ភ្នំពេញ ៖ ដើមបណ្ដឹងក្នុងសំណុំរឿងប្ដឹងស្ត្រីម្នាក់មានតួនាទីជាអ្នកគ្រប់គ្រងចាត់ការទូទៅផ្នែកហិរញ្ញវត្ថុនៅក្នុង ធនាគារកម្ពុជាសាធារណៈ ពីបទរំលោភលើទំនុកចិត្ត ” ពាក់ព័ន្ធនឹង ការស៊ីដាច់ប្រាក់បញ្ញើចំនួន ១ លាន ដុល្លារកន្លះ ត្រូវបានសមត្ថកិច្ចចាប់និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ខណៈពេលចូលបំភ្លឺ ក្នុងនាមជាដើមបណ្ដឹង ដើម្បីការពារបណ្ដឹងរបស់ខ្លួន នៅដំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ដើមបណ្ដឹងរូបនេះ ឈ្មោះ ឆេង ស្រីមុំ បានសុំចូលបំភ្លឺដោយខ្លួនឯង ក្នុងនាមជា ដើមបណ្ដឹងរដ្ឋប្បវេណី ។ ដល់ថ្ងៃកំណត់ ថ្ងៃទី២៧ និងទី ២៨ ខែមករា ឆ្នាំ២០១៥ ខណៈឈ្មោះ ឆេង ស្រីមុំ មកតុលាការ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន របស់លោក ហេង កេសរោ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ យោងអំណាច សាលក្រមកំបាំងមុខ ផ្ដន្ទាទោសពីបទក្លែងឯកសារសាធារណៈ ។
ក្នុងសំណុំរឿងនេះ ដំបូងឡើយ ឈ្មោះ ឆេង ស្រីមុំ បានប្ដឹងស្ត្រីឈ្មោះ ខៀវ សុដាវី អ្នកគ្រប់គ្រងចាត់ការទូទៅផ្នែកហិរញ្ញវត្ថុនៅក្នុងធនាគារកម្ពុជាសាធារណៈ ហើយតំណាង អយ្យការបានចោទប្រកាន់ឈ្មោះ ខៀវ សុដាវី ជាផ្លូវការពីបទ រំលោភលើទំនុកចិត្ត រួច បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី តាមរូបភាពជនត្រូវចោទ នៅក្រៅឃុំ ។
ពាក្យបណ្ដឹងរបស់ឈ្មោះ ឆេង ស្រីមុំ បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង១៣និង៣០នាទី ឈ្មោះឆេង ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បានយកប្រាក់ចំនួន ១ លាន ៥ សែនដុល្លារអាមេរិកទៅដាក់ចូលក្នុងករណីរបស់ខ្លួនដែលមាន លេខគណនី ១០១.០២.៣០៤៦១៧៤.៤ នៅធនាគារកម្ពុជាសាធារណៈ។
នៅពេលដាក់ប្រាក់ឈ្មោះ ឆេង ស្រីមុំ បានជួបជាមួយឈ្មោះ ខៀវ សុដាវី ដែលមានតួនាទីជាអ្នកគ្រប់គ្រងចាត់ការទូទៅផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ហើយ ឈ្មោះខៀវ សុដាវី ជាអ្នករៀបចំបែបបទបញ្ចូលប្រាក់នូវចំនួនខាងលើចូលទៅក្នុងគណនីរបស់ឈ្មោះ ឆេង ស្រីមុំ។
បន្ទាប់ពីប្រគល់ប្រាក់រួចនោះ ឈ្មោះឆេង ស្រីមុំ បានរង់ចាំយកសៀវភៅ SAVING ACCOUNT របស់ខ្លួនដើម្បីពិនិត្យមើលទឹកប្រាក់ដែលបានដាក់បញ្ចូល តែក្រោយពីការរង់ចាំរហូតដល់ធនាគារបិទទ្វារ ឈ្មោះ ខៀវ សុដាវី បានឲ្យឈ្មោះ ឆេង ស្រីមុំ ត្រឡប់ទៅផ្ទះនិងចាំទទួលយកសៀវភៅ SAVING ACCOUNT នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣វិញ ព្រោះខាងធនាគាររៀបចំឯកសារមិនទាន់ទេ ហើយឈ្មោះខៀវ សុដាវី ក៏បានរៀបចំលិខិតរបស់ធនាគារមួយច្បាប់ប្រគល់ទៅឲ្យឈ្មោះ ឆេង ស្រីមុំ ដើម្បីបញ្ជាក់នូវទឹកប្រាក់ដែលឈ្មោះ ឆេង ស្រីមុំយកមកសន្សំនៅធនាគារ។
លុះដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ឈ្មោះ ឆេង ស្រីមុំ បានទាក់ទងមកឈ្មោះ ខៀវ សុដាវី ដើម្បីទទួលយកសៀវភៅ SAVING ACCOUNT របស់ខ្លួន តែឈ្មោះខៀវ សុដាវី ចេះតែប្រាប់ថា ថ្ងៃនេះថ្ងៃនោះរហូត។ ដោយរង់ចាំយូរពេកឈ្មោះ ឆេង ស្រីមុំ បានធ្វើការស៊ើបសួរមកធនាគារទើបដឹងថា ឈ្មោះខៀវ សុដាវី ពុំបានយកប្រាក់របស់ខ្លួនដែលមានចំនួន ១លាន៥សែនដុល្លារបញ្ចូលទៅក្នុងធនាគារឡើយ ។
នៅចន្លោះពេលដែលចៅក្រមស៊ើបសួរកំពុងចាត់ការបណ្ដឹងរបស់ឈ្មោះ ឆេង ស្រីមុំ នោះ លោកមេធាវី ឈិត បូរ៉ាវុធ តំណាងធនាគារកម្ពុជាសាធារណៈ បានដាក់ពាក្យបណ្ដឹង មួយប្ដឹងបកឈ្មោះ ឆេង ស្រីមុំ ពីបទក្លែងឯកសារសាធារណៈ ។
ក្រោយមកតុលាការបានចាត់ការលើបណ្ដឹងនេះជាបន្តបន្ទាប់ រហូតឈានដល់ការ បើកសវនាការ ប្រកាសសាលក្រមកំបាំងមុខផ្ដន្ទាទោសឈ្មោះ ឆេង ស្រីមុំ ពីបទក្លែង ឯកសារសាធារណៈ ។ យោងតាមការប្រកាសនេះ លោកចៅក្រម ហេង កេសរោ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ជនជាប់ចោទ ឆេង ស្រីមុំ ។ ដោយឡែកពាក្យ បណ្ដឹងរបស់ឈ្មោះ ឆេង ស្រីមុំ ប្ដឹងបុគ្គលិកធនាគារកម្ពុជាសាធារណៈ តុលាការពុំទាន់ សម្រេចយ៉ាងណានៅឡើយទេ បើទោះជាបណ្ដឹង ឈ្មោះ ឆេង ស្រីមុំ ដាក់មុនក៏ដោយ ពោលគឺនៅក្នុងដំណាក់កាលស៊ើបសួរដដែល រីឯបណ្ដឹងខាងធនាគារ ដាក់ក្រោយ តែតុលាការចាត់ការយ៉ាងឆាប់រហ័សរហូតចេញសាលក្រមកំបាំងមុខ ។
ជាមួយគ្នានេះ លិខិតកិច្ចសន្យាធានារ៉ាប់រងពីធនាគារកម្ពុជាសាធារណៈ លិខិតចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣ ដែលមានចុះហត្ថលេខាដោយឈ្មោះ ខៀវ សុដាវី អ្នកគ្រប់គ្រងចាត់ការទូទៅផ្នែកហិរញ្ញវត្ថុនៅក្នុងធនាគារកម្ពុជាសាធារណៈ និង ភាគីដើមបណ្ដឹង ឈ្មោះ ឆេង ស្រីមុំ បានបញ្ជាក់ថា “ នាងខ្ញុំ ខៀវ សុដាវី សូមធានាមិនឲ្យបាត់បង់ ឬ នរណាម្នាក់មកបិទកុង បន្លំទឹកប្រាក់របស់កញ្ញា ឆេង ស្រីមុំ ឡើយ ។ កញ្ញា ឆេង ស្រីមុំ ពិតជាមានទឹកប្រាក់ចំនួន ១.៥០០.០០០ ( មួយលានហាសិបម៉ឺនដុល្លារអាមេរិក ) នៅក្នុងធនាគារកម្ពុជាសាធារណៈរបស់យើង ខ្ញុំពិតប្រាកដមែន ។ ដោយមានលេខសៀវភៅ SAVING ACCOUNT ១២៩១១៤ ហើយលេខកូដ បោះត្រាលើសៀវភៅខាងលើលេខ ៣០.៤៦១៧៤៤ ហើយលេខគណនី ១០១.០២.៣០៤៦១៧៤.៤ ។ នាងខ្ញុំ ខៀវ សុដាវី សូមធានារ៉ាប់រងចំនួនទឹកប្រាក់និងសៀវភៅរបស់ កញ្ញា ឆេង ស្រីមុំ ដែលមាន លេខកូដខាងលើមិនឲ្យបាត់បង់ ។ សៀវភៅនេះកញ្ញា ឆេង ស្រីមុំ មានសិទ្ធិដកប្រាក់ ឬ ដាក់ប្រាក់ គ្រប់ ពេលវេលាទាំងអស់រាល់ម៉ោង ធ្វើការរបស់ធនាគារកម្ពុជាសាធារណៈ ។ កញ្ញា ឆេង ស្រីមុំ អាចមក ទទួលសៀវភៅនិងដកប្រាក់ បាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ ។ នាងខ្ញុំ ខៀវ សុដាវី ទទួលស្គាល់ ថាកញ្ញា ឆេង ស្រីមុំ ពិតជាមានទឹកប្រាក់ចំនួន ១.៥០០.០០០ ( មួយលានហាសិបម៉ឺនដុល្លារអាមេរិក ) ពិតប្រាកដមែន ។ កិច្ចសន្យានេះនឹងមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខា និងប្រថាប់ត្រានេះតទៅ ៕
អត្ថបទ៖ ទេស ឆាយានាថ
1 comment:
Oh my word .It is so panic and shock that a girl of 23 years old has one and a half millions dollars US in cash go the bank alone by herself ? How she can make that much money? But anyway it is so sad for her to lose the money and got sued then arrested , never, never never trust any bank in Cambodia. The way they run the business like professional but behind closed door they are crooked and thieves .
Post a Comment