លោកស៊ុំ ពុទ្ឋីក្រុមព្រឹក្សាខណ្ឌច្បាអំពៅមកពីគណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែន ចាប់ខ្លួនកាលពីព្រឹកមិញនៅវេលាម៉ោង០៧:៣០ព្រឹកនៅចំណុចស្ពានអាកាសក្បាលថ្នលដោយមិនដឹងមូលហេតុអ្វីនៅឡើយទេ
ភរិយាជនសង្ស័យ និងក្រុមការងារបក្សសង្គ្រោះជាតិ បានអះអាងថា លោក ស៊ុំ ពុទ្ធី ត្រូវតុលាការ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃចន្ទនេះ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្សសង្គ្រោះជាតិ បានឲ្យវិទ្យុអាស៊ីសេរី ដឹងថាកម្លាំងសមត្ថកិច្ច ពិតជាបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ គឺលោក ស៊ុំ ពុទ្ធីពិតមែន។ ប៉ុន្តែលោកមិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញការចាប់ខ្លួននេះទេ។
លោក យឹម សុវណ្ណ បន្តថារហូតមកដល់ពេលនេះ ក្រុមការងារ របស់គណបក្សសង្គ្រោះជាតិ កំពុងពិនិត្យទៅលើការចាប់ខ្លួន លោក ស៊ុំ ពុទ្ធី ដោយយកចិត្តទុកដាក់៖ «ខ្ញុំមិនទាន់ធ្វើអត្ថាធិប្បាយថាម៉េចទេ ពីព្រោះខ្ញុំរងចាំស៊ើបអង្កេត ឲ្យដឹងពីហេតុផល ថាហេតុអ្វីគេចាប់ខ្លួនគាត់សិន។ ដរាបណាមិនទាន់ដឹងមូលហេតុច្បាស់លាស់ទេ យើងធ្វើអត្ថាធិប្បាយទៅ វាអត់សុក្រឹត្យ ។ អ៊ីចឹងចង់ប្រមែប្រមូលព័ត៌មានឲ្យអស់ ថាតើគាត់ជាប់ពាក់ព័ន្ធរឿងអីឲ្យពិតប្រាកដ»។
ទាក់ទិនបញ្ហានេះ មន្ត្រីអង្គការពារសិទ្ធិមនុស្សមួយចំនួន មានសមាគមអាដហុក (Adhoc) និងអង្គការលីកាដូ (Licadho) ជាដើម ក៏មិនទាន់ដឹងមូលហេតុនៃការ ចាប់ខ្លួនលោក ស៊ុំ ពុទ្ធី នេះដែរដោយគ្រាន់តែដឹងថា ជនសង្ស័យរូបនេះ ត្រូវតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នាល្ងាចថ្ងៃចន្ទនេះ។ មន្ត្រីសិទ្ធិមនុស្សទាំងនេះ អះអាងថាកំពុងតាមដាន ជុំវិញករណីចាប់ខ្លួននេះ។ ព្រោះយល់ថាការចាប់ និងការឃុំខ្លួន មន្ត្រីបក្សប្រឆាំងរូបនេះធ្វើឡើងឆាប់រហ័ស។
ភរិយា លោក ស៊ុំ ពុទ្ធី គឺអ្នកស្រី ម៉ាក ចន្ទ មានប្រសាសន៍ថា រហូតដល់ល្ងាចថ្ងៃចន្ទ ទី២៩ ខែកញ្ញា ទើបមានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រាប់ថាស្វាមីគាត់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបញ្ជូនទៅឃុំ នៅពន្ធនាគារព្រៃស។ អ្នកស្រីមិនដឹងមូលហេតុនៃការចាប់ខ្លួននេះទេ៖« គេឲ្យដំណឹងថាគេចាប់ខ្លួនគាត់ ក៏ផ្អើលឆោឡោឡើងទៅ »។
មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថាលោក ស៊ុំ ពុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចចាប់ខ្លួន ជាប់ពាក់ព័ន្ធ ការប្រើអំពើហិង្សា ក្នុងពេលធ្វើបាតុកម្ម នៅក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ហើយថា លោក ស៊ុំ ពុទ្ឋី ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែកញ្ញា។ ការចាប់ខ្លួននេះ ធ្វើទៅតាមដីកា របស់តុលាការសាលាដំបូង ចោទពីបទញុះញង់ឲ្យមានអំពើហិង្សា ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ២០១៤ នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ នាំឲ្យមានសន្តិសុខរបួសជាច្រើននាក់៕
1 comment:
ដូចជាចម្លែកអីម្លេះទេ ឃើញខុស ហើយចាប់ចងតែខាងសង្រ្គោះជាតិ ឯខាងបក្សប្រជាជនវិញ ស្អីក៍គ្មានខុសអញ្ចឹង បើខុសដូច ឈូក បណ្ឌិត វិញគឺរកមិនឃើញ រីការបាញ់សម្លាប់វិញ គឹមិនដែលរកឃើញមុខអ្នកបាញ់បានមកកាត់ទោសមួយទេ នេះហើយស្រុកអច្ឆៈរយៈ មែនហើយ។
Post a Comment