រតនគិរីៈ សហគមន៍ និងសមត្ថកិច្ច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បានចាប់ម៉ូតូដឹកឈើបីគ្រឿងរបស់ជនជាតិវៀតណាម ប៉ុន្តែត្រូវបាននគរបាលព្រំដែនអន្តរាគមន៍ប្រគល់ឲ្យវិញ ដែលបណ្តាលឲ្យមានការរិះគន់ និងចោទប្រកាន់ថា មន្រ្តីព្រំដែនបានបើកដៃឲ្យវៀតណាម ចូលកាប់ឈើខុសច្បាប់ក្នុងដីខ្មែរ។
លោក ឡា ថួម នាយរងប៉ុស្តិ៍រដ្ឋបាលប៉ក់ញ៉ៃ បានឲ្យដឹងថា មន្រ្តីប៉ុស្តិ៍ និងសហគមន៍សរុបចំនួន ៧ នាក់បានដើរល្បាតក្នុងព្រៃក្នុងដីខ្មែរចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រពីព្រំដែន កម្ពុជា វៀតណាម ហើយបានប្រទះឃើញម៉ូតូបីគ្រឿងនិងមនុស្សមួយចំនួននៅក្បែរនោះកាលពីសប្តាហ៍មុន។
លោកបញ្ជាក់ថា៖ «គ្រាន់តែឃើញយើងពីចម្ងាយភ្លាម ម្ចាស់ម៉ូតូបានរត់ចោលម៉ូតូក្នុងព្រៃនោះ។ យើងក៏បានយកម៉ូតូនោះទៅរក្សាទុកនៅប៉ុស្តិ៍។ ម៉ូតូនោះគេកែច្នៃសម្រាប់ដឹកឈើ។ ក្រោយមកក៏ស្រាប់តែឃើញមន្រ្តីប៉ុស្តិ៍ព្រំដែន ចេញម៉ូតូទៅសម្របសម្រួល ដោះស្រាយរឿងនោះ ហើយលោកនាយប៉ុស្តិ៍ឈ្មោះ ពូយ ជ្រូច ក៏បានសម្រេចប្រគល់ម៉ូតូនោះឲ្យទៅគេវិញ ដោយមានការឯកភាពពីអាជ្ញាធរផងដែរ»។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី បានឲ្យដឹងថា សហគមន៍បានរាយការណ៍ប្រាប់លោកពីករណីនោះ ដើម្បីសុំអន្តរគមន៍ដែរ។ ប៉ុន្តែក្រោយមកស្រាប់តែត្រូវបានប្រគល់ទៅឲ្យ វៀតណាម វិញតែម្តង។
លោកថា៖ «ម៉ូតូនោះត្រូវដោះលែងទៅវិញ ដោយសំអាងថា គ្មានភ័ស្តុងតាងគ្រប់គ្រាន់ និងខ្លាចប៉ះពាល់ដល់ចំណងមិត្តភាព កម្ពុជា វៀតណាម ផង។ នៅពេលដោះលែងម៉ូតូមានមន្ត្រីប៉ុស្តិ៍ច្រកអូរថ្មដា ជាអ្នកមកទទួលជំនួសម្ចាស់ម៉ូតូវៀតណាម នោះទៅវិញ»។
លោក ឆាយ ធី បានចាត់ទុកការមិនចាត់វិធានការផ្លូវច្បាប់ចំពោះករណីនេះ និងការប្រគល់ម៉ូតូឲ្យវិញនោះថា ជាការរំលោភច្បាប់អន្តោប្រវេសន៍និងច្បាប់ព្រៃឈើផងដែរ។ លោកថា៖ «មន្រ្តីប៉ុស្តិ៍ច្រកអូរថ្មដា នោះបានចេញមុខដោះស្រាយជំនួសវៀតណាម ច្រើនដងហើយ។ នេះបង្ហាញថា ពួកគេជាបក្ខពួកតែមួយដែលឃុបឃិតគ្នារកស៊ីកាប់ឈើ និងលក់ឈើ»។
លោក សេវ ហ្លីន មេភូមិឡំ បានឲ្យដឹងថា ព្រៃឈើនៅតំបន់នោះត្រូវបានកាប់បំផ្លាញទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ ហើយប្រមូលយកឈើទៅលក់នៅ ប្រទេសវៀតណាម។
លោក ងយ ដន អធិការនគរបាលស្តីទី ស្រុកអូរយ៉ាដាវ បានមានប្រសាសន៍ថា មន្រ្តីប៉ុស្តិ៍ និងសហគមន៍បានព្រមព្រៀងគ្នាប្រគល់ម៉ូតូឲ្យវៀតណាម វិញដោយសារមានតែគ្មានវត្ថុតាងអ្វីផ្សេងទៀតដូចជាឈើជាដើម ហើយម្យ៉ាងវិញទៀត ក៏មិនស្គាល់ម្ចាស់ម៉ូតូផង។
កាលពីសប្តាហ៍មុននោះដែរ អាជ្ញាធរ ឃុំញ៉ាង ក្នុង ស្រុកអណ្តូងមាស ក៏បានប្រទះឃើញជនជាតិវៀតណាម ចំនួន ៨ នាក់បានបើករថយន្តរ៉េវឆ្លងដែនចូលមកដីខ្មែរ នៅចំណុចអូរសាថាយ ម្តុំប៉ុស្តិ៍ព្រំដែនផងដែរ។ ជនជាតិវៀតណាម ទាំងនោះមានម៉ាស៊ីនអារឈើ ៦ គ្រឿងកាំភ្លើងច្នៃបាញ់សត្វ កាំបិត និងពូថៅផងដែរ។
មន្ត្រីអង្គការអាដហុក បានឲ្យដឹងថា ការដឹកនោះ ពុំមានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញជាមុនសិនទេ ហើយគ្រាន់តែឃើញក្រុមល្បាតភ្លាម ពួកអ្នកដឹកបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់ដោយទុកឡានចោលក្នុងព្រៃ៕
No comments:
Post a Comment