ក្រុមអង្គការមិនមែនរដ្ឋាភិបាល ប្រតិកម្មក្រោយពីអគ្គស្នងការនគរបាលជាតិ បង្ហាញភស្តុតាង និង របាយការណ៍មួយចំនួន ដែលអះអាងពីភាពត្រឹមត្រូវតាមផ្លូវច្បាប់ នៃការចាប់ខ្លួនសមាជិកចលនារណសិរ្សរំដោះជាតិ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះអះអាងថា រហូតមកដល់ពេលនេះ គេរកមិនឃើញពីហេតុផលទាល់តែសោះ ដែលចាត់ទុកថាចលនារណសិរ្សរំដោះជាតិ មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលនោះ។
បើទោះជាក្រុមមានសមត្ថកិច្ចរបស់រដ្ឋាភិបាល បានបញ្ជាក់ហើយថាហេតុផលដែលកំណត់មុខសញ្ញា រហូតឈានដល់ការចាប់ខ្លួន ដោយសំអាងទៅលើភស្តុតាង និងរបាយការណ៍យ៉ាងលម្អិតក្ដី ក៏ក្រុមអង្គការមិនមែនរដ្ឋាភិបាល នៅតែចាត់ទុកថាការចាប់ខ្លួននេះ ហាក់ធ្វើឡើងដោយ ឥតសមហេតុផលណាមួយទាល់តែសោះ។
ការអះអាងដូចនេះ ធ្វើឡើងនៅបន្ទាប់ពីអគ្គស្នងការនគរបាលជាតិ បញ្ចេញរបាយការណ៍ នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី ២ វិច្ឆិកា ដែលរបាយការណ៍នោះគឺបញ្ជាក់ពីមូលហេតុនៃចាប់ខ្លួន ជនសង្ស័យទាំង ១០នាក់។
លោក ចាន់ សុវ៉េត សកម្មជនការពារសិទ្ធិមនុស្ស នៃសមាគមអាដហុក (Adhoc) ថ្លែងថា មនុស្សមួយចំនួន ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន កាលពីពេលថ្មីៗនេះ ក្រោមហេតុផលចង់ផ្ដួលរំលំរដ្ឋាភិបាល គឺមិនអាចជឿទុកចិត្តបានសោះឡើយ។ លោកថ្លែងបន្តថាសង្គមស៊ីវិលនៅរកមិនទាន់ឃើញពីធាតុផ្សំដែលចាត់ទុកថា ពួកគាត់ទាំងនោះចង់ផ្ដួលរំលំរដ្ឋាភិបាល។ ផ្ទុយទៅវិញពួកគេទំនងត្រូវចាញ់បោក ពីមនុស្សមួយក្រុមដែលរៀបចំល្ខោននយោបាយ ហើយទម្លាក់កំហុសតែម្ដង។ លោកបន្តថា៖ «និយាយរួមទៅខាងខ្ញុំសង្គមស៊ីវិល យើងឥតមានជំនឿថាអ្នកទាំងអស់នោះ មានចេតនាប៉ុនប៉ងដូចការចោទប្រកាន់នោះទេ ហើយយើងគិតមើលទៅហាក់ដូចជាចាញ់បោកគេទាំងស្រុងហ្មង។ បើនិយាយឲ្យចំទៅពាក្យថាចាញ់បោក ឬការអូសទាយរបស់គេ »។
មនុស្ស១០នាក់ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាល ចាប់ខ្លួនកាលពីថ្ងៃទី ២២ និង ថ្ងៃទី ២៣ ខែ តុលា។ ជនសង្ស័យទាំងនេះរងការចោទប្រកាន់ ពីបទទាក់ទងការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ផ្ដួលរំលំប្រឆាំងរដ្ឋាភិបាល។ ពាក់ព័ន្ធរឿងនេះមន្រ្តីរដ្ឋាភិបាលអះអាងថា ក្នុងពេលឃាត់ខ្លួនដកហូតបានទង់ជាតិរណសិរ្សរំដោះជាតិ ប្រមាណជាង ៧រយទង់។ មួកស្លឹកជាង ១ពាន់មួក។ ខិត្តប័ណ្ណរំដោះជាតិ ដែលគ្រោងនឹងចែកចាយជិត ៥រយសន្លឹក ព្រមទាំងលិខិតតែងតាំងសមាជិកនៃរណសិរ្សរំដោះជាតិថែមទៀតផង។
ឧត្ដមសេនីយ៍ឯក លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ថាការចាប់ខ្លួននេះ គឺពុំមែនចេះតែអនុវត្តតាមការនឹកឃើញឡើយ។ ក៏ប៉ុន្តែថាចំណាត់ការនៅពេលនេះ គឺផ្អែកលើភស្តុតាងត្រឹមត្រូវ។ ម្យ៉ាងវិញទៀតក្រុមនេះ គឺជាមុខសញ្ញាចាស់ ដែលតែងបង្កបញ្ហាក្នុងចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល។ លោកបន្តថា៖ «ពួកនេះធ្លាប់កសាងកម្លាំងប្រដាប់អាវុធកន្លងមកហ្នឹង។ មានធ្វើសកម្មភាពមួយចំនួននៅខេត្តមណ្ឌលគិរី មានរូបមានភស្តុតាងច្បាស់លាស់ ហើយមានហ្វឹកហ្វឺនកម្លាំងមានអី »។
បើទោះជាបែបណាលោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្ស អង្គការលីកាដូ នៅតែមានមន្ទិលសង្ស័យទៅលើនីតិវិធីនៃការអនុវត្តច្បាប់របស់រដ្ឋាភិបាល។ លោកយល់ឃើញថាប្រសិនបើការចាប់ខ្លួននេះ ធ្វើឡើងដោយមានកំហុសបច្ចេកទេស នោះនឹងរឹតតែធ្វើប៉ះពាល់ចំពោះ សិទ្ធិសេរីភាព។លោកបន្តថា៖ «ព្រោះអានេះវាប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សិទ្ធិសេរីភាពរបស់គេ។កាលណាយើងចាប់ហើយមកមកឃុំហើយបើយើងមិនមានឈរលើមូលដ្ឋានច្បាប់ ប្រមូលភស្តុតាងគ្រប់គ្រាន់ទេ។ អាហ្នឹងវាធ្វើឲ្យមនុស្សទាំងអស់ហ្នឹង បាត់បង់សិទ្ធិសេរីភាព ហើយក៏រងគ្រោះដោយការរំលោភសិទ្ធិរបស់ពួកគេផងដែរ» ។
នេះពុំមែនទើបតែលើកទីមួយទេ ដែលរដ្ឋាភិបាលរកឃើញថា មានមនុស្សចង់ផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ក្នុងអំឡុងឆ្នាំ២០០០ មនុស្សមួយក្រុម ដែលដឹកនាំដោយឈ្មោះ ឈុន យ៉ាសិទ្ធ រង់ការចោទថា បានព្យាយាមបង្កើតចលនាកងទ័ពសេរីជាតិកម្ពុជា ហៅកាត់ថា CFF ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ។
កាលណោះមានមនុស្សច្រើនណាស់ ដោយរួមទាំងអតីតយោធាខ្មែរក្រហម រួមនិងប្រជាពលរដ្ឋផង ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន។ដោយឡែក កាលពីឆ្នាំ២០១២ កន្លងទៅ ដោយផ្ទុះអំពើហិង្សានៅស្រុកឆ្លូងខេត្តក្រចេះ រដ្ឋាភិបាលចាត់ទុកថា សកម្មភាពនៅពេលនោះ គឺជាចេតនាចង់បង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាល ។ក៏ប៉ុន្តែ អង្គការសង្គមស៊ីវិលវិញរកឃើញថា មូលហេតុដោយការគ្រប់គ្រងដីធ្លីមិនបានល្អ ទើបបង្កឲ្យមានហិង្សា៕
No comments:
Post a Comment