ដោយ៖ ញឹម សុខន | ថ្ងៃសៅរ៍ ទី14 កុម្ភៈ 2015,
មេដឹកនាំបក្សប្រឆាំងអះអាងម្តងទៀតថា ការប្តូរយុទ្ធសាស្ត្រពីការរិះគន់ភាពអវិជ្ជមានរបស់បក្សកាន់អំណាចមកជជែកទាល់មុខគ្នាជាមួយរាជរដ្ឋាភិបាលជាគន្លឹះ ដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗដែលពលរដ្ឋកំពុងជួបប្រទះ ។
ការបំភ្លឺរបស់មេដឹកនាំបក្សប្រឆាំងពេលនេះ ធ្វើឡើងស្របពេលដែលអ្នកធ្លាប់គាំទ្រខ្លះបានរិះគន់តាមបណ្តាញសង្គមថា គណបក្សសង្គ្រោះជាតិ ដែលធ្លាប់រិះគន់បក្សកាន់អំណាចមិនសំចៃពីអំពើពុករលួយ បក្ខពួកនិយម តុលាការមិនឯករាជ្យ ជនអន្តោប្រវេសន៍ ការរំលោភយកដីធ្លី បូរណភាពទឹកដី ជាដើមនោះ បានស្ងប់ស្ងាត់ទៅវិញ ពេលតំណាងរាស្ត្រទាំង៥៥រូប ចូលកាន់តំណែងរដ្ឋសភា ។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់ព្រមានច្រើនដងពីការប្រើប្រាស់វេទិកាសាធារណៈតាមមូលដ្ឋានសម្រាប់រិះគន់គណបក្សប្រជាជនកម្ពុជានេះដោយលោកអះអាងថា បក្សប្រឆាំងមួយនេះមិនប្រើប្រាស់យន្តការជជែកគ្នាក្នុងសភាដូចការអះអាងរបស់មេបក្សប្រឆាំង ។
តាមការអះអាងលើបណ្តាញសង្គម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា យល់ថា វប្បធម៌សន្ទនា មិនមានន័យថា ជាការចុះចាញ់នោះទេ គឺជាការប្រមូលយកនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋមកដាក់លើតុដើម្បីដោះស្រាយ ។
យ៉ាងណាក៏ដោយ អ្នកមានជម្លោះដីធ្លីនៅតាមបណ្ដាខេត្តមួយចំនួនអះអាងថា ចាប់តាំងពីគណបក្សប្រឆាំងដើរចូលសភាមក បញ្ហាដីធ្លីរបស់ពួកគេនៅមិនទាន់ដោះស្រាយនៅឡើយ ជាងនេះទៅទៀត កាលពីថ្ងៃទី១០ ខែកុម្ភៈសប្តាហ៍នេះ អ្នកមានជម្លោះដីធ្លីមកពី១៧រាជធានីខេត្ត បានដើរហែក្បូនតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ យកញត្តិទៅដាក់ជូនក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍ តុលាការកំពូល ជំរុញឲ្យស្ថាប័នទាំងនោះ ទប់ស្កាត់ការរំលោភយកដីអ្នកភូមិ ទប់ស្កាត់ការបណ្តេញចេញ និងទាមទារឲ្យដោះលែងស្ត្រីជាសកម្មជនដីធ្លីយ៉ាងតិច១០នាក់ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសជាដើម បើទោះបីតំណាងរាស្ត្របក្សប្រឆាំងខ្លះនៃគណៈកម្មការជំនាញបានចុះសិក្សាជម្លោះដល់ទីតាំងនិងបានកោះហៅមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធខ្លះមកសាកសួរក៏ដោយ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment