Post by Special Reporter.
Post by Special Reporter.
ដោយ៖ អ៊ិត សូធឿត និង កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី15 កញ្ញា 2014 |
ប្រជាពលរដ្ឋមកពី ៣ឃុំ នៅស្រុកថ្មបាំង ខេត្តកោះកុង ហែរក្បួនតាមម៉ូតូទៅប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីដាក់ញត្តិជូនអាជ្ញាធរ ស្នើឲ្យផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង នៅព្រឹកថ្ងៃ៣១ មីនា ឆ្នាំ២០១៤។
Licadho Photo
សកម្មជន និងក្រុមយុវជន១១នាក់ត្រូវបានអាជ្ញាធរខេត្តកោះកុង ចាប់ខ្លួននៅតំបន់អារ៉ែង ខណៈដែលពួកគេបិទផ្លូវរារាំងមិនឲ្យអាជ្ញាធរ និងក្រុមហ៊ុនចិនស៊ីណូហាយដ្រូ (Shynohydro) មិនឲ្យចូលទៅតំបន់ស្ទឹងឆាយអារ៉ែង។
ប្រធានកម្មវិធីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក ហួន ជុនឌី ប្រាប់VODនៅរសៀលថ្ងៃចន្ទនេះថា អ្នកដែលត្រូវបានចាប់ខ្លួនទាំង១១នាក់គឺជាសកម្មជន និងសមាជិករបស់អង្គការមាតាធម្មជាតិ (Mother of Nature) និងក្រុមយុវជនមហានគរ ដែលក្នុងនោះក៏មានប្រធានសមាគមចលនាមាតាធម្មជាតិលោក អាឡិច ចាន់ដ្រូ ផងដែរ។
សមាជិកអង្គការមាតាធម្មជាតិលោក ស៊ីម សំណាង មានប្រសាសន៍ថា ក្រុមសកម្មជនត្រូវបានចាប់ខ្លួនកាលពីម៉ោង៣រសៀលថ្ងៃចន្ទនេះ ហើយលោក អាឡិច ចាន់ដ្រូ ត្រូវបានបញ្ជូនខ្លួនទៅកាន់ខេត្តកោះកុងដើម្បីធ្វើការសាកសួរបន្ត។ ចំណែកឯអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកថ្មបាំង។
សកម្មជនរបស់អង្គការមាតាធម្មជាតិមួយរូបទៀតលោក ម៉េង ហេង ឲ្យដឹងថាឥវ៉ាន់របស់ប្រជាពលរដ្ឋ និងសកម្មជន ដែលប្រើប្រាស់ក្នុងពេលបិទផ្លូវត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ទីរួមស្រុកថ្មបាំងដើម្បីរក្សាទុក។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកោះកុងលោក ថុង ណារ៉ុង មានប្រសាសន៍ថា លោកទទួលបានដំណឹងថាមានការឃាត់ខ្លួនសកម្មជនការពារតំបន់អារ៉ែងនេះ ដើម្បីសួរនាំ ហើយតុលាការកំពុងបន្តការសាកសួរដោយមិនទាន់ដឹងថា បានលទ្ធផលយ៉ាងណានៅឡើយទេ។
កន្លងមកប្រជាសហគមន៍អារ៉ែងចលនាមាតាធម្មជាតិ បណ្តាញព្រះសង្ឃឯករាជ្យ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងយុវជនខ្មែរមហានគរ ប្រកាសជំហរប្តេជ្ញារួមគ្នាទប់ស្កាត់ ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនស៊ីណូហាយដ្រូ( Sinohydro)។
ប្រធានសមាគមចលនាមាតាធម្មជាតិលោក អាឡិច ចាន់ដ្រូ ដែលត្រូវបានចាប់ខ្លួនធ្លាប់មានប្រសាសន៍ថា ទំនប់វារីអគ្គិសនីអារ៉ែងនេះផ្តល់ថាមពលតិចតួចប៉ុណ្ណោះ តែវាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថានធម្មជាតិ និងសហគមន៍មូលដ្ឋានដែលជាជនជាតិដើមភាគតិច៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sotheouth@vodhotnews.com
No comments:
Post a Comment