនេះ នៅមិនទាន់ប្រកាសឲ្យដឹងនោះដែរ។
ប៉ុន្មានថ្ងៃមកនេះ អ្នកចូលចិត្តតាមដាននយោបាយខ្លះសង្ស័យថា បេក្ខជនជាសមាជិកគ.ជ.ប ថ្មី មកពីគណបក្សកាន់អំណាចអាចជាមន្ត្រីចរចាធំៗរបស់បក្សនេះ ដែលមានដូចជា លោក ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រី លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងពីររូបទៀតគឺលោក កើត រិទ្ធ និងលោក ស៊ិក ប៊ុនហ៊ុក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ។ ក៏ប៉ុន្តែសម្រាប់លោក អ៊ូ វីរៈ លោកមិយល់ឃើញដូច្នេះទេ។ លោកថា គណបក្សប្រជាជនកម្ពុជាមានមនុស្សដែលបក្សនេះទុកចិត្ត និងមានសមត្ថភាពគ្រប់គ្រាន់ ហើយមិនចាំបាច់ឲ្យមន្ត្រីចរចាធំៗនោះ មកទទួលតួនាទីក្នុងគ.ជ.ប ឡើយ។ លោក អ៊ូ វីរៈ ថែមទាំងបញ្ជាក់ដូច្នេះថា៖« លោក ប៊ិន ឈិន និងលោក ព្រុំ សុខា ជាដើមនោះ គាត់មិនយកតំណែងនេះទេ ព្រោះគាត់សុទ្ធមានតួនាទីធំៗស្រាប់ហើយ ។ ខ្ញុំគិតថា គណបក្សប្រជាប្រជន នឹងទុកអ្នកចាស់ច្រើន ក្នុងសមាសភាពគ.ជ.ប នេះ » ។
ងាកមកនិយាយពីបក្ខភាពសមាជិកគ.ជ.ប ថ្មី តំណាងមកពីគណបក្សសង្គ្រោះជាតិ មានតែលោក គួយ ប៊ុនរឿន មួយប៉ុណ្ណោះ ដែលគណបក្សនេះ បានប្រកាសថា លោកនឹងទៅទទួលតំណែងជាសមាជិកគ.ជ.ប ថ្មី ។ រីឯបេក្ខជន ៣ រូបទៀត គណបក្សសង្គ្រោះជាតិនៅមិនទាន់បញ្ចេញឈ្មោះនោះឡើយ។ តែ លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សនេះធ្លាប់និយាយថា ក្នុងចំណោមបេក្ខជនទាំង ៤ រូបនោះ គណបក្សសង្គ្រោះជាតិ នឹងជ្រើសរើសយកមនុស្សពីរនាក់ចេញពីបក្ស និងពីរនាក់ទៀតមកពីសង្គមស៊ីវិល។ មនុស្សពីរនាក់ពីសង្គមស៊ីវិលនោះ កន្លងមកមានពាក្យចចាមអារ៉ាមថា គណបក្សប្រឆាំងមួយនេះ គ្រោងជ្រើសរើសលោក គល់ បញ្ញា និងលោក យ៉េង វីរៈ ឲ្យធ្វើជាបេក្ខជនសមាជិកគ.ជ.ប ថ្មី។ តែលោក ទាំងពីរនេះ សុទ្ធតែមិនបានដាក់ពាក្យឈរឈ្មោះជាបេក្ខជនសមាជិកគ.ជ.ប នៅរដ្ឋសភាឡើយ។ នេះជាការអះអាងរបស់លោក អ៊ូ វីរៈ ដែលជាអ្នកជិតដិតជាមួយលោកទាំងពីរ។ លោក អ៊ូ វីរៈ ថែមទាំង ហ៊ានធានាថា លោក គល់ បញ្ញា និងលោក យ៉េង វីរៈ នឹងមិនត្រូវការតំណែងជាដាច់ខាត ព្រោះការកែទម្រង់គ.ជ.ប ថ្មីនេះមានភាពមិនប្រក្រតីច្រើន។
បើទោះជា លោក គល់ បញ្ញា និងលោក យ៉េង វីរៈ មិនដាក់ពាក្យឈរឈ្មោះក្តី តែលោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជនគ.ជ.ប ថ្មី ហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ៕
No comments:
Post a Comment