អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មានប្រសាសន៍ថា អ្នកដែលប្រឆាំងថ្ងៃ៧ មករា គឺជាសម្ពន្ធមិត្តរបស់ ប៉ុល ពត។ លោកថែមទាំងប្ដេជ្ញាចិត្តថា នឹងពុះពារគ្រប់ឧបសគ្គហ៊ានប្ដូរជីវិតដើម្បីការពារសមិទ្ធផល ៧ មករា នេះឲ្យស្ថិតស្ថេរជារៀងរហូត។
តើបក្សប្រជាជនកម្ពុជា ប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផលនៃថ្ងៃ៧ មករា?
បើចង់ដឹងថា គណបក្សប្រជាជនកម្ពុជា ប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផល ៧ មករា នោះ យើងត្រូវដឹងជាមុនថា អ្វីខ្លះជាសមិទ្ធផល ៧ មករា សិន។ ថ្ងៃ៧ មករា ៧៩ ជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបឃោរឃៅ អាវខ្មៅ ប៉ុល ពត។ ថ្ងៃនេះក៏ជាថ្ងៃដែលកងទ័ពវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា និងជាថ្ងៃដែលក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ បានធ្វើធំដឹកនាំប្រទេសក្រោមការលើកបន្តុបពីវៀតណាម។
គណបក្សកាន់អំណាចអះអាងថា សមិទ្ធផលធំមួយរបស់ខ្លួននោះជាការនាំសន្តិភាព និងស្ថិរភាពនយោបាយជូនប្រជាជាតិកម្ពុជា។ ហេតុនេះការរក្សាសន្តិភាពជាកាតព្វកិច្ចចាំបាច់របស់ខ្លួន។ ពេលដែលខ្មែរក្រហមរត់ចេញពីភ្នំពេញទៅ កម្ពុជាសំបូរទៅដោយធនធានធម្មជាតិសព្វបែបសព្វយ៉ាងទាំងពីព្រៃឈើ សត្វព្រៃ ធនធានរ៉ែ ធនធានមច្ឆជាតិជាដើម។ ត្រង់ចំណុចនេះ បក្សកាន់អំណាចលើកឡើងថា ប្រទេសកម្ពុជា ឆ្នាំ១៩៧៩ ជាឆ្នាំសូន្យ ឬជាឆ្នាំគំនរផេះផង់។ គណបក្សប្រជាជនកម្ពុជា អួតថា ខ្លួនអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេរហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ធាតុពិតពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ការអភិវឌ្ឍវិស័យសាធារណៈក្នុងប្រទេសកម្ពុជា មិនបានប្រែប្រួលជាដុំកំភួននោះទេ។ មូលហេតុនេះ ព្រោះតែរដ្ឋការខ្មែរក្រហមនៅកាន់អំណាចនៅក្នុងព្រៃ ពេលខ្លះចេញមកវាយប្រហារឆក់ប្លន់នៅទីប្រជុំជនដែលជាតំបន់គ្រប់គ្រងដោយរដ្ឋអំណាចរដ្ឋកម្ពុជា ទៀតផង។ គណបក្សប្រជាជនកម្ពុជា ទប់ទល់នឹងខ្មែរក្រហមដោយអនុញ្ញាតឲ្យកងទ័ពវៀតណាម ឈរជើងនៅកម្ពុជា និងដាក់ជំនាញការគ្រប់ក្រសួងគ្រប់ខេត្ត គ្រប់តំបន់ ទូទាំងប្រទេសកម្ពុជា។
រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ រវាងរដ្ឋាភិបាលត្រីភាគីដែលដឹកនាំដោយសម្ដេច នរោត្តម សីហនុ និងភាគីរដ្ឋកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ភាគីទាំងអស់ព្រមព្រៀងគ្នាចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់។
គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣។ តែបក្សនេះបានឡាំប៉ាទាមទារកាន់អំណាចរួមជាមួយបក្សហ្វ៊ុនស៊ិនប៉ិចដែរ។ បើបក្សហ្វ៊ុនស៊ិនប៉ិចមិនព្រមចែកអំណាចទេនោះ រដ្ឋាភិបាលថ្មីមួយទៀតអាចនឹងកើតឡើងនៅភាគខាងកើតទន្លេមេគង្គជាមិនខាន។
សម្ដេច នរោត្តម សីហនុ ដោះស្រាយបញ្ហានេះ ដោយបង្កើតរដ្ឋាភិបាលក្បាលពីរចម្លែកជាងគេលើពិភពលោក ប្រសូតឡើងនៅកម្ពុជា។ ប្រការនេះទំនងជាបក្សកាន់អំណាចគិតថា មានតែក្រុមខ្លួនទេមើលទៅដែលអាចការពារសន្តិភាពជូនកម្ពុជាបាន។
ក្នុងហេតុផលការពារសមិទ្ធផល ៧ មករា រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ច្បាំងគ្នាជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច កាលថ្ងៃទី៥ និង ៦ កក្កដា ឆ្នាំ១៩៩៧។ ចម្បាំងមួយចម្អិនកំពឹសនោះបានសម្លាប់មនុស្សអស់ជាច្រើននាក់។ ដៃម្ខាងប្រើយុទ្ធសាស្ត្រនេះផ្ដួលរំលំរបបខ្មែរក្រហម ជើងម្ខាងទៀតប៉ែងហ្វ៊ុនស៊ិនប៉ិច ឲ្យដួលងើបមុខលែងរួច។ ក្រៅពីប្រយុទ្ធគ្នាដណ្ដើមអំណាច លោក ហ៊ុន សែន ក៏ថែមទាំងប្រើកម្លាំងបង្ក្រាបបាតុកម្មទៀត។ បាតុកររាប់សិបនាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួសដោយសារអាជ្ញាធរបង្ក្រាប និងស្នាដៃជនអនាមិកគប់គ្រាប់បែកនៅមុនឆ្នាំ២០០០។ ក្រៅពីសម្លាប់នៅក្រៅប្រព័ន្ធច្បាប់ មន្ត្រីសង្គមស៊ីវិល សហជីព អ្នកកាសែត និងពលរដ្ឋជាច្រើនក៏ត្រូវអាជ្ញាធរចាប់ដាក់គុកក្រោមលេសថារក្សាសុវត្ថិភាពសង្គម។
សង្គមមានសុវត្ថិភាពដែលលោក ហ៊ុន សែន ឲ្យនិយមន័យនោះ គឺជាសង្គមដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស ឬនិយាយឲ្យស្រួលស្ដាប់ជាសង្គមដែលលោក ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រី។ ប្រហែលជាមើលឃើញបែបនេះហើយ ទើបមន្ត្រីគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់លោកខែ រហូតដល់ជំនួយការប្រធានភូមិ តែងតែទទូចទារសគុណមិនដាច់ពីមាត់ពីប្រជាពលរដ្ឋខ្មែរ។ មិនតែប៉ុណ្ណោះ គណបក្សនេះថែមទាំងបំភ័យពលរដ្ឋថា បើបក្សប្រឆាំងជាប់ឆ្នោតនឹងមានសង្គ្រាមជាដើម។ នៅមុនពេលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា បើលោកចាញ់ឆ្នោតលោកនឹងឈប់ធ្វើបុណ្យទៀតផង។ លោកថែមទាំងបញ្ជាក់ថា បើចង់សងគុណ ៧ មករា គឺត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
បំភ័យ សម្លុត គំរាមបែបហ្នឹងមិនគ្រប់គ្រាន់ តែលោក ហ៊ុន សែន ក៏ចូលចិត្តប្រើវិធីទិញទឹកចិត្ត ឬសមត្ថភាពអ្នកនយោបាយពីខាងក្រៅមកជួយខ្លួន។ តាមរយៈយុទ្ធសាស្ត្រទិញនេះហើយ ធ្វើឲ្យលោកមានទីប្រឹក្សាពូកែៗរាប់សិបនាក់នៅជុំវិញខ្លួន និងទិញរហូតគណបក្សរាជានិយមដែលធ្លាប់ឈ្នះឆ្នោតនោះរលាយបាត់អាសនៈសភាគ្មានសល់។ បើគ្រាន់តែធ្វើឲ្យគូប្រជែងចុះខ្សោយនោះ មិនគ្រប់គ្រាន់ឡើយសម្រាប់គណបក្សកាន់អំណាច។ បក្សនេះបានពង្រឹងសាមគ្គីភាពផ្ទៃក្នុងទាំងផ្នែកនយោបាយ និងមានបក្សដែលមានកម្លាំងសេដ្ឋកិច្ចដ៏រឹងមាំទៀត។
គណបក្សប្រជាជនកម្ពុជា មិនបានរកស៊ីអ្វីបន្តិចទេ តែបក្សនេះមិនខ្វះលុយចាយឡើយ។ បក្សនេះដើរតួជាតាណូអែល ចាំតែចែកអំណោយ។ អ្វីដែលខុសប្លែកបន្តិចនោះ គឺតាណូអែលមែនទែនលួចប្លុងអំណោយស្ងាត់ៗ រីឯតាណូអែលនៃគណបក្សប្រជាជន ចែកអំណោយនៅពីមុខម៉ាស៊ីនថតរូប។
គណបក្សប្រជាជនកម្ពុជា ក៏មិនចាំបាច់ត្រូវការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយដើម្បីបានលុយជាតិមកឃោសនាបោះឆ្នោតនោះដែរ។ លុយទាំងអស់នោះបានមកពីណា? ចម្លើយវាគឺបានមកពីរក។ រដ្ឋមន្ត្រីប្រាក់ខែជាង ៤លាន ជិះឡានសុទ្ធតែឡិចស៊ីស ៥៧០ (Lexus 570) ផ្ទះធំស្កឹមស្កៃតម្លៃរាប់លានដុល្លារ។ គាត់រកលុយបានដោយវិធីណា? ចម្លើយគឺមានវិធីច្រើនណាស់ តែចម្លើយមួយដែលគេនិយមនិយាយគឺមកពីអ្នកទាំងនោះជំនាញរកក្រៅ។ ឧកញ៉ាៗទាំងនោះ មានសិទ្ធិស្របច្បាប់យកដីរដ្ឋលក់ រដ្ឋប្រគល់ដីសាធារណៈឲ្យដោយបណ្ដេញអ្នកក្រចេញ បូមខ្សាច់ រកស៊ីរ៉ែ កាប់ឈើលក់ សម្បទានដីព្រៃឈើ បើករោងចក្រជាដើម។ លុយដែលមិនសូវមានប្រភពច្បាស់លាស់នេះហើយដែលជាគ្រឹះសម្រាប់ជ្រោមជ្រែងសមិទ្ធផលថ្ងៃ៧ មករា។
ទោះយ៉ាងណាក៏ដោយ យុវជនស្រករក្រោយច្រើនណាស់ដែលចង់បានការអភិវឌ្ឍប្រទេសកម្ពុជា ផ្អែកលើផែនការច្បាស់លាស់។ នៅថ្ងៃ៧ មករា ឆ្នាំ២០១៥ នេះ យុវជនអ្នកលេងហ្វេសប៊ុក (Facebook) ជាច្រើននាក់ ដែលមិនពេញចិត្តនឹងរបៀបដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានចេញមុខបដិសេធសងគុណថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ អ្នកខ្លះផ្ញើសាររិះគន់ អ្នកខ្លះផ្ញើសារចំអក ហើយក៏មានអ្នកខ្លះជេរបញ្ចោរតែម្ដង។ ពួកគេមិនពេញចិត្តប្រហែលជាមិនមែនមកពីគណបក្សប្រជាជនកម្ពុជា ផ្ដួលរំលំរបបខ្មែរក្រហមទេ ប៉ុន្តែអំពើអយុត្តិធម៌សង្គម ពុករលួយ បំផ្លាញទ្រព្យសម្បត្តិជាតិ និងការរំលោភសិទ្ធិពលរដ្ឋទៅវិញទេ ដែលធ្វើឲ្យពលរដ្ឋធុញទ្រាន់នឹងគុណបំណាច់ថ្ងៃ៧ មករា៕
No comments:
Post a Comment