A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 February 2015

Prime Minister Hun Sen supports legal measures against environmentalist Alex Gonzalez-Davidson as he was arrested នាយករដ្ឋមន្រ្តី​គាំទ្រ​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​សកម្មជន​អារ៉ែង លោក​អាឡិច​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015, 

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក អាឡិច
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ ប្រតិកម្ម​នឹង​អ្ន​ក​រិះគន់​រដ្ឋាភិបាល​ដែល​មិន​បានពន្យារ​ទិដ្ឋា​ការ​​ដល់​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង លោក លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ​ ឲ្យបន្ត​​រស់​នៅប្រទេស​កម្ពុជា​បន្ត​ទៀត។​
ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិលមួយ​ចំនួន និ​ង​អ្នក​នយោបាយ​បាន​​រិះគន់​រដ្ឋាភិបាល​ចំពោះ​ចំណាត់​ការ​​លើ​សកម្មជន​បរទេសជន​ជាតិ​អេស្ប៉ាញ លោក អាឡិច​​។​
ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថាប្រទេស​កម្ពុជា​ជា​​រដ្ឋអធិបតេយ្យមួយ ហើយ​ប្រសិន​បើ​​ជន​បរទេស​ និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវ​តែ​មានទោស។ លោក​នាយករដ្ឋមន្រ្តី​បន្ត​ថា​ ករណីនេះ កំពុង​តែ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​ត្រូវ​ចូល​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​បញ្ជាក់​ថា​«​គេ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យ​កាន់​តែ​អាក្រក់)។ តែ​គេ​បណ្តេញចេញ​ហើយ​ វាត្រូវ​ចូលក្នុង​បញ្ជីខ្មៅ។ វា​ចប់​ហើយ។ អាហ្នឹង​ហើយ​គេថា​ចង់​ជ្រុល…»
លោក​នាយករដ្ឋមន្រ្តី ក៏​បាន​ស្នើ​ឲ្យ​អ្នក​នយោបាយមួយ​ចំនួន​ពិចារណា​លើ​ករណី​នេះ ដោយ​លើ​ក​ឡើង​ថាមិន​មាន​ជន​បរទេស​ណា​ដែល​ស្រឡាញ់​ខ្មែរ​ជាង​ប្រជា​ជន​ខ្មែរ​នោះ​ទេ​​។ លោក​បាន​ថ្លែង​ថា«មិន​ថា​ជន​បរទេស​បំពាន​ទេ ជនជាតិខ្មែរ​បំពាន​ក៏ត្រូវ​តែ​មាន​ទោសដែរ។ អំណាច​រដ្ឋ ម្យ៉ាងទៀត​ ក៏​សូម​ផ្តាំផ្ញើ​អ្នក​នយោបាយ​មួយចំនួន សូម​បញ្ជាក់​ឲ្យ​ហើយ​ គ្មាន​បរទេស​ណា​ ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ទេ។ ប៉ុន្តែ​សង្ឃឹម​ថា​រឿងអស់ទាំងនេះ ត្រឹម​តែ​រដ្ឋមន្រ្តីមហាផ្ទៃ ដោះស្រាយ​បាន​ហើយ។ គេទៅរំខាន​ដល់​ព្រះមហាក្សត្រណោះ​»

លោកនាយក​រដ្ឋមន្រ្តី ក៏​បាន​រិះគន់​អ្នក​នយោបាយ​មួយ​ចំនួន ដែល​បាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍ពី​ព្រះមហា​ក្សត្រ​ ដែល​លោក​ចាត់​ទុក​ថា​នេះ​ជា​រឿង​រំខានព្រះមហាក្សត្រ​។ លោក​បន្ត​ថា​ត្រឹម​តែ​រដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃ​ ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ។ លោក​នាយក​រដ្ឋមន្រ្តី​បន្ត​ថារដ្ឋាភិបាល​បាន​កំពុង​តែ​ទាក់​ទង​ទៅ​​ស្ថាន​ទូត​អេស្ប៉ាញ ដើម្បី​​ឲ្យ​លោក​អាឡិច​ចេញ​ទៅ​ក្រៅ​ប្រទេស​តាមសម្រួល​។
លោក អា​ឡិច ប្រាប់​VODនៅថ្ងៃ​ចន្ទនេះលោក​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាមួយ​រយៈ​សិន ប្រសិន​បើ​មាន​ការ​សន្យា​ជាក់​លាក់​ថា​នឹងមាន​ការ​ផ្តល់​​​ទិដ្ឋាការឲ្យ​លោក​អាច​រស់​នៅ​កម្ពុជា​វិញ។ ប៉ុន្តែ​លោក​​​​ថាលោក​​មិន​មាន​ជំនឿ​ថាបាន​ត្រឡប់​មក​កម្ពុជា​វិញ​ទេ។​
គួរ​រំឮកថា កាល​ពីថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយស្នើឲ្យលោក ស ខេង អន្តរាគមន៍​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បន្ត​ទិដ្ឋាការ​ឲ្យ​លោក អា​ឡិច ដើម្បី​អាច​មាន​សិទ្ធិ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។​ចំណែក​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​លោក កឹម សុខា ក៏​បាន​ផ្ញើលិខិត​មួយ​ទៅ​ប្រធានរដ្ឋសភា​លោក ហេង សំរិន និង​មួយទៀត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ដែល​មាន​ខ្លឹមសារ​ដូច​គ្នា គឺ​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​បន្ត​ទិដ្ឋការដ​ល់​លោក​ អាឡិ​ចបាន​ស្នាក់នៅ​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។​
ចំណែក​ឯ​អង្គការសមាគមជាង​៣០​បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​មួយ​ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​​សេចក្តី​សម្រេច​ចិត្ត​មិន​បន្តទិដ្ឋា​ការជូន​លោក អាឡិច ។ អង្គការ​សមាគមទាំង​នោះ​ចាត់ទុក​លោក អាឡិច ថាជា​បុគ្គល​មួយ​រូប​​ដែល​ឈាន​មុខ​គេ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ ការពារតំបន់​អារ៉ែង​មិ​ឲ្យ​មាន​ការកសាង​ទនប់​វារី​​អគ្គិ​សនី ដែល​គេ​ជឿ​ថា ការ​កសាង​ទំនប់​វារី​អគ្គិសនី​នេះ នឹង​អាច​ប៉ះពាល់​ដល់​ដី​លំនៅ​ដ្ឋាន​របស់​ជន​ជាតិ​ជង​​នៅ​ទីនោះ ។
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍ថា​លិខិតឆ្លងដែន​របស់​លោក អា​ឡិច​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ តែ​លោក​អា​ឡិចអាច​បន្ត​ស្នាក់នៅ​កម្ពុជា​បាន ដោយ​មិនបាច់​ទៅសុំ​បន្ត​ទិដ្ឋាការ​ថ្មី ដោយ​ត្រូវ​បង់​ប្រាក់​ពិន័យ​៥​ដុល្លារ​ក្នុង​១​ថ្ងៃ។ លោក​ថា លោក​អា​ឡិច គឺជា​ជន​បរទេស​មិនមែន​អន្តោប្រវេសន៍ ដែល​ក្រសួង​មហាផ្ទៃ​មិន​អាច​យក​ច្បាប់​អន្តោប្រវេសន៍ ទៅ​អនុវត្ត​លើ​បុគ្គល​នោះបានទេ ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ទទួលស្គាល់ថាក្នុងប្រទេសនីមួយៗពិតជាមាននីតិរដ្ឋ និងអធិបតេយ្យភាពទឹកដីរបស់ខ្លួនមែន ប៉ុន្តែរាល់ការអនុវត្តច្បាប់ឬបទដ្ឋានអ្វីមួយគួរតែស្របទៅតាមមជ្ឈដ្ឋានអន្តរជាតិដែរ។ លោកបន្តថាក្នុងនាមជាសង្គមស៊ីវិលលោកនៅតែទទូចឲ្យរដ្ឋាភិបាលបន្តទិដ្ឋការដល់ជនបរទេសជួយសង្គមជាតិខ្មែរម្នាក់នេះ ហើយថាប្រសិនបើរដ្ឋាភិបាលមានចេតនាបណ្តេញបរទេសរូបនេះចេញមែននោះ នឹងធ្វើឲ្យកម្ពុជារងការរិះគន់ពីអន្តរជាតិ ។
​មន្ត្រី​នាយកដ្ឋាន​ជនបរទេស​មិន​អន្តោប្រវេសន៍ លោក សុខ វាសនា មានប្រសាសន៍ថាបើទិដ្ឋាការ​​ផុតកំណត់​៣០​ថ្ងៃ តាម​អនុក្រឹត្យ ត្រូវ​ចាប់​បញ្ជូន​ជន​មិន​មែន​អន្តោប្រវេសន៍​នោះ​ចេញពី​កម្ពុជា ។ លោកលើកឡើងថា«តាមច្បាប់របស់យើង អនុក្រិតយើង វាលើស៣០ថ្ងៃគាត់ត្រូវតែបង់ផាកពិន័យ ហើយចាប់បញ្ជូនចេញ អត់មានបញ្ហា ឬក៏យើងមិនបានហាមឃាតថាអត់ឲ្យគាត់ចូលវិញទេ ចឹងគាត់មានសិទ្ធិគ្រាន់តែផុតទិដ្ឋាការហ្នឹង ឲ្យគាត់អញ្ជើញចេញ ហើយមានសិទ្ធិចូលមកវិញសុំទិដ្ឋាការថ្មីម្តងទៀត»
លោក អា​ឡិច ជា​ជនជាតិ​អេស្ប៉ាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០​ ឆ្នាំមកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: