ភ្នំពេញៈ តំណាងរាស្រ្ត និងសហការីគណបក្សប្រឆាំងមិនត្រូវបានអនុញ្ញាតឲ្យចូលសាកសួរសុខទុក្ខសកម្មជនជាប់ឃុំឃាំងរបស់ខ្លួនចំនួន ៨ រូបក្នុងពន្ធនាគារព្រៃសនៅថ្ងៃបុណ្យជាតិម្សិលមិញនោះទេ បើទោះបីជាមានការឯកភាពពីតុលាការសាលាដំបូងរាជធានីភ្នំពេញយ៉ាងណាក៏ដោយ។
លោកហូរ វ៉ាន់ និងលោកគី វណ្ណដារ៉ា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិរួមនឹងសហការីចំនួន ៦ រូបបានទទួលការឯកភាពពីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី និងលោកតាំង ស៊ុនឡាយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ឲ្យចូលជួប សាកសួរសុខទុក្ខអ្នកជាប់ឃុំឃាំងចំនួន ១៨ នាក់នៅមណ្ឌលអប់រំកែប្រែ ម ១ និង ២ (ពន្ធនាគារព្រៃស) កាលពីថ្ងៃពុធម្សិលមិញ។
លោក ហូរ វ៉ាន់បានបង្ហាញលិខិតឯកភាពពីតុលាការនោះ ប៉ុន្តែអនុរក្សពន្ធនាគារអាយុ ៤២ ឆ្នាំដែលសុំមិនប្រាប់ឈ្មោះបានប្រាប់ក្រុមតំណាងរាស្រ្ត និងអ្នកសារព័ត៌មានឲ្យចេញក្រៅរបងបន្លាលួសដែលដាក់នៅចម្ងាយប្រមាណជា ១០០ ម៉ែត្រពីខ្លោងទ្វារពន្ធនាគារ ម២ ដោយបាននិយាយថា៖ «ទោះមកថ្នាក់ណាក៏មិនឲ្យចូលដែរ។ សុំយោបល់អគ្គ [ពន្ធនាគារ]សិន។ ថ្ងៃនេះបុណ្យជាតិ»។
បន្ទាប់ពីបានរង់ចាំប្រមាណជា ៣០ នាទី ដោយមន្រ្តីអនុរក្សពន្ធនាគាររត់ឆ្ការដៃឆ្ការជើងដើម្បីសុំយោបល់ពីក្រសួងមហាផ្ទៃរួចមក ពួកគាត់ត្រូវបានអនុញ្ញាតឲ្យចូលទៅសួរសុខទុក្ខអ្នកជាប់ឃុំឃាំងចំនួន ១០ នាក់ដែលជាសកម្មជនដីធ្លីបឹងកក់និងបុរីកីឡាប្រមាណជា ៤០នាទី។ ស្ត្រីទាំង ១០ រូបត្រូវបានឃុំខ្លួនបន្ទាប់ពីបាតុកម្មបិទផ្លូវ ធ្វើឲ្យកកស្ទះចរាចរណ៍កាលពីខែវិច្ឆិកាកន្លងមក។
លោក ហូរ វ៉ាន់ ថ្លែងថា អ្នកជាប់ឃុំខ្លះមានសភាពមិនសូវល្អប៉ុន្មាននោះទេ នៅក្នុងនោះស្រ្តីឈ្មោះផាន់ ឈុនរ៉េតកំពុងមានជំងឺបេះដូងនិងកម្លាំងចុះខ្សោយ។
តំណាងរាស្រ្តរូបនេះថា៖ «ជាទូទៅខ្វះថ្នាំ ខ្វះពេទ្យពេលឈឺ។ ជួនកាលរកពេទ្យមិនឃើញទេ។ ពិបាករឿងអនាម័យ។ បង្គន់មួយប្រើគ្នា ៧០ នាក់។ តែពួកគាត់ថា អត់ទ្រាំបាន»។
លោក ហូរ វ៉ាន់ បានប្រាប់អ្នកសារព័ត៌មានថា អ្នកជាប់ឃុំនឹងអាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងន័យសាមគ្គីជាតិ ដោយសារតែហេតុផលទូទៅនៃនយោបាយកាន់តែល្អប្រសើរតាមរយៈការបន្តការចរចាសម្របសម្រួលនយោបាយ រវាងថ្នាក់ដឹកនាំកំពូលទាំងពីរ។
បន្ទាប់ពីនោះ លោកហូរវ៉ាន់និងសហការីបានបន្តទៅសួរសុខទុក្ខសកម្មជននៅមណ្ឌល ម ១ ចំនួន ៨ នាក់ផ្សេងទៀត ក្នុងនោះមានលោក មាជ សុវណ្ណារ៉ា ដែលជាប្រធាននាយកដ្ឋានព័ត៌មាន គណបក្សសង្គ្រោះជាតិផងដែរ។ ប៉ុន្តែពួកគេត្រូវបានស្វាគមន៍ដោយរបងបន្លាលួសដែលរាំងបិទនៅនឹងខ្លោងទ្វារចូលមណ្ឌល ម១ នោះ។
លោក ហូរ វ៉ាន់ បានបង្ហាញលិខិតឯកភាពដដែលនោះទៅអនុរក្សពន្ធនាគារ ដើម្បីបើកផ្លូវ។ មន្រ្តីអនុរក្សបានយកលិខិតនោះទៅឲ្យប្រធានរបស់ខ្លួនពិនិត្យមើល ហើយបានត្រឡប់មកវិញ មួយសន្ទុះក្រោយមក ដោយនិយាយថា៖ «ថ្ងៃឈប់សម្រាក។ មិនអាចចូលទេ។ ថ្ងៃនេះគឺថ្ងៃបុណ្យ ៧ មករា ហើយស្អែកឯកឧត្តមអាចអញ្ជើញមកបាន»។
លោក ហូរ វ៉ាន់ បានមានប្រសាសន៍ថា លោកមិនយល់ពីប្រព័ន្ធរដ្ឋបាលគ្រប់គ្រងនេះទេ ព្រោះថាបើព្រះរាជអាជ្ញា និងចៅក្រមអនុញ្ញាតទៅហើយ ប៉ុន្តែបែរជាខាងពន្ធនាគារជំទាស់ទៅវិញ។ លោកបានសំណូមពរឲ្យមានការកែប្រែបញ្ហានេះ ឲ្យបានការស៊ីចង្វាក់គ្នារវាងពន្ធនាគារ និងប្រពន្ធតុលាការ ដើម្បីសុំកុំឲ្យអ្នកមកសាកសួរសុខទុក្ខទទួលរងគ្រោះបែបនោះ។
លោក ស៊ុន លាន ប្រធានមណ្ឌលអប់រំកែប្រែ ម១ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ទោះយ៉ាងណា លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបានប្រសាសន៍ថា លិខិតនោះបានសុំចូលនៅថ្ងៃទី៧ មករា ដែលជាថ្ងៃឈប់សម្រាក។ ហេតុនេះមិនអនុញ្ញាតឲ្យចូលនោះទេ។ ប៉ុន្តែ អ្នកស្នើសុំអាចចូលសាកសួរសុខទុក្ខនៅថ្ងៃបន្ទាប់បានគឺថ្ងៃទី៨។
លោកថា៖ «ខ្ញុំឲ្យចូលថ្ងៃទី៨។ អត់បញ្ហា ថ្ងៃទី៨ចូលចុះ»។
សូមបញ្ជាក់ថា លោក សុវណ្ណារ៉ា និងសកម្មជនចំនួន ១០ នាក់ផ្សេងទៀតនឹងត្រូវតុលាការរាជធានីភ្នំពេញប្រកាសសវនាការនៅថ្ងៃព្រហស្បតិ៍នេះពីបទល្មើសដឹកនាំកុបកម្ម និងអំពើចូលរួមក្នុងចលនាកុបកម្ម៕
No comments:
Post a Comment