ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០១៤ ម៉ោង ១៦:៤៦
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២៧ តុលា នេះថា មន្ត្រីយោធាពាក់សិក្ត័៤ម្នាក់បម្រើការងារនៅអង្គភាពកងអង្គរក្សដែលបានប្រើអំពើហិង្សាទៅលើនារីមេការខារ៉ាអូខេឌីយ៉ាម៉ង់ផាលេស បណ្តាលឲ្យរបួសស្នាម ត្រូវអង្គភាពដើមគេយកទៅវិញហើយ ។
មន្ត្រីកងរាជអាវុធហត្ថបន្តថា មុននឹងប្រគល់មន្ត្រីយោធានោះឲ្យទៅអង្គភាព សមត្ថកិច្ចកងរាជអាវុធហត្ថបានសម្រុះសម្រួលសងថ្លៃថ្នាំពេទ្យ និងជំងឺចិត្តទៅលើជនរងគ្រោះរួចហើយដែរ ។
ទោះជាយ៉ាងណាអ្នកច្បាប់និយាយថា ការសងសំណងលើជនរងគ្រោះវាគ្រាន់តែជាការដោះបន្ទុកលើបណ្តឹងរដ្ឋប្បវេណីប៉ុណ្ណោះទេ ដូច្នេះជនបង្កដែលធ្វើឲ្យអ្នកដ៏ទៃមានរបួសស្នាមត្រូវរងជាប់នូវបណ្តឹងអាជ្ញាមួយទៀត បើយ៉ាងហោចណាស់មនុស្សមិនបានបញ្ជួនទៅឲ្យអយ្យការក្តី ដាច់ខាតសមត្ថកិច្ចត្រូវតែបញ្ជួនសំណុំរឿងទៅដែរ ។
បើតាមប្រភពពត៍មានពីសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា ព្រះអាជ្ញារងទទូលការងារនេះបាននឹងកំពុងរង់ចាំមើលផ្លូវលើសំណុំរឿងបង្ករបួសស្នាមនោះ ។
គួរបញ្ជាក់ថា យោងតាមព្រឹត្តិបត្តិព័ត៌មានរបស់នគរបាលជាតិ បានចេញផ្សាយនៅថ្ងៃទី២៧ តុលានេះថា កាលពីថ្ងៃទី២៣ តុលា ២០១៤ បុរសម្នាក់ជាមន្ត្រីយោធាពាក់ស័ក្តិ៤ និងនារីម្នាក់ដែលគេសង្សយ័ជាស្រីស្នេហ៍របស់មន្ត្រីយោធានោះត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ខណ្ឌទួលគោក សហការជាមួយកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធប្រើអំពើហិង្សាវាយទៅលើនារីមេការខារ៉ាអូខេឌីយ៉ាម៉ង់ផាលេស បណ្តាលឲ្យមានរបួសស្នាម ។
ព្រឹត្តិបត្តិនគរបាលជាតិបន្តថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ តុលា នៅចំណុចដីឡូត៍លេខ៨០ ក្លិបខារ៉ាអូខេឌីយ៉ាម៉ង់ផាលេស ស្ថិតនៅបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ មន្ត្រីយោធាដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះជា គឹមហួរ ភេទប្រុស អាយុ៣៥ឆ្នាំ នៅអង្គភាព ការិយាល័យទំនាក់ទំនងអន្តរជាតិ ប្រើប្រាស់អាវុធខ្លីម៉ាកបេកាតាលេខ ៦២៤៦២៥ បង់១ និងគ្រាប់ចំនួន១៣គ្រាប់ ស្នាក់នៅផ្ទះលេខ១៦១E ផ្លូវ៦៣ សង្កាត់ទំនប់ទឹកខណ្ឌចំការមន ។ ចំណែកជនរងគ្រោះឈ្មោះញាណ នីតា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាមេការខារ៉ាអូខេឌីយ៉ាម៉ង់ផាលេស ស្នាក់នៅផ្ទះជួលផ្លូ២៦៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ៕
No comments:
Post a Comment