ប្រធានតុលាការរាជធានីភ្នំពេញថ្មី លោក តាំង ស៊ុនឡាយ (ស្ដាំ) និងអតីតប្រធានតុលាការរាជធានីភ្នំពេញ លោក អាំង មាលតី (កណ្ដាល) ក្នុងពិធីផ្ទេរតំណែង និងចូលកាន់តំណែងជាប្រធានតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥។
RFA/Vann Vichar
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដកតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ជាផ្លូវការ។ ពិធីផ្ទេរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រារព្ធឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ តាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខានៅថ្ងៃដំណាលគ្នានេះ។
ការផ្លាស់ប្ដូរតំណែងរបស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបញ្ជាក់ថា ជារឿងធម្មតានៃក្របខ័ណ្ឌការងាររដ្ឋប៉ុណ្ណោះ។ តែទោះយ៉ាងណា ការផ្លាស់ប្ដូរតំណែងភ្លាមៗនេះ កើតឡើងមុនមួយថ្ងៃបន្ទាប់ពី លោក ហ៊ុន សែន ស្នើទៅកាន់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រជាប្រធាននោះ ឲ្យស៊ើបអង្កេតភាពមិនប្រក្រតីក្នុងសំណុំរឿងរបស់ឪពុកម្ដាយ លោក ថោង សារ៉ាត់។ លោក ហ៊ុន សែន ចោទថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ។
ក្នុងពេលដែលអ្នកមុខអ្នកការពីស្ថាប័នយុត្តិធម៌ និងរាជរដ្ឋាភិបាល ចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានតុលាការនេះ ក្រុមការងារអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ ក៏កំពុងតែមានវត្តមាននៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបអង្កេតដែរ។ នៅរសៀលថ្ងៃផ្ទេរតំណែងនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលចាត់ការរឿងក្តីទាំងអស់ ដោយផ្ដោតអារម្មណ៍លើការរៀបចំពិធីសែនអ្នកតាចូលឆ្នាំចិន យ៉ាងគគ្រឹកគគ្រេង និងជប់លៀងអបអរលោកចៅក្រម តាំង ស៊ុនឡាយ ដែលប្រៀបបាននឹងការទទួលបានរង្វាន់ ឬអាំងប៉ាវធំ គឺជាតំណែងប្រធានតុលាការរាជធានីភ្នំពេញ។
អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី បានឡើងថ្លែងសន្ទរកថារាយការណ៍ពីសមិទ្ធផលការងារជាង ៨ខែ ដែលខ្លួនបានបំពេញក្នុងនាមជាអ្នកដឹកនាំតុលាការក្រុងនេះ។ ប៉ុន្តែលោកបដិសេធមិនឆ្លើយសំណួរអ្នកកាសែត ជុំវិញការដកតំណែងនេះឡើយ។
គណៈអធិបតីចូលរួមពិធីផ្ទេរ និងចូលកាន់តំណែងជាប្រធានតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥។ RFA/Vann Vichar
ចំណែកប្រធានតុលាការរាជធានីភ្នំពេញថ្មី លោក តាំង ស៊ុនឡាយ វិញ ឡើងប្ដេជ្ញាចិត្តថានឹងធ្វើការងារប្រកបដោយវិជ្ជាជីវៈ ដោយមិនពុករលួយ និងប្រកាន់ភ្ជាប់តែសច្ចភាពយុត្តិធម៌។ ក្រៅពីដកតំណែងប្រធានតុលាការរាជធានីភ្នំពេញ ចៅក្រមដែលកាន់សំណុំរឿងរបស់ឪពុកម្ដាយ លោក ថោង សារ៉ាត់ គឺលោក លី សុខឡេង ក៏ត្រូវឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកការស៊ើបអង្កេតដែរ ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយ។
លោក ហ៊ុន សែន ថ្លែងថា ចៅក្រមដែលហ៊ានដោះលែងឪពុកម្ដាយ លោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ ធ្វើការតាមច្បាប់ដុល្លារ។ ហើយថា មួយករណីនេះ ចៅក្រមអាចទទួលបានលុយសំណូកក្នុងរង្វង់ ៥លានដុល្លារ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដែលជាគណៈអធិបតីក្នុងពិធីផ្ទេរតំណែងនោះ មិនបានប្រាប់ថាអង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់ការលើសំណុំរឿងនោះ ឬអត់ទេ។ ប៉ុន្តែ លោកព្រមានឲ្យចៅក្រមទាំងអស់ មានកិច្ចសហការល្អជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាពលរដ្ឋផង។ លោកគំរាមថា ចៅក្រមព្រះរាជអាជ្ញាទាំងអស់ មិនអាចដើរខុសផ្លូវនៃការកែទម្រង់របស់រាជរដ្ឋាភិបាលទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ នឹងចេញមុខបកស្រាយជូនសាធារណៈឲ្យបានជ្រាបច្បាស់ ពីករណីមិនប្រក្រតីនៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមអធិការកិច្ចស៊ើបអង្កេតរួចរាល់៕
2 comments:
ពួកមេធាវីទាំអនេះថ្ងៃណាមួយគង់ហុន សែនខ្ចប់ដូចតែគ្នា ?
for chinese New Year The Judge got -Ang Poa.
Post a Comment