ដោយ៖ អុិត សូធឿត | ថ្ងៃព្រហស្បតិ៍ ទី30 តុលា 2014,
អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ស្នើឲ្យប្រទេសអូស្ត្រាលីពិចារណាឡើងវិញក្នុងការបញ្ជូនជនភៀសខ្លួនពីកោះនេរូ (Nauru) មកកាន់កម្ពុជា។
លិខិតរបស់លោក កឹម សុខា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ផ្ញើជូនឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី អាលីសុន បឺរ៉ូ (Alison Burrows) សរសេរថា កាលពីថ្ងៃទី២១ ខែតុលា លោក កឹម សុខា បានជួបជាមួយអ្នកតំណាងជាច្រើនដូចជា ព្រះសង្ឃ សិស្ស បញ្ញាវ័ន្ត និងប្រជាពលរដ្ឋកម្ពុជា ដែលបានបាតុកម្មតវ៉ាប្រឆាំងនឹងការបញ្ជូនជនភៀសខ្លួនពីកោះនេរូ ប្រទេសអូស្ត្រាលី មកកម្ពុជា។ អ្នកតំណាងទាំងនោះបានសម្ដែងការព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានទាំងឡាយ ដែលអាចកើតមានបណ្ដាលមកពីកត្តាសេដ្ឋកិច្ច និងសង្គម ជាពិសេសការធានានូវការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅមិនទាន់បានដោះស្រាយនៅឡើយ។
លោក កឹម សុខា បន្តក្នុងលិខិតនោះទៀតថា ក្នុងនាមលោកជាសមាជិក និងជាអនុប្រធានទី១នៃរដ្ឋសភា លោកយល់ឃើញថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋគឹមានមូលដ្ឋានត្រឹមត្រូវយោងទៅតាមស្ថានភាពជាក់ស្ដែង។ លោកសរសេរថា «ដូច្នេះ ខ្ញុំសរសេរលិខិតនេះ ដើម្បីសំណូមពរឲ្យលោកស្រី និងរដ្ឋាភិបាលរបស់លោកស្រី ធ្វើការពិចារណាឡើងវិញពីការបញ្ជូនជនភៀសខ្លួនពីកោះនេរូ មកកាន់ព្រះរាជាណាចក្រកម្ពុជា» ។
កាលពីថ្ងៃទី២៦ខែកញ្ញា ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីបានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈ ទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។ ប្រទេសទាំងពីរអះអាងថា ក្រោមកិច្ចព្រមព្រៀងនេះ ការទទួលជនភៀសខ្លួនត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត។
រហូតមកដល់ពេលនេះ បញ្ហាអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ ស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ស្របពេលដែលប្រជាពលរដ្ឋ បក្សប្រឆាំង និងសង្គមស៊ីវិលនៅកម្ពុជា និងអូស្ដ្រាលីកំពុងធ្វើការតស៊ូមតិ ប្រឆាំងនឹងកិច្ចព្រមព្រាងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរនោះ៕
សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
No comments:
Post a Comment