ពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណ ៥០គ្រួសារក្នុងចំណោមពលរដ្ឋជាង ២០០គ្រួសារ ដែលទទួលបានដីសម្បទានសង្គមកិច្ច កំពុងជួបប្រទះការលំបាកដោយខ្វះផ្លូវធ្វើដំណើរទៅចម្ការ។
ពួកគាត់ស្នើឲ្យអាជ្ញាធរ និងម្ចាស់ជំនួយ ជួយដោះស្រាយការលំបាករបស់ពួកគាត់នេះ។ យ៉ាងណា អាជ្ញាធរថាពួកគេក៏បានលើកសំណើនេះទៅថ្នាក់លើ ប៉ុន្តែមិនទាន់មានគម្រោងធ្លាក់មក។
ក្រុមអ្នកភូមិត្អូញត្អែរថាខ្វះខាតផ្លូវធ្វើដំណើរ ដែលជំរុញឲ្យពួកគេបោះបង់ចោលមុខរបរធ្វើចម្ការ ដោយសារតែពិបាកដឹកជញ្ជូនផលដំណាំ។
កាលពីឆ្នាំ២០០៩ ដីសម្បទានសង្គមកិច្ចក្រោមជំនួយរបស់ធនាគារពិភពលោក (World Bank) ជំនួយបរទេស រួមនឹងអាជ្ញាធរថ្នាក់ជាតិផង គឺត្រូវបានគេផ្តល់ជូនពលរដ្ឋនៅភូមិស្រែលើសែនជ័យ ប្រមាណ ២៥០គ្រួសារ។ ក្នុងគម្រោងនោះ គឺផ្តល់ជាដីលំនៅឋាន ដីចម្ការ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ក្នុងនោះក៏មានផ្លូវខ្វាត់ខ្វែងឆ្លងកាត់ក្នុងភូមិ និងទៅចម្ការរបស់ពលរដ្ឋ ប៉ុន្តែមានពលរដ្ឋប្រមាណ ៥០គ្រួសារដែលនៅជួបការលំបាក ព្រោះផ្លូវធ្វើដំណើរទៅកាន់ដីចម្ការរបស់ពួកគាត់មិនបានធ្វើឲ្យចប់សព្វគ្រប់។
ពលរដ្ឋនៅភូមិស្រែលើសែនជ័យ អ្នកស្រី សាន សុគន្ធ មានប្រសាសន៍ថា នៅពេលអ្នកស្រីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ចប្រភេទដីចម្ការកាលពីឆ្នាំ២០០៩ គឺចាប់បាននៅក្បែរប្រឡាយទឹកជិតទន្លេចាមព្រំប្រទល់កម្ពុជា-វៀតណាម។ អ្នកស្រីថា ដោយសារដីពួកគាត់នៅចុងគេ ហើយដំណើរការធ្វើផ្លូវទៅចម្ការរបស់ពលរដ្ឋនៅពេលនោះត្រូវបានបញ្ចប់ ទើបធ្វើឲ្យអ្នកស្រី និងពលរដ្ឋផ្សេងទៀតខកខានមិនបានដាំដំណាំជាច្រើនឆ្នាំ ពីព្រោះប្រសិនបើដាំដំណាំបានហើយ ក៏ពិបាកដឹកជញ្ជូនដែរ ពិសេសនៅរដូវវស្សា៖ «ខ្ញុំធ្វើទៅវាជួបប្រទះការទឹកលិច ធ្វើទៅវាខាតពីរឆ្នាំបីឆ្នាំហើយ ទើបបីឆ្នាំក្រោយហ្នឹង និងឆ្នាំហ្នឹងអាចធ្វើបានច្រើន តែវាពិបាកផ្លូវណាលោកគ្រូ»។
អ្នកស្រីបន្ថែមទៀតថា មានពលរដ្ឋខ្លះបានលក់ដីតំបន់នោះ និងពលរដ្ឋខ្លះទៀតបម្រុងលក់ដីនោះបន្តទៀត ព្រោះតែផ្លូវចូលទៅធ្វើចម្ការរបស់ខ្លួនពិបាក។ អ្នកស្រីអំពាវនាវឲ្យអាជ្ញាធរ និងអង្គការជាម្ចាស់ជំនួសជួយធ្វើផ្លូវ និងប្រព័ន្ធប្រឡាយទឹកបន្តឲ្យពួកគាត់ បើទោះបីជាធំក្តីតូចក្តី ព្រោះពលរដ្ឋមិនចង់អង្គុយមើលដីរបស់ខ្លួនទៀតនោះទេ។
ផ្លូវដែលពលរដ្ឋជួបបញ្ហាសម្រាប់ធ្វើដំណើរទៅធ្វើចម្ការ គឺមានជាច្រើនកន្លែងផ្សេងៗគ្នា ដោយកន្លែងខ្លះអាចមានប្រវែងចន្លោះពី ២០០ម៉ែត្រ ទៅ ៣០០ម៉ែត្រ ហើយកន្លែងខ្លះទៀតអាចមានប្រវែងលើសពីនេះ។
ទាក់ទងបញ្ហានេះ មេភូមិស្រែលើសែនជ័យ លោក ចន មិនា មានប្រសាសន៍ថា មានពលរដ្ឋប្រមាណ ៥០គ្រួសារដែលជួបការលំបាកនេះ។ លោកបន្តថា មូលហេតុដែលម្ចាស់ជំនួយមិនបានធ្វើបង្ហើយផ្លូវទៅកាន់ចម្ការជូនពលរដ្ឋទាំងនោះ ដោយសារតែគម្រោងរបស់គេត្រូវបានបញ្ចប់នាពេលនោះ។ លោកក៏បានស្នើបញ្ហានេះទៅម្ចាស់ជំនួយ និងអាជ្ញាធរថ្នាក់លើ ដើម្បីជួយពលរដ្ឋទាំងនោះ ប៉ុន្តែត្រូវរង់ចាំគម្រោងជាថ្មីរបស់ម្ចាស់ជំនួយវគ្គទីពីរ និងម្យ៉ាងទៀត គឺរង់ចាំកញ្ចប់ថវិកាថ្នាក់ជាតិធ្លាក់មកដល់៖ «បាទ! ហ្នឹងហើយ ម្យ៉ាងទៀតកាលពីពេលថ្មីនេះ ខ្ញុំបានឡើងទៅធ្វើសិក្ខាសាលានៅភ្នំពេញ ហើយខ្ញុំបានលើកឡើងពីបញ្ហានេះជាច្រើនលើកច្រើនសាលើបញ្ហានេះ ហើយខ្ញុំក៏បានធ្វើផែនការជុំវិញ ទីពីរហ្នឹងរបស់ វើលប៊ែង»។
ចំណែកការលក់ដីចម្ការខ្លះ ដោយសារហេតុផលពិបាកផ្លូវចូលទៅនោះ លោកមេភូមិ មិនឯកភាពទេ។ លោកយល់ថា ពលរដ្ឋខ្លះដែលព្រមលក់ដី ពីព្រោះតែពួកគាត់ចាញ់បោកឃោសនាពីក្រុមជនមួយចំនួន ថាទៅធ្វើនៅតំបន់ផ្សេង គឺងាយស្រួលជាងនេះ បញ្ហាពលរដ្ឋមិនយល់ច្បាស់ពីដីតំបន់នោះ និងបញ្ហាជីវភាពលំបាកក្នុងគ្រួសាររបស់ពួកគេ ជាដើម។ យ៉ាងណា លោកក៏បានសំណូមពរទៅម្ចាស់ជំនួយ ឬអាជ្ញាធរថ្នាក់ជាតិ ដោយធ្វើយ៉ាងណាពន្លឿនក្នុងការដោះស្រាយបញ្ហាមួយនេះជូនពលរដ្ឋ។
ដីសម្បទានសង្គមកិច្ចក្រោមជំនួយពីធនាគារពិភពលោក អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរថ្នាក់ជាតិ គឺបានផ្ដល់ជូនពលរដ្ឋចំនួន ២៥០គ្រួសារកាលពីឆ្នាំ២០០៩ សម្រាប់គ្រួសារក្រីក្រដែលជ្រើសរើសចេញពីភូមិចំនួន១៧ ក្នុងឃុំជាំក្រវៀន។ កាលនោះ ពលរដ្ឋមួយគ្រួសារទទួលបានដីលំនៅឋានទំហំ ២០ម៉ែត្រគុណនឹង ៥០ម៉ែត្រ និងដីចម្ការចំនួន ២ហិកតារកន្លះ ប៉ុន្តែក្រោយមកមានពលរដ្ឋប្រមាណ ២០ ទៅ ៣០គ្រួសារ បានលក់ដីភូមិ និងដីចម្ការរបស់ខ្លួនទៅរស់នៅតំបន់ផ្សេង។ បច្ចុប្បន្ន ពលរដ្ឋរស់នៅតំបន់ដីសម្បទានសង្គមកិច្ចក្បែរព្រំដែនមួយនេះ ជួបប្រទះភាពខ្វះខាតមួយចំនួន រួមមាន បញ្ហាផ្លូវ ភ្លើងអគ្គិសនី ផ្សារ សាលាបុណ្យ ខ្វះគ្រូបង្រៀន និងបញ្ហាទឹកស្អាត ជាដើម៕
No comments:
Post a Comment