ក្រសួងមហាផ្ទៃ បដិសេធសំណើរបស់ លោក សម រង្ស៊ី ដែលស្នើសុំឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជនជាតិអេស្ប៉ាញ បន្តរស់នៅក្នុងប្រទេសកម្ពុជា ដោយក្រសួងតម្រូវឲ្យ លោក អាឡិកហ្សង់ដ្រូ ចាកចេញពីប្រទេសកម្ពុជា សិន ទើបអាចផ្តល់ទិដ្ឋាការជាថ្មីបាន។ ប៉ុន្តែ លោក សម រង្ស៊ី ព្រួយបារម្ភថា ក្រសួងមហាផ្ទៃ នឹងមិនយល់ព្រមផ្តល់ទិដ្ឋាការជាថ្មីជូន លោក អាឡិកហ្សង់ដ្រូ ទេ ខណៈដែលតម្រូវឲ្យចេញក្រៅស្រុកដូច្នេះ។
ឆ្លើយតបនឹងលិខិតផ្លូវការរបស់ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីនោះ ក្រសួងមហាផ្ទៃ នៅតែមិនព្រមបន្តទិដ្ឋាការឲ្យប្រធានចលនាមាតាធម្មជាតិ ដើម្បីស្នាក់នៅបន្តស្របច្បាប់ក្នុងប្រទេសកម្ពុជា ដដែល។ ក្រសួងមហាផ្ទៃ ត្រឹមតែបន្ធូរបន្ថយការចោទប្រកាន់ខ្លះៗដែលរួមមាន មិនបញ្ចូលឈ្មោះ លោក អាឡិក ក្នុងបញ្ជីខ្មៅ ហើយក៏មិនប្រើពាក្យបណ្ដេញចេញពីប្រទេសកម្ពុជា ដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី១៧ កុម្ភៈ ថា ជាគោលការណ៍តម្រូវឲ្យ លោក អាឡិក ត្រូវចាកចេញពីប្រទេសកម្ពុជា មួយរយៈសិន ទើបអាចផ្តល់ទិដ្ឋាការថ្មីបាន។ លោក ខៀវ សុភ័គ បញ្ជាក់ថា ការបន្តទិដ្ឋាការជាង ១០ឆ្នាំកន្លង គឺលោក អាឡិក មានវត្តមានក្នុងប្រទេសកម្ពុជា ដូច្នេះលោកត្រូវចេញពីប្រទេសកម្ពុជា សិន ទើបអាចទទួលទិដ្ឋាការថ្មីបាន៖ «ឲ្យគាត់ថយមួយរយៈសិន ទើបអាចសុំទិដ្ឋាការថ្មីបាន»។
នៅថ្ងៃទី២០ ខែកុម្ភៈ ចុងសប្ដាហ៍នេះ ទិដ្ឋាការរបស់ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធានចលនាមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ នឹងត្រូវផុតកំណត់។ ការសម្រេចមិនបន្តទិដ្ឋាការរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ ចំពេលដែលអភិបាលខេត្តកោះកុង លោក ប៊ុន លើត រាយការណ៍មកក្រសួងមហាផ្ទៃ ថា លោក អាឡិក តែងតែរារាំងការចុះសិក្សារបស់ក្រុមជំនាញនៅតំបន់អារ៉ែង។
ស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន និយាយថា នឹងបណ្ដេញ លោក អាឡិក ចេញពីប្រទេសកម្ពុជា។
លោក សម រង្ស៊ី សម្ដែងការព្រួយបារម្ភថា នៅពេល លោក អាឡិក ចាកចេញពីប្រទេសកម្ពុជា រួចហើយ គឺអាចសមត្ថកិច្ចមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា វិញ។ ក្នុងនាមជាប្រធានក្រុមភាគតិចនៅក្នុងសភា លោក សម រង្ស៊ី និយាយថា ទោះការស្នើសុំតាមរយៈលិខិតមួយនេះមិនបានដូចបំណងក្តី ប៉ុន្តែលោកថា នេះជាអ្វីដែលលោកត្រូវធ្វើ ហើយរំពឹងថា ភាគីម្ខាងទៀតនឹងថ្លឹងថ្លែងរឿងនេះម្តងទៀត៖ «គាត់ (អាឡិក) មិនមានទោសអ្វីដែលត្រូវចាកចេញពីប្រទេសកម្ពុជា ទេ។ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំហើយ ឥឡូវនេះគឺត្រូវភាគីមួយទៀតគេយកទៅគិតទៅ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា នៅពេល លោក សម រង្ស៊ី ផ្ញើលិខិតមកក្រសួងមហាផ្ទៃ គឺចំពេល លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងបំពេញភារកិច្ចនៅក្រៅប្រទេស។ លោក ខៀវ សុភ័គ បន្តថា លោក សម រង្ស៊ី មិនត្រូវមានរំពឹងខ្ពស់ទៅលើជនបរទេសក្នុងកិច្ចការពារធនធានធម្មជាតិពេកទេ ព្រោះប្រជាជនកម្ពុជា រាប់លាននាក់ ក៏គេស្រឡាញ់ និងអាចការពារធនធានធម្មជាតិបានដែរ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោក សម រង្ស៊ី បានផ្ញើលិខិតមួយច្បាប់ជូន លោក ស ខេង ដើម្បីអន្តរាគមន៍ទៅនាយកដ្ឋានអន្តោប្រវេសន៍ បន្តផ្ដល់ទិដ្ឋាការជូន លោក អាឡិក ដើម្បីមានសិទ្ធិស្នាក់នៅប្រទេសកម្ពុជា តទៅទៀត។
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ទាមទារឲ្យក្រសួងមហាផ្ទៃ ផ្តល់ចម្លើយណាមួយ គឺត្រូវមានលាយលក្ខណ៍អក្សរជាផ្លូវការ ទើបលោកព្រមទទួលយក។ ជនបរទេសរូបនេះ នៅតែទទូចចង់បន្តស្នាក់នៅប្រទេសកម្ពុជា ដោយការបន្តទិដ្ឋាការមិនបាច់ចាកចេញពីប្រទេសកម្ពុជា។ ប៉ុន្តែ លោកថា ប្រសិនសមត្ថកិច្ចបង្ខំលោកឲ្យចាកចេញពីកម្ពុជា ដោយហិង្សា លោកមិនអាចប្រឆាំងបានឡើយ៖ «បើគេបង្ខំ យើងគ្មានជម្រើសក្រៅពីចេញទេ។ ប៉ុន្តែ អាឡិក នៅទីណាក៏បេះដូងនៅប្រទេសកម្ពុជា ដដែលទេ»។
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន គឺជាជនបរទេសល្បីឈ្មោះមួយរូបក្នុងកិច្ចការពារធនធានធម្មជាតិតំបន់អារ៉ែង ខេត្តកោះកុង ខណៈដែលក្រុមហ៊ុនមួយរបស់ប្រទេសចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro) មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅទីនោះ និងស្របពេលដែលរដ្ឋាភិបាលកំពុងពិចារណាថាគួរអភិរក្ស ឬក៏អភិវឌ្ឍតំបន់នេះ ត្បិតអីទីតាំងនេះមានធនធានធម្មជាតិកម្រ និងជាកន្លែងរស់នៅរបស់ជនជាតិដើមភាគតិច។
ដូចគ្នានេះដែរ អង្គការសិទ្ធិមនុស្សចំនួនពីរ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ចេញសេចក្តីថ្លែងការណ៍សម្ដែងការព្រួយបារម្ភចំពោះការនិរទេសជនបរទេសដែលការពារធនធានធម្មជាតិមួយនេះ។
ក្រៅពីប្រតិកម្មនានាទាមទារក្រសួងមហាផ្ទៃ បន្តទិដ្ឋាការឲ្យ លោក អាឡិក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១រដ្ឋសភា ឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ លោកនឹងដាក់ញត្តិថ្វាយព្រះមហាក្សត្រ និងប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធានចលនាមាតាធម្មជាតិ អាចរស់នៅក្នុងប្រទេសកម្ពុជា ជាបន្តទៀត។ លោក កឹម សុខា ថ្លែងទៀតថា រដ្ឋាភិបាលគួរតែបណ្ដេញអ្នកបំផ្លាញព្រៃឈើចេញពីប្រទេស។ រីឯ លោក អាឡិក ជាជនបរទេសមួយរូបដែលគួរតែអនុញ្ញាតឲ្យរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាជាមួយពលរដ្ឋខ្មែរការពារធនធានធម្មជាតិ៕
2 comments:
Alex Gonzales គឺជាមនុស្សម្នាក់ដ៏ល្អ គាត់មិនមែនជាជនកម្ពុជាទេ តែ គាត់ស្រឡាញ់ព្រព្រឹក្សារបស់ជនជាតិខ្មែរ ជាងជនជាតិខ្មែរយើងស្រឡាញ់ ទឹកដីរបស់យើង គួរអោយខ្មាស់អៀនជនបរទេសជាទីបំផុត ជនជាតិខ្លួនឯង មិនមើលឃើញនូវសេចក្ដីដ៏ល្លពីជាតិសាសន៏ដ៏ទៃ អ្វីដែលគេខំជួយស្រោច ស្រង់បែជារករឿងយកមូលហេតុបណ្ដេញគេចេញ យើងក៏ដឺងជាមុននូវ ល្បិចកលខ្មៅក្រខ្វក់នៃជនអន្តពាល CPP ការចាកចេញនៃលោកALEX គឺវាមិនអោយចូលស្រុកខ្មែរវិញឡើយ នេះជាគោលបំណងរបស់ពួកវា ។
Cambodian is An upside down state,this is where criminals set free and victims imprisoned.
I would like to urge all Cambodian,especially youth,to turn up at the airport in thousands,to express the feeling about the unjust/shamefull of our true friend Alex G.Davidson's eviction.
Alex's case is every Cambodian and every world citizen case.
We are honoured to have a true friend like Alex and mother earth needs him.
Please organise a demonstration,it is your right and it is you life.
Stop living in upside down world,free ourselves.
True Khmer
Post a Comment