បន្ទាប់ពីបានចូលប្រឡូកក្នុងឆាកនយោបាយអស់រយៈពេលប្រមាណ ២០ឆ្នាំ ជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ នៅក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត មើលឃើញថា ការប្រឡូកក្នុងនយោបាយស្រុកខ្មែរមានហានិភ័យខ្ពស់ណាស់ ហើយក៏បានសម្រេចចិត្តមកចាប់យកអាជីពថ្មីក្នុងវិស័យអប់រំវិញដើម្បីធ្វើការបណ្តុះបណ្តាលទំពាំងឲ្យមានគុណភាពដើម្បីស្នងឫស្សីវិញ។
លោក អានន្ទដាយ៉ាត នៅក្នុងវ័យប្រមាណ ៦១ឆ្នាំ បានសម្រេចចិត្តចាកចេញពីជីវិតនយោបាយ ក្នុងអំឡុង ឆ្នាំ២០១២ ហើយបានចាប់យកអាជីពថ្មី ក្នុងវិស័យអប់រំ នៅសាកលវិទ្យាល័យន័រតុន ដែលលោកយល់ថា ជាជីវិតសប្បាយចុងក្រោយ ក្នុងការចូលរួមកសាងប្រទេសជាតិ។ លោក អានន្ទដាយ៉ាត កើតនៅ ឆ្នាំ១៩៦១ ក្នុង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ក្នុងគ្រួសារមួយដែលមានឪពុកជាទាហាន និងម្ដាយជាអាជីវករ។
មុនរបបខ្មែរក្រហម ឆ្នាំ១៩៧៥ ក្នុងវ័យកុមារដែលទើបមានអាយុប្រមាណ ១៤ឆ្នាំ លោកមិនបានសិក្សាទៀងទាត់នោះទេ ដោយសារតែលោកត្រូវធ្វើដំណើរតាមឪពុក ដែលផ្លាស់ទីពីខេត្តមួយទៅខេត្តមួយ។ ប៉ុន្តែជាសំណាងល្អមុនព្រឹត្តិការណ៍ថ្ងៃ ទី១៧ មេសា ឆ្នាំ១៩៧៥ ដែលខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញ លោកបានចាកចេញពីស្រុកខ្មែរជាមួយនិងឪពុកធម៌ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកដើម្បីរស់នៅទីនោះ។
ទោះបីជាមានការចិញ្ចឹមបីបាច់និងថែរក្សាដោយយកចិត្តទុកដាក់ពីឪពុក និងម្ដាយធម៌ក៏ដោយ ក៏លោក អានន្ទដាយ៉ាត នៅតែខិតខំធ្វើការក្រៅម៉ោងខ្លះ ដែលជាទម្លាប់ដើម្បីឲ្យចេះរស់នៅដោយខ្លួនឯង។ លោកបានបញ្ចប់ការសិក្សារជាហូរហែ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។
ក្រោយពីបានចប់បរិញ្ញាបត្រលោកបានធ្វើការនៅក្នុងក្រុមហ៊ុនម៉ៃក្រូសូហ្វ ២ឆ្នាំ បន្ទាប់មកធ្វើការជាអ្នកវិទ្យាសាស្រ្តបរិស្ថានឲ្យក្រុមហ៊ុនមួយផ្សេងទៀត ដែលទទួលកុងត្រាពីមន្ទីរបរិស្ថាន នៃរដ្ឋាភិបាលអាមេរិក។
នៅក្នុងអំឡុងទសវត្សរ៍ ឆ្នាំ១៩៨០ ដោយបានទទួលព័ត៌មានអំពីសភាពការណ៍នយោបាយនៅស្រុកខ្មែរមានការប្រែប្រួល ដែលបានធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនបានរត់ភៀសខ្លួនមកតាំងលំនៅក្នុងទឹកដីថៃ ឬតាមបណ្ដោយព្រំដែន ខ្មែរ-ថៃ បានធ្វើឲ្យ អានន្ទដាយ៉ាត សម្រេចចិត្តមកធ្វើការងារផ្នែកមនុស្សធម៌ជាលើកដំបូង។
ក្នុងអំឡុងពេលវិសមកាល ៣ ខែម្ដង លោកតែងតែធ្វើដំណើរដោយស្ម័គ្រចិត្តចុះឡើងពីសហរដ្ឋអាមេរិកមកជំរំជនភៀសខ្លួនខ្មែរ តាមព្រំដែនថៃ ដើម្បីធ្វើការខាងសិទ្ធិមនុស្សនៅក្នុងការិយាល័យព្រះរាជតំណាង សម្ដេចឪ ប្រចាំអាស៊ី នៅ ទីក្រុងបាងកក ដែលមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាព្រះរាជតំណាង។
រហូតមកដល់ទសវត្សរ៍ ១៩៩០ លោក អានន្ទដាយ៉ាត បានចាប់ផ្ដើមការងារនយោបាយកាន់តែខ្លាំង ក្នុងខណៈដែលមានការចរចានយោបាយឈានទៅចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ លោកបានធ្វើការកៀរគរប្រមូលធនធានមនុស្សនិងថវិកាដើម្បីជួយជ្រោមជ្រែងចលនាតស៊ូ ហ៊្វុនស៊ិនប៉ិច រហូតដល់ ឆ្នាំ១៩៩៣ បានចូលរួមការបោះឆ្នោតលើកទីមួយនៅក្នុង ប្រទេសកម្ពុជា ដែលគណបក្ស ហ៊្វុនស៊ិនប៉ិច បានឈ្នះនៅក្នុងការបោះឆ្នោតនោះ។ ក៏ប៉ុន្តែក្រោយការបោះឆ្នោតលោកក៏បានត្រឡប់ទៅអាមេរិកវិញ ដើម្បីបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិតហើយបន្តធ្វើការជាធម្មតា។
មកដល់ ឆ្នាំ១៩៩៦ នៅពេលដែលសភាពការណ៍នៅស្រុកខ្មែរមានអស្ថិរភាពខ្លាំងលោក អានន្ទដាយ៉ាត បានសម្រេចចិត្តលក់អចលនទ្រព្យរបស់លោកទាំងអស់នៅសហរដ្ឋអាមេរិក ដើម្បីមករស់នៅជាអចិន្រៃ្តយ៍ នៅស្រុកខ្មែរជួយដល់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ម្ដងទៀតដែលកាលនោះ ព្រះអង្គជានាយករដ្ឋមន្ត្រីទីមួយ ហើយលោក ដាយ៉ាត នៅពេលនោះ បម្រើការនៅក្នុងក្របខ័ណ្ឌខុទ្ទកាល័យនាយករដ្ឋមន្រ្តីទីមួយ។
ក្នុងឆ្នាំដដែលនោះដែរ លោកបានធ្វើជាអនុរដ្ឋលេខាធិការនៅទីស្ដីការគណៈរដ្ឋមន្រ្តី តែមិនបានយូរប៉ុន្មានទេ ដោយមានទស្សនៈមិនស្របគ្នារវាងមនុស្សខាងក្នុងនិងអ្នកមកពីខាងក្រៅដោយមិនអាចរកចំណុចស្របគ្នាបាននៅក្នុងការងារ ក៏កើតមានជម្លោះ។
លោកនិយាយថា ពីចាប់ ឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០០៦ ព្រឹត្តិការណ៍នយោបាយមានសភាពគ្រោះថ្នាក់ណាស់ ហើយនៅ ឆ្នាំ១៩៩៧ លោកបានជាប់នៅក្នុងខុទ្ធកាល័យនាយករដ្ឋមន្រ្តីទីមួយពីរយប់បីថ្ងៃ ទើបអាចរត់ចេញមកពួននៅក្នុងស្ថានទូតសិង្ហបុរី ក្រោយមកក៏មានឡានទូតសហរដ្ឋអាមេរិក បានមកដឹកលោកចេញ។
លោកបានគូសបញ្ជាក់ថា៖ «បើនិយាយពីគ្រោះថ្នាក់ ខ្ញុំស្ទើរតែបាត់បង់ជីវិតនាពេលនោះ។ មន្រ្តីជាន់ខ្ពស់មួយចំនួននៅក្នុងខុទ្ទកាល័យក៏បានស្លាប់នៅក្នុងព្រឹត្តិការណ៍នោះ។ បច្ចុប្បន្នខ្ញុំបានបញ្ចប់ជីវិតជាអ្នកនយោបាយអស់ទៅហើយ»។
លោក ដាយ៉ាត បានលាចេញពីនយោបាយដោយសារតែលោកមើលឃើញថា «នយោបាយនាពេលបច្ចុប្បន្ននេះ មានភាពចាស់ទុំ ហើយខ្មែរចេះដោះស្រាយជម្លោះនយោបាយដោយខ្លួនឯងបានហើយ តាមបែបខ្មែរ ហើយស្ថានភាពសង្គមក៏មានស្ថិរភាពយើងអាចដើរហើរបានតាមចិត្ត ហើយមានភាពសម្បូរបែបខាងចំណីអាហារ ដូច្នេះគឺជាដំណាក់កាលមួយដែលខ្ញុំត្រូវចូលរួមរៀបចំទំពាំងឲ្យស្នងឫស្សីវិញម្ដង»។ ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម នៅក្នុងសាកលវិទ្យាល័យន័រតុន មានជាអាទិ ផ្នែកច្បាប់ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ បដិសណ្ឋារកិច្ច និងទេសចរណ៍ ហើយលោក អានន្ទដាយ៉ាត ក៏រួមចំណែកក្នុងការបង្រៀនសិស្សផងដែរ។
លោកបានចូលរួមរៀបចំកម្មវិធីសិក្សាជារៀងរាល់ឆ្នាំដើម្បីធ្វើកំណែទម្រង់និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យស្របទៅនឹងប្រពៃណីវប្បធម៌របស់ខ្មែរ និងត្រូវតាមឲ្យទាន់ការវិវឌ្ឍក្នុងតំបន់និងអន្តរជាតិដែលចាំបាច់បំផុតត្រូវរៀបចំកម្មវិធីសិក្សាឲ្យទំនើបនិងមានគុណភាពខ្ពស់។
លោកមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំមានមោទនភាពណាស់នៅក្នុងសាកលវិទ្យាល័យន័រតុន ដែលបានប្រឹងប្រែងរួមចំណែកពង្រឹងគុណភាពនៃការសិក្សា ជំនាញ និងកម្មវិធីសិក្សា ដែលស៊ីជម្រៅ ជាមួយនឹងអន្តរជាតិតូបនីយកម្ម ដែលមានគុណភាពខាងផ្នែកកម្មវិធីសិក្សា និងវិន័យរបស់និសិ្សត»។
លោកបានបញ្ជាក់ថា កត្តាទាំងពីរនេះហើយ ដែលត្រូវបានបណ្ដុះបណ្តាលក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ហើយការធ្វើការនៅក្នុងវិស័យអប់រំ លោកមានផាសុកភាពជាងវិស័យនយោបាយ ព្រោះនយោបាយជួបប្រទះភាពប្រថុយច្រើនគឺគ្រោះថ្នាក់។
លោក អានន្ទដាយ៉ាត បានឲ្យដឹងទៀតថា លោកមានសញ្ជាតិអាមេរិកាំងតាំងពី ឆ្នាំ១៩៧៩ មកដូច្នេះហើយសហរដ្ឋអាមេរិកគឺជាផ្ទះទីពីររបស់លោកដែលមិនអាចបំភ្លេចបាន ហើយលោកអាចចេញចូលពេលណាក៏បានដែរ ដោយលោកកាន់លិខិតឆ្លងដែនអាមេរិក។
លោកនិយាយថា គោលបំណងចុងក្រោយរបស់លោក គឺយកចំណេះដឹងពីអាមេរិកដើម្បីមកចែករំលែកជួយកូនខ្មែរឲ្យមានស្មារតីស្នេហាជាតិ តាមរយៈសាកលវិទ្យាល័យន័រតុន។
លោកថ្លែងថា៖ «សព្វថ្ងៃខ្ញុំរស់នៅក្នុងខុនដូមួយកន្លែងនៅទីក្រុងភ្នំពេញ ហើយគ្រួសារនិងបងប្អូនទាំងអស់រស់នៅសហរដ្ឋអាមេរិក ដែលមានការងារធ្វើត្រឹមត្រូវទាំងអស់គ្នានៅទីនោះ»។ លោក ដាយ៉ាត បានរៀបការនៅ ឆ្នាំ១៩៩២ មានកូនស្រីម្នាក់ដែលកំពុងរស់នៅជាមួយម្ដាយនៅសហរដ្ឋអាមេរិក ហើយនាងក៏កំពុងសិក្សានៅទីនោះផងដែរ។
លោក ដាយ៉ាត តែងតែមានភាពអាណិតអាសូរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរក្រីក្រ ហើយលោកតែងតែធ្វើអ្វីដែលអាចជួយប្រជាពលរដ្ឋក្រីក្រ ទៅតាមលទ្ធភាពដែលលោកអាចធ្វើបាន។ លោក អានន្ទដាយ៉ាត និយាយថា តាំងពី ឆ្នាំ១៩៩៦ មកលោកតែងតែធ្វើដំណើរដោយម៉ូតូឌុប និងម៉ូតូកង់បី លើកលែងតែពេលដែលត្រូវធ្វើដំណើរទៅជួបមន្រ្តីជាផ្លូវការទើបប្រើរថយន្ត។
លោកបន្ថែមថា៖ «ខ្ញុំចង់ទិញឡាន ក៏បានដែរ តែដោយសារអាណិតអ្នករត់ម៉ូតូឌុប ឬម៉ូតូកង់បី បើខ្ញុំមិនជិះក៏គាត់ពិបាករកថវិកាដែរ ដូច្នេះហើយការធ្វើដំណើររបស់ខ្ញុំ គឺខ្ញុំសុខចិត្តចំណាយលុយជិះម៉ូតូឌុបឬកង់បី ដើម្បីឲ្យពួកគេរកចំណូលបាននេះជាទស្សនៈមួយដែលគេអាចថា ឆ្កួត តែសម្រាប់ខ្ញុំមិនមានបញ្ហាទេ ព្រោះខ្ញុំចង់ឲ្យចំណូលបានទៅអ្នកក្រីក្រ»។
លោក អានន្ទដាយ៉ាត និយាយទៀតថា លោកក៏ស្រឡាញ់វិជ្ជាជីវសារព័ត៌មានផងដែរ ហើយលោកធ្លាប់គ្រប់គ្រងវិទ្យុតាព្រហ្ម ដែលជារបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ពី ឆ្នាំ២០០២ ដល់ ២០០៦ និងក្រោយមកត្រូវបានបណ្ដេញចេញដោយសារតែមានការបែកបាក់ផ្ទៃក្នុង។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នខ្ញុំនៅតែជានាយកខុទ្ទកាល័យរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប៉ុន្តែទទួលបន្ទុកផ្នែកប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមិនមានការពាក់ព័ន្ធនឹងគណបក្សនយោបាយថ្មីរបស់ព្រះអង្គទេ តែនៅតែបម្រើលោកក្នុងការសម្របសម្រួលកម្មវីធីថ្វាយលោក»។
លោក ដាយ៉ាត បានគូសបញ្ជាក់ថា៖ «កាលៈទេសៈបានបង្ខំខ្ញុំឲ្យចាកចេញពីជីវិតនយោបាយមិនមានបុគ្គលណាម្នាក់មកបង្ខំខ្ញុំនោះទេ»៕
No comments:
Post a Comment