ក្រុមហ៊ុនចម្ការដំឡូងមីរបស់វៀតណាម មួយឈ្មោះថា "សហគមន៍ទឹកខ្មៅ" កំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋខ្មែរខ្លះនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ។
ទំនាស់នេះនាំឱ្យក្រុមហ៊ុនវៀតណាម ប្ដឹងទៅតុលាការខេត្តសៀមរាប រហូតដល់មានការដឹកនាំកម្លាំងប៉ូលិសប៉េអិមទៅចាប់ខ្លួនអ្នកភូមិ ២នាក់ ហើយអ្នកភូមិប្រុសៗមួយចំនួនទៀតនាំគ្នារត់គេចខ្លួនដោយសារភ័យខ្លាច។
ប្រជាពលរដ្ឋមួយចំនួននៅភូមិជប់រំដេង ស្រុកស្វាយលើ កំពុងអំពាវនាវឱ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចុះស៊ើបអង្កេត និងជួយរកយុត្តិធម៌ដល់ពួកគេឱ្យបានត្រឹមត្រូវ។
ការអំពាវនាវធ្វើឡើងបន្ទាប់ពីពួកគេមានទំនាស់ជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះ "សហគមន៍ទឹកខ្មៅ" ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចធ្វើចម្ការដំឡូងមី ហើយក្រុមហ៊ុននោះ បានប្ដឹងតុលាការខ្មែរឱ្យដឹកនាំកម្លាំងសមត្ថកិច្ចទៅចាប់ខ្លួនអ្នកភូមិដោយមិនដឹងមូលហេតុ។
អ្នកភូមិជប់រំដេង ម្នាក់ក្នុងចំណោមមួយចំនួនទៀត គឺអ្នកស្រី យុង គឹមលាង។ អ្នកស្រីអះអាងថា កាលពីថ្ងៃទី៤ ខែមករា កន្លងទៅតុលាការខេត្តសៀមរាប បានដឹកនាំកម្លាំងប៉ូលិស និងប៉េអិមជាច្រើននាក់ទៅចាប់ខ្លួនប្ដីរបស់គាត់ឈ្មោះ វ៉ែន ឡន និងបុរសម្នាក់ទៀតឈ្មោះ បឿន សុខ។
ស្ត្រីដដែលបញ្ជាក់ថា ក្នុងរដូវដំឡូងមីត្រូវទទួលផលនេះ គឺមេការក្រុមហ៊ុន និងជនជាតិវៀតណាម ជាច្រើនទៀតតែងជួលអ្នកភូមិឱ្យដើរកាប់ដើមដំឡូងមីក្នុង ១ថ្ងៃ ឱ្យថ្លៃ ២ម៉ឺនរៀល ចំណែកអ្នកចងបាច់ដើមដំឡូងគឺគេឱ្យ ៣០០រៀលក្នុង១បាច់។ នៅពេលដែលក្រុមហ៊ុនវៀតណាម ជួលអ្នកភូមិខ្មែរឱ្យកាប់ដើមដំឡូងអស់ ១ហិកតារ គឺគេយកត្រាក់ទ័រទៅភ្ជួរដាំវិញភ្លាម ប៉ុន្តែអ្វីដែលហួសចិត្តគឺក្រុមហ៊ុនវៀតណាម បានចោទអ្នកភូមិខ្មែរថា បានកាប់បំផ្លាញដំណាំរបស់ពួកគេ៖ «ហើយហៅសមត្ថកិច្ចចុះមកចាប់មកដល់ម៉ោង ៣កន្លះចាប់មនុស្សចេញមក ទាត់ធាក់វាយសន្លប់សូម្បីតែខ្ញុំមនុស្សស្រីពោះធំហ្នឹង ចាប់ខ្ញុំវាយខ្នោះទាញខ្ញុំបោកពីសមត្ថកិច្ចមួយទៅសមត្ថកិច្ចមួយប្ដីៗអ្នកនៅផ្ទះក្បែរៗហ្នឹងដេញចាប់មិនឱ្យមាននៅផ្ទះមួយទេ។ ហេតុអ្វីបានជាយួន ទៅធ្វើបានប្រជាពលរដ្ឋដោយព្រៃផ្សៃ?»។
ទោះយ៉ាងណាមន្ត្រីតុលាការនិងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការចុះអនុវត្តចាប់ខ្លួនអ្នកភូមិជប់រំដេង នោះ បានច្រានចោលមិនធ្វើការអធិប្បាយជុំវិញរឿងនេះឡើយ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សំរិត សុខុន បានសុំមិនធ្វើការអធិប្បាយជុំវិញរឿងនេះទេ ដោយលោកជំរុញឱ្យសួរទៅប្រធានរបស់លោក៖ «សួរទៅមេខ្ញុំទៅ ព្រោះខ្ញុំអត់អាចឆ្លើយបានទេ ទាល់តែមានការអនុញ្ញាតពីគាត់ ព្រោះពេលខ្ញុំចុះទៅគឺគាត់បញ្ជាឱ្យខ្ញុំទៅ ហើយការសម្ភាសអីតាមកាសែត ទាល់តែគាត់អ្នកបំភ្លឺវិញកុំឱ្យខុសខ្ញុំ»។
ចំណែកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ លោក យឹម សុភាព ឱ្យដឹងថា ការចុះចាប់ខ្លួនអ្នកភូមិនោះ ដោយសារតែក្រុមហ៊ុនវៀតណាម ប្ដឹងពីបទកាប់បំផ្លាញដំឡូងរបស់គេ។
កាលពីថ្ងៃទី៥ ខែមករា អ្នកភូមិជប់រំដេង ស្រុកស្វាយលើ ខ្លះ បាននាំគ្នាមកដាក់បណ្ដឹងប្រឆាំងនឹងការចាប់ខ្លួននេះនៅទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ ចំរើន ឱ្យដឹងថា លោកពិតជាបានទទួលបណ្ដឹងពីក្រុមអ្នកភូមិទាំងនោះមែន ក៏ប៉ុន្តែលោកមិនទាន់បានចុះស៊ើបអង្កេតជុំវិញរឿងនេះ ថាវាកើតឡើងយ៉ាងណានៅឡើយទេ។ សមាគមការពារសិទ្ធិមនុស្សអាដហុក មានគម្រោងនឹងចុះស៊ើបអង្កេតករណីនេះនៅពេលឆាប់ៗ៕
No comments:
Post a Comment