Read the article in English here.
(ចុះផ្សាយនៅថ្ងៃ 25-04-2015, 11:11 pm) | ដោយ : លាង ដឺលុច
សំណួរបែបនេះ អាចកើតឡើង ក៏ដោយសារតែប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ស្រាប់តែនិយាយប្រាប់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី មិនឲ្យធ្វើបាបលោក នៅពេលលោកមិនមែនជានាយករដ្ឋមន្ត្រីទៀតនោះ។ ទោះយ៉ាងណាក៏ដោយ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីដែលលោក សម រង្ស៊ី ជានាយករដ្ឋមន្ត្រីនោះ វាជាឧទាហរណ៍នៅឡើយ។
និយាយអំពីការចុះចេញពីដំណែងនាយករដ្ឋមន្ត្រី បើទោះជាឧទាហរណ៍ក៏ដោយ គេមិនដែលឮសារនយោបាយដ៏កម្របំផុតចេញពីលោក ហ៊ុន សែនឡើយ។ ក៏ប៉ុន្តែបុរសខ្លាំងរបស់កម្ពុជាបានជ្រើសរើសទីតាំងនៃទីក្រុងគូឡា ឡាំពួរនៃប្រទេសម៉ាឡេស៊ី ទីដែលលោក និងដៃគូរសន្ទនារបស់លោក គឺលោក សម រង្ស៊ី បានជួបពលករ និងនិស្សិតខ្មែរក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៥មេសា និយាយអំពីឧទាហរណ៍ដែលលោកមិននៅក្នុងដំណែងនាយករដ្ឋមន្ត្រី។
អត្ថបទព័ត៌មាននៃទីភ្នាក់ងារជប៉ុន Kyodo ដែលសរសេរដោយអ្នកកាសែតខ្មែរ គឺលោក ពុយ គានោះ លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖«ឥឡូវ ខ្ញុំកំពុងធ្វើជានាយករដ្ថមន្ត្រី នរណាក៏អាចនៅជាមួយបានដែរ។ ប៉ុន្តែស្រាប់តែដល់ពេលណាមួយ ឯកឧត្តមសម រង្ស៊ីធ្វើជានាយករដ្ឋមន្ត្រីម្តង ឧទាហរណ៍ទេណា៎ ស្រាប់ដល់ពេលហ្នឹង ឯកឧត្តមរុញអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំ ហើយខ្ញុំមានកម្លាំងវាយបកវិញ វានឹងធ្វើឲ្យឯកឧត្តមរស់នៅមិនសុខដែរ។ គណបក្សណា ទោះបីតូច ធំ តែងមានអ្នកគាំទ្រជានិច្ច បើសិនជាយើងធ្វើចំពោះគេមិនត្រឹមត្រូវទេ ច្បាស់ណាស់ថាគេនឹងវាយបកហើយ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងនេះ មិនមែនតែចំពោះមុខលោក សម រង្ស៊ី ទេ ប៉ុន្តែនៅចំពោះមុខមន្ត្រីរបស់ខ្លួន និងពលករ និស្សិតខ្មែរដែលកំពុងរៀន និងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី នៅក្នុងពិធីជួបជុំមួយ។
បើតាមការបញ្ជាក់របស់លោក ពុយ គា ដដែល អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានអំណាចបានបន្តប្រាប់លោក សម រង្ស៊ី ទៀតថា «ខ្មែរមិនត្រូវយកគ្នាជាសត្រូវនោះទេ ហើយថា ទឹកដីកម្ពុជាមិនមែនជាទឹកដីរបស់ ហ៊ុន សែន ហើយក៏មិនមែនជារបស់សម រង្ស៊ីដែរ។ ប៉ុន្តែវាជាទឹកដីរបស់ពលរដ្ឋកម្ពុជាទាំងមូល»។
គ្មានអ្នកណាអាចយល់ច្បាស់អំពីសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងនេះឡើយនៅពេលនេះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ក៏បានកើតមានឡើងក្រោយអ្នកនយោបាយកំពូលទាំងពីរ កំពុងឃោសនាផ្សព្វផ្សាយអំពីវប្បធម៌សន្ទនា ដែលអ្នកទាំងពីរកំពុងផ្តល់តម្លៃ។
លោក កឹម គុណវឌ្ឍ អគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជាក៏បានផ្សាយឲ្យដឹងអំពីការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី ដែលថ្លែងថា «មិនយូរមិនឆាប់កម្ពុជានិង ទទួលបាន នូវភាពរីកចំរើន តាមរយៈផ្លែផ្កានៃ វប្បធម៌សន្ទនាគ្នានេះ ដែលអ្នកនយោបាយលែងហែកហួរគ្នា និងនាំគ្នាងាកមកនិយាយគ្នាពីអ្វីដែលជាការស្ថាបនាជាតិ និងការរីកចំរើនរបស់ប្រជាជនកម្ពុជាទាំងអស់»៕
No comments:
Post a Comment