ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយ នៅតែបន្តឈូសឆាយតំបន់ព្រៃឈើសហគមន៍ បើទោះបីមន្ត្រីអាជ្ញាធរខេត្ត បានសន្យាឲ្យក្រុមហ៊ុននេះផ្អាកការឈូសឆាយ រង់ចាំអាជ្ញាធរដោះស្រាយការតវ៉ារបស់ប្រជាពលរដ្ឋរួចរាល់ក៏ដោយ។
អ្នកភូមិព្រមានថា នឹងលើកគ្នាទៅរឹបអូសគ្រឿងចក្រជាថ្មីទៀត ប្រសិនក្រុមហ៊ុននៅតែបំពានការសន្យា។
ប្រជាពលរដ្ឋភូមិផ្អៀរ អំពាវនាវឲ្យអាជ្ញាធរខេត្តក្រចេះ បញ្ឈប់សកម្មភាពឈូសឆាយព្រៃឈើសហគមន៍ពីសំណាក់ក្រុមហ៊ុន ដុងទី សៃហ្គង ប៊ិញភឿក (Donty Saigon Binh Phouc) ហើយបន្តដោះស្រាយបញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតំណាងអាជ្ញាធរខេត្ត គឺអភិបាលរង លោក វ៉ា ថន បានសន្យាថា នឹងធ្វើការដោះស្រាយបញ្ហា ខណៈតំណាងប្រជាពលរដ្ឋភូមិផ្អៀរ កាលពីថ្ងៃទី៦ ខែតុលា បានដាក់ញត្តិតវ៉ាជូនអាជ្ញាធរខេត្ត។
តំណាងប្រជាពលរដ្ឋ លោក ឃីម ឌឿន កត់សម្គាល់ថា រយៈពេលជាង ២០ថ្ងៃកន្លងទៅ មន្ត្រីខេត្តមិនទាន់បានចុះដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេ។ ចំណែកក្រុមហ៊ុន នៅតែបន្តឈូសឆាយប៉ះពាល់ព្រៃសហគមន៍កាន់តែច្រើនឡើង។ លោកបន្តថា អ្នកភូមិនឹងប្រមូលគ្នាទៅបញ្ឈប់គ្រឿងចក្រ ប្រសិនក្រុមហ៊ុនមិនគោរពកិច្ចសន្យារវាងអាជ្ញាធរ និងពលរដ្ឋ៖ «ឈូសឆាយអស់ ៦៦០ហិកតារហើយ ឥឡូវវាឈូសខាងត្បូង រួចហើយឥឡូវវាទៅឈូសខាងជើងទៀត។ អ៊ីចឹងពួកខ្ញុំនៅតែតវ៉ាអត់ឈប់ទេ ភូមិឃុំសុទ្ធតែត្រូវជើងត្រូវដៃគ្នា ហើយអត់មានដោះស្រាយទេ បើយើងនិយាយបញ្ហាហ្នឹង គេជំទាស់ជាមួយប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន គេចង់បានតវ៉ាគគ្រឹកគគ្រេងអត់មានស្រាកស្រាន្ត»។
ចំណែកតំណាងពលរដ្ឋមួយរូបទៀត គឺលោក ឃី យន់ រៀបរាប់ដែរថា ក្រុមអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ជួយការពារផលប្រយោជន៍ពលរដ្ឋនោះទេ បើទោះបីក្រុមហ៊ុនរំលោភបំពានលើសិទ្ធិរស់នៅរបស់ពលរដ្ឋយ៉ាងណាក្តី។ លោកបន្តថា ក្រុមហ៊ុន គឺជាអ្នករំលោភកិច្ចព្រមព្រៀងកំណត់ព្រំដីសម្បទាន និងដីអភិរក្សរបស់ពលរដ្ឋ។ ហេតុនេះ ទើបពលរដ្ឋមិនព្រមទទួលយកដំណោះស្រាយលម្អៀង ដែលកាត់ដីសហគមន៍ផ្តល់ឲ្យក្រុមហ៊ុននោះ៖ «អាជ្ញាធរទាំងអស់ហ្នឹងមិនបានសិក្សាពីប្រជាពលរដ្ឋច្បាស់លាស់ទេ។ ចំណែកខាងក្រុមហ៊ុន ក៏អ៊ីចឹងដែរ។ អ៊ីចឹងគេសម្រេចតែគ្នាគេ ប្រជាពលរដ្ឋអត់សុខចិត្តទេធ្វើអ៊ីចឹង មកដោះស្រាយប្រាំបីប្រាំបួនដង ឲ្យម្តងហាសិបម៉ែត្រ ម្តងពីររយម៉ែត្រ ប្រជាពលរដ្ឋដាច់ខាតអត់ព្រម។ យកអូរប្រឹប ផ្លូវបាយទ្រី ទៅអូរក្រឡា បង្គោល២០ អាហ្នឹងជាចំណុចគោលការណ៍ប្រជាពលរដ្ឋត្រូវការ»។
កាលពីថ្ងៃទី២៣ ខែតុលា អ្នកភូមិ ៦២នាក់ បាននាំគ្នាទៅហាមឃាត់មិនឲ្យគ្រឿងចក្រឈូសឆាយតទៅទៀត ក៏ប៉ុន្តែអ្នកភូមិមិនបានប្រើអំពើហិង្សាអ្វីក្នុងការតវ៉ានោះទេ។
ឆ្លើយតបការលើកឡើងនេះ មេឃុំថ្មី លោក មុំ ខាំ អះអាងថា ក្រុមហ៊ុនមិនបានឈូសឆាយតំបន់ហាមឃាត់តាមកិច្ចសន្យារវាងអាជ្ញាធរ និងពលរដ្ឋនោះទេ គឺឈូសឆាយលើដីដែលគ្មានទំនាស់ប៉ុណ្ណោះ។ លោកថ្លែងថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកចាត់ទុកផលប្រយោជន៍ប្រជាពលរដ្ឋជាបញ្ហាសំខាន់ ដែលអាជ្ញាធរមានភារៈការពារជូនប្រជាពលរដ្ឋ ហើយកន្លងទៅ អាជ្ញាធរបានកាត់ដីជាង ២ពាន់ហិកតារខាងកើត និងខាងជើងភូមិ និងដីជាងជិត ៦០០ហិកតារទៀតនៅខាងកើតភូមិ តាមសំណើពលរដ្ឋ ប៉ុន្តែអ្នកភូមិបានបន្តទាមទាររក្សាទុកដីធំហួសការស្នើសុំ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់អំពើខុសច្បាប់បញ្ឈប់គ្រឿងចក្រក្រុមហ៊ុន ហើយចូលរួមពិភាក្សាជាមួយអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហានេះ៖ «ជាអ្នកការពារប្រជាពលរដ្ឋមិនឲ្យបាត់សមិទ្ធផលប្រជាពលរដ្ឋទេ ប៉ុន្តែប្រជាពលរដ្ឋឲ្យស្របនឹងច្បាប់។ ខ្ញុំធានាឲ្យ។ ចម្ការពនេចរកន្លែងកប់ខ្មោចទីសក្ការៈរបស់ប្រជាពលរដ្ឋ គឺខ្ញុំធានាការពារឲ្យ ប៉ុន្តែតំបន់ណាដែលមាន ដែលយើងគាំទ្រពីមុនមក ហើយបើគាត់ទៅបង្កើតខ្ទមអ្នកតាពីម្សិលម្សិលម្ង៉ៃ ខ្ញុំទៅធ្វើម៉េចកើត»។
ក្រសួងកសិកម្ម បានផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ដុងទី សៃហ្គ្រង ប៊ិញភឿក ជាង ៦ពាន់ហិកតារ នៅស្រុកចិត្របូរី កាលពីឆ្នាំ២០០៧ បន្ទាប់មកក្រុមហ៊ុនបានធ្វើការឈូសឆាយព្រៃយកដីប៉ះពាល់ព្រៃត្រៀមបម្រុង ដីទីទួលសុវត្ថិភាព ព្រៃគោរពបូជា ទីវាលចិញ្ចឹមសត្វពាហនៈអ្នកភូមិ។ ករណីនេះ អ្នកភូមិផ្អៀរ បានប្រមូលផ្តុំគ្នាប្រឆាំងការឈូសឆាយនោះជាច្រើនលើក។
ទោះជាយ៉ាងនេះក៏ដោយ អភិបាលរងខេត្តក្រចេះ លោក វ៉ា ថន ថ្លែងថា ៩លើកហើយដែលអាជ្ញាធរព្យាយាមចុះដោះស្រាយបញ្ហាតវ៉ារបស់ពលរដ្ឋ ក៏ប៉ុន្តែមិនទទួលបានលទ្ធផល ដោយសារអ្នកភូមិទាមទារផ្ទៃដីរហូតជាង ៣ពាន់ហិកតារ។ ហេតុនេះ អាជ្ញាធរផ្អាកការដោះស្រាយមួយរយៈ ទុកឲ្យអ្នកភូមិជ្រើសរើសតំណាង ២០នាក់ ដើម្បីបន្តពិភាក្សាគ្នាជាថ្មីក្នុងបញ្ហានេះ។ លោកអំពាវនាវឲ្យអ្នកភូមិ ពិចារណាចំពោះការទាមទារសមហេតុផល ដើម្បីឈានទៅរកការបញ្ចប់ជម្លោះដីធ្លីមួយនេះ៖ «ជាជំហរ យើងនៅតែទទួលដោះស្រាយ ប៉ុន្តែឲ្យគាត់ពិចារណាឡើងវិញ តើសមគួរ ឬអត់? ប្រជាជនមួយភូមិជាសហគមន៍មួយមានដីសល់ក្រៅសហគមន៍ជិត ១ពាន់ហិកតារ ហើយឥឡូវគាត់សុំប៉ុន្មានទៀត វាសមរម្យដើម្បីយើងសម្របសម្រួលគ្នាជាមួយគេនេះ»។
កាលពីខែមិថុនា ឆ្នាំ២០១៤ អ្នកភូមិបានឃាត់ទុកគ្រឿងចក្រក្រុមហ៊ុន ៩គ្រឿង យកមករក្សាទុកនៅសាលាភូមិ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ឈប់ការឈូសឆាយ និងរក្សាព្រៃឈើទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់តាមលក្ខណៈប្រពៃណីជនជាតិដើមភាគតិច។
ពាក់ព័ន្ធករណីនេះដែរ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (adhoc) ខេត្តក្រចេះ លោក ហេង ភារៈ សម្ដែងការបារម្ភខ្លាចក្រែងកើតមានអំពើហិង្សា ខណៈគ្រឿងចក្រក្រុមហ៊ុននៅតែបន្តឈូសឆាយ ដោយសារការសន្យារបស់មន្ត្រីខេត្តមិនមានលិខិតស្នាមផ្លូវការ។ ចំណែកការដោះស្រាយនៅតែអូសបន្លាយពេលវេលា។ យ៉ាងណា លោកស្វាគមន៍ចំពោះគម្រោងជួបពិភាក្សារវាងអាជ្ញាធរ និងតំណាងសហគមន៍ជាថ្មី។ ចំណែកមន្ត្រីសមាគម នឹងបន្តឃ្លាំមើលបញ្ហានេះ។ លោកបន្តថា ប្រសិនដំណោះស្រាយទទួលបានលទ្ធផល សមាគមអាដហុក មានលទ្ធភាពឧបត្ថម្ភថវិកាដើម្បីវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ ចៀសវាងកើតមានជម្លោះតទៅទៀត៖ «វាខុសពីអ្វីដែល លោក វ៉ា ថន បានបញ្ជាក់ជាមួយតំណាងក្រុមហ៊ុនឈ្មោះ សុវណ្ណ យល់ព្រមគ្នាឯកភាពគ្នាថារង់ចាំដំណោះស្រាយសិន។ បើសិនក្រុមហ៊ុននៅតែបន្ត យើងបារម្ភខ្លាចក្រែងប្រជាពលរដ្ឋគាត់ប្រើអំពើហិង្សា ឬគាត់អាចធ្វើអ្វីមួយដែលប្រឆាំងទៅច្បាប់ណា»។
យ៉ាងនេះក្តី តំណាងប្រជាពលរដ្ឋភូមិផ្អៀរ អះអាងថា អ្នកភូមិបានជ្រើសរើសតំណាង ២០នាក់រួចរាល់ហើយ ដើម្បីជួបពិភាក្សាជាថ្មីជាមួយមន្ត្រីអាជ្ញាធរដោះស្រាយជម្លោះរ៉ាំរ៉ៃនេះ។ ជាមួយនោះដែរ អ្នកភូមិព្រមានថានឹងបន្តធ្វើការតវ៉ាទៅថ្នាក់ជាតិទៀត ប្រសិនដំណោះស្រាយការតវ៉ារបស់ពលរដ្ឋមិនបានលទ្ធផល៕
No comments:
Post a Comment