ដោយ៖ ឡាយ សាមាន | ថ្ងៃសុក្រ ទី13 កុម្ភៈ 2015 |
ស្តាប់សំឡេង៖ | ចម្លងទុក |
ជនបរទេសដែលលេចធ្លោក្នុងការការពារធនធានធម្មជាតិនៅតំបន់អារ៉ែង លោក អាឡិច ឲ្យដឹងថានាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា មិនបន្តទិដ្ឋាការឲ្យលោកបន្តរស់នៅលើទឹកដីកម្ពុជាទៀតឡើយ ។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិច(Alejandro Ganzalez Davidson) ដែលជាអ្នកតស៊ូមតិប្រឆាំងនឹងការសង់ទំបន់អគ្គិសនីតំបន់អារ៉ែង ប្រាប់ VOD នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា កាលពី៥ ថ្ងៃមុនលោកបានស្នើសុំបន្តទិដ្ឋាការរបស់លោកតាមរយៈភ្នាក់ងារទេសចរណ៍មួយ ។ តែភ្នាក់ងារទេសចរណ៍ប្រាប់លោកថា នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃមិនបន្តទិដ្ឋាការជូនលោកឡើយ ។ ចំពោះករណីនេះលោកយល់ថា ជាគំនុំដែលរដ្ឋាភិបាលមិនចង់ឲ្យលោករស់នៅលើទឹកដីកម្ពុជា ដោយសារលោកជាអ្នកតស៊ូមតិ និងអ្នកការពារព្រៃឈើតំបន់អារ៉ែង ។
លោកថា «ជាមួយរឿងមួយដែល១០០ភាគរយ វាទាក់ទងនឹងអ្វីដែលយើងបានធ្វើ គឺយុទ្ធនាការទប់ស្កាត់វារីអគ្គិសនីនៅអារ៉ែង តាមរយៈព័ត៌មានដែលទទួលមិញ តាមរយៈកាសែតនោះគេថា គេមិនដេញទេ ប៉ុន្តែគេអត់បន្តឲ្យ។ អ៊ីចឹងមានន័យថា ផុតថ្ងៃទី២០ហ្នឹង នឹងក្លាយទៅជាជនអន្តោប្រវេសន៍ខុសច្បាប់ អ៊ីចឹងតាមច្បាប់អន្តោប្រវេសន៍ដែលជាច្បាប់ធរមានហ្នឹង ប្រសិនបើអត់មានទិដ្ឋាការហ្នឹងគេអាចដេញបាន» ។
លោក អាឡិច អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរជួយការពាររូបលោកឲ្យបន្តរស់នៅលើទឹកដីកម្ពុជា ដើម្បីរក្សាការពារព្រៃឈើ តាមរយៈការដាក់ញត្តិរកអន្តរាគមន៍ ចេញតស៊ូមតិ និងសរសេរ Comment លើហ្វេសប៊ុកជាដើម ។ លោក អាឡិច ឲ្យដឹងថា ទិដ្ឋាការរបស់លោកនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែ កុម្ភៈខាងមុខនេះ ។
VOD មិនអាចសុំការអត្ថាធិប្បាពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក សុខ ផល បាននៅឡើយទេ ។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់ថាលោកមិនទាន់បាទទួលព័ត៌មាននេះ ។
VOD មិនអាចសុំការអត្ថាធិប្បាពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក សុខ ផល បាននៅឡើយទេ ។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់ថាលោកមិនទាន់បាទទួលព័ត៌មាននេះ ។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សនៅកម្ពុជាលោក អ៊ួច ឡេង យល់ថា ប្រសិនបើកម្ពុជាមិនបន្តទិដ្ឋាការឲ្យលោក អាឡិច មានន័យថា រដ្ឋាភិបាលកម្ពុជាកំពុងរើសអើងជាតិសាសន៍ និងផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ។ លោកបញ្ជាក់ថា «ក្រសួងមហាផ្ទៃប្រសិនជាប្រទេសយើងកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវតែបន្តទិដ្ឋាការឲ្យគាត់ ដើម្បីឲ្យគាត់បន្តការងារគាត់ការពារព្រៃឈើ ព្រោះគាត់មិនចង់បានប្រយោជន៍អីក្រៅពីការពារព្រៃឈើ មកការពារឲ្យយើង មកជួយអភិវឌ្ឍន៍ឲ្យយើង មកជួយផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋយើង ឲ្យបានមានចំណេះដឹង ឲ្យមានលទ្ធភាពក្នុងការការពារតំបន់អារ៉ែង ។ ប្រសិនជារដ្ឋាភិបាលមិនព្រមបន្តទិដ្ឋាការឲ្យទេ មានន័យថា រដ្ឋាភិបាលគឺចូលគំនិតជាមួយក្រុមហ៊ុនឯកជន នៅក្នុងការចង់បានតំបន់អារ៉ែងធ្វើវិនិយោគជាដើម» ។
លោក អ៊ួច ឡេង បន្ថែមថា ប្រទេសមួយអាចដេញជនបរទេស ឬមិនបន្តទិដ្ឋាការឲ្យជនបរទេស ទាល់តែបុគ្គលនោះប្រព្រឹត្តខុសច្បាប់ និងផ្ទុយពីសីលធម៌សង្គម ដូចជាករណីអ្នកថតរូបស្រាតនៅប្រាសាទអង្គរវត្ត តែជាក់ស្តែងលោក អាឡិច គ្រាន់តែជាអ្នកការពារព្រៃឈើនៅប្រទេសកម្ពុជា និងអាចនិយាយភាសាខ្មែរច្បាស់ទៀតផង ។
កន្លងទៅលោក ឈាង វុន មន្ត្រីគណបក្សប្រជាជនកម្ពុជា បានគំរាមដេញជនជាតិអេស្ប៉ាញ រូបនេះដែលចេះនិយាយភាសារខ្មែរច្បាស់ គឺលោក អាឡិច ដែលជាសកម្មជនអ្នកការពារព្រៃឈើតំបន់អារ៉ែងខេត្តកោះកុង ដោយចោទថាបានលូកដៃចូលកិច្ចការផ្ទៃក្នុងរដ្ឋាភិបាលកម្ពុជា ៕
សូមសរសរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment