កូនស្រីរបស់ប្រធានាធិបតីចិនបច្ចុប្បន្ន កំពុងសិក្សានៅសាកលវិទ្យាល័យហាវើត សហរដ្ឋអាមេរិក។ នាងមានឈ្មោះថាស៊ីមីងស៊ឺ (Xi Mingze)។ នាងបានចូលរៀននៅសាកលវិទ្យាល័យហាវើត កាលពីខែឧសភា ឆ្នាំ២០១០ ក្នុងវ័យ ២០ ឆ្នាំ ពោលគឺតាំងពីមុនពេលប៉ារបស់នាងឡើងកាន់តំណែងជាប្រធានាធិបតីចិន កាលពីខែឧសភា ឆ្នាំ២០១៣ នោះម៉្លេះ។
នាងស៊ីមីងស៊ឺ ចុះឈ្មោះចូលរៀននៅហាវើត ដោយប្រើឈ្មោះផ្សេង។ ប៉ុន្តែមិត្តភក្ដិរបស់នាងដែលធ្លាប់ស្គាល់នាងតាំងពីនៅក្មេងៗ អាចចំណាំនាងបាន។ សារព័ត៌មាន Daily Mail របស់អង់គ្លេសបានព្យាយាមតាមដានប្រវត្តិរូបរបស់នាងស៊ីមីងស៊ឺ ដោយព្យាយាមសម្ភាសន៍មិត្តភក្ដិដែលស្គាល់ប្រវត្តិរបស់នាងច្បាស់។
សារព័ត៌មាន wantchinatimes.com របស់កោះតៃវ៉ាន់ ចុះផ្សាយថានាងស៊ីមីងស៊ឺ ស្នាក់នៅក្នុងបន្ទប់ជួលរបស់សាកលវិទ្យាល័យតែម្ដង ដោយមានសេនាការពារឆ្វេងស្ដាំ (ជាជនជាតិចិន) ២៤ម៉ោងលើ ២៤ ម៉ោង និងមានភ្នាក់ងារអេហ្វប៊ីអាយ (FBI) របស់សហរដ្ឋអាមេរិកជួយការពារបន្ថែមទៀត។
នាងស៊ីមីងស៊ឺបានចុះឈ្មោះនៅសាកលវិទ្យាល័យហាវើត ដោយប្រើឈ្មោះ «មូស៊ី - Muzi»។ នាងជាមនុស្សមិនប្រកាន់ឫកពារច្រើនទេ គឺធ្វើខ្លួនសាមញ្ញៗ – ជាយុវតីដែលចូលចិត្តអានសៀវភៅ។ នាងស៊ីមីងស៊ឺ ជាកូនស្រីទោលរបស់លោកប្រធានាធីបតីចិន ស៊ីជីនភីង (Xi Jinping) និងលោកស្រីប៉េងលីយន់ (Peng Lyuan)។
អ្នកដែលស្គាល់នាងបានប្រាប់ថានាងជាអ្នកដែលញៀននឹងការអានសៀវភៅ (bookworm) – ជាយុវតីដែលមិនសូវបានសម្ដីច្រើនទេ ហើយឧស្សាហ៍ព្យាយាមក្នុងការសិក្សាណាស់ ក្នុងនោះនាងក៏សិក្សាមុខវិជ្ជានយោបាយផងដែរ។ នៅក្នុងបទបាឋកថាមួយដែលប្រារព្ធធ្វើកាលពីពេលកន្លងទៅ នាងស៊ីមីងស៊ឺបានត្រងត្រាប់ស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះគ្រូឧទ្ទេសនាមធ្វើបទបង្ហាញ ស្ដីពីនយោបាយក្នុងជួរបក្សកុម្មុយនិស្តចិន៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ businessinsider.com , washingtonpost.com , Daily Mail (online)
No comments:
Post a Comment