មន្ត្រីនាំពាក្យនៃរដ្ឋសភាបានបដិសេធថា ស្ថាប័ននីតិប្បញ្ញត្តិមិនបានប្រព្រឹត្តអំពើពុករលួយ និងបក្សពួកនិយមដូចដែលអនុប្រធានគណៈកម្មការទី២នៃរដ្ឋសភាចោទប្រកាន់ថា ស្ថាប័នបង្កើតច្បាប់មួយនេះ បានប្រើប្រាស់ថវិកាមិនច្បាស់លាស់អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដោយស្នើឲ្យបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតលើករណីនេះ។
ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មានលោក ឈាង វុន បកស្រាយថា ស្ថាប័នសភាបានប្រើប្រាស់ថវិកាស្វយ័តដែលមិនអាចឲ្យធ្វើការស៊ើបអង្កេតលើការប្រើប្រាស់ថវិការបស់ខ្លួននោះឡើយ។
លោក ឈាង វុន បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននៃវេទិកាប្រចាំខែក្នុងទំនាក់ទំនងរវាងរដ្ឋសភា និងអ្នកសារព័ត៌មាននៅថ្ងៃទី១១ វិច្ឆិកា ថា លោក សុន ឆ័យ ជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុនៃសវនកម្មនៃរដ្ឋសភាបានធ្វើការខុសនីតិវិធីរបស់រដ្ឋសភាដែលចង់បង្កើតគណៈកម្មការស៊ើបអង្កេតលើការប្រើប្រាស់ថវិការបស់សភានោះ។
លោក ឈាង វុន បញ្ជាក់ថា លោក សុន ឆ័យ បានចោទប្រកាន់ថា ការទិញម៉ាស៊ីនថតចម្លង១មានតម្លៃ ៣៥.០០០ដុល្លារ (បីម៉ឺនប្រាំពាន់ដុល្លារ) នោះ គឺជាការចោទប្រកាន់ខុស។ លោកអះអាងថា គម្រោងថវិកាចំណាយក្នុងឆ្នាំ២០១៥នេះ គឺទិញម៉ាស៊ីនថតចម្លងចំនួន ៤គ្រឿង ដែលគេនឹងចំណាយចំនួន ៣ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិកនេះ៖ «សំឡេង»។
ទោះជាយ៉ាងនេះក្ដី លោក ឈាង វុន មិនបានឆ្លើយតបសំណួរអ្នកសារព័ត៌មានដែលសួរថា តើម៉ាស៊ីនថតចម្លងដែលសភាគ្រោងទិញនេះប្រភេទអ្វី មានលេខកូដប៉ុន្មាននោះទេ?
អនុប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា អ្វីដែលបានធ្វើគឺបំពេញតួនាទីជាតំណាងរាស្ត្រ។ លោកបញ្ជាក់ថា គម្រោងថវិកាឆ្នាំ២០១៥ សម្រាប់ប្រើប្រាស់ក្នុងរដ្ឋសភានេះ ឃើញថា ចំណុចខ្លះមានភាពមិនប្រក្រតីដូចជាការទិញសម្ភារៈផ្សេងៗ និងម៉ាស៊ីនថតចម្លងនេះជាដើម៖ «សំឡេង»។
ការបង្ហាញរបាយការណ៍មិនប្រក្រតីក្នុងការប្រើប្រាស់ថវិការបស់ស្ថាប័ននីតិប្បញ្ញត្តិនេះ នៅមុនពេលសភានឹងអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៥។ ច្បាប់ថវិកាជាតិដែលសភាគ្រោងនឹងអនុម័តនោះមានប្រមាណ ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ច្បាប់ថវិកាជាតិនេះ គណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងសវនកម្ម បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ វិច្ឆិកា។
លោក សុន ឆ័យ បញ្ជាក់ថា ទោះបីជាការពិភាក្សាគ្នាអំពីច្បាប់ថវិកាជាតិគណៈកម្មការរលោកបានឯកភាពគ្នាទាំងស្រុងក្ដី តែលោកនៅតែស្នើសុំឯកសារស្ដីពីរបាយការណ៍ចំណូលចំណាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដដែល ព្រោះច្បាប់ថវិកាជាតិនេះ នៅមានភាពខ្វះចន្លោះមួយចំនួនដែលពាក់ព័ន្ធនឹងការប្រមូលពន្ធពីប្រេងសាំង និងពន្ធពីវិស័យកាស៊ីណូ។
ទាក់ទងនឹងបុគ្គលិកធ្វើការនៅរដ្ឋសភាវិញ លោក ឈាង វុន បានពន្យល់ថា លោក សុន ឆ័យ បានបញ្ចេញរបាយការណ៍ខុសដែលថា បុគ្គលិកសភាទាំងអស់មានជាង ២ពាន់នាក់នោះ។ លោកបញ្ជាក់ថា បុគ្គលិកសភាជាក់ស្ដែងមាន ១.៣៣៩នាក់។ តែលោក ឈាង វុន ក៏ទទួលស្គាល់ថា បុគ្គលិកសភាមានចំនួនច្រើនបន្តិចមែន ហើយលោកបានស្នើឲ្យកាត់បន្ថយបុគ្គលិកចាស់ៗខ្លះ និងមួយចំនួនទៀតត្រូវឲ្យចូលនិវត្តន៍ នឹងត្រូវជ្រើសរើសជំនួសមកវិញក្រុមបញ្ញវន្ត។
លោក ឈាន វុន លើកពីមូលហេតុធ្វើឲ្យសភាមានបុគ្គលិកច្រើននេះថា មកពីឆ្នាំ១៩៩៣នោះ ដោយរដ្ឋាភិបាលចង់ឲ្យមានការបង្រួបបង្រួមជាតិ គឺបានយកបុគ្គលិកពីគណបក្សនយោបាយចំនួន៤ ឲ្យចូលរួមធ្វើការក្នុងរដ្ឋសភា៖ «សំឡេង»។
បន្ថែមពីលើនេះទៀត លោក ឈាង វុន បញ្ជាក់ថា លោក មិត្ត ការ៉េន អតីតជាអគ្គនាយកហិរញ្ញវត្ថុនិងរដ្ឋបាលនោះ មានកូនក្មួយធ្វើការនៅក្នុងរដ្ឋសភាមែន លោកអះអាងថា កូនចៅលោក មិត្ត ការ៉េន នេះបានចូលធ្វើការជាច្រើនដំណាក់កាលតាំងពីអាណត្តិទី១ មកម្ល៉េះ តែមិនមែនជាបក្សនិយមទេ ហើយក៏មិនខុសច្បាប់អ្វីដែរ។
ឆ្លើយតបនឹងបញ្ហានេះ លោក សុន ឆ័យ បញ្ជាក់ថា ស្ថាប័នសភាគិតពីអាណត្តិទី១ ដល់ទីអាណត្តិទី៣ មានបុគ្គលិកប្រមាណ ៥០០នាក់ទេ ដោយឡែកនៅក្នុងអាណត្តិទី៤ គឺគណបក្សប្រជាជនកម្ពុជា បានដឹកនាំសភាទាំងមូល ហើយក៏មិនមានការបង្រួបបង្រួមដូចអាណត្តិទី១នោះទេ៖ «សំឡេង»។
លោក សុន ឆ័យ បញ្ជាក់ថា ទោះបីជាអង្គភាពប្រឆាំងអំពើពុករលួយមិនអាចមកធ្វើការស៊ើបអង្កេតស្ថាប័ននីតិប្បញ្ញត្តិនេះក្ដី ក៏ប៉ុន្តែលោកជំរុញឲ្យថ្នាក់ដឹកនាំសភាត្រូវមានឆន្ទៈក្នុងការអនុញ្ញាតឲ្យស្ថាប័នប្រឆាំងអំពើពុករលួយ ឬបង្កើតគណៈកម្មការរបស់ខ្លួន ដើម្បីស៊ើបអង្កេតស្ថាប័នសភាដែលជាស្ថាប័នកំពូលបង្កើតច្បាប់សម្រាប់ឲ្យស្ថាប័នប្រតិបត្តិអនុវត្តនោះ៕
No comments:
Post a Comment