ពលរដ្ឋជាអ្នកភូមិឡពាង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា ជិត ១០០នាក់ បានហែក្បួនដោយថ្មើរជើងពីតំបន់បឹងកក់ ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ និងរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ សីហា។ អ្នកភូមិទាំងនោះ ដាក់ញត្តិទាមទារស្នើសុំឲ្យស្ថាប័នទាំងពីរនេះជួយអន្តរាគមន៍ដោះលែងតំណាងសកម្មជនដីធ្លីចំនួន ៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ឲ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ។
ជាការកត់សម្គាល់ ការតវ៉ាទាមទាររបស់ពលរដ្ឋមានជម្លោះដីធ្លីលើកនេះ មិនត្រូវបានអាជ្ញាធរដាក់បារ៉ាស់រារាំងក្បួនដង្ហែនោះទេ ដោយគ្រាន់តែហាមមិនឲ្យក្បួនដង្ហែនោះដើរឆ្លងកាត់វិថីមួយចំនួនដែលសំដៅឆ្ពោះទៅមុខផ្ទះនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យ។
ពលរដ្ឋឡពាង បានលើកផ្ទាំងបដារូបភាពតំណាងសកម្មជន ៥នាក់ រួមមានរូបលោក ស្ងួន ញឿន លោក ស្រ៊ុន ផា លោក សៀង ហេង លោក គុជ ហុក និងលោក ម៉ាង យ៉ាវ ដើរតាមផ្លូវនានាឆ្ពោះទៅក្រសួងយុត្តិធម៌និងរដ្ឋសភា។
ក្មេងតូចនិងអ្នកសរសៃខ្ចីខ្លះ ប្រឹងធ្វើដំណើរទាំងថ្មើរជើងនៅក្រោមកម្ដៅថ្ងៃចម្ងាយប្រមាណ ៥គីឡូម៉ែត្រ។ ពួកគេទាំងនោះបានស្រែកទាមទារសុំឲ្យស្ថាប័នទាំងពីរជួយផ្តល់យុត្តិធម៌ដល់អ្នកទាំង ៥ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយគ្រាន់តែតវ៉ានិងការពារដីរបស់ខ្លួន៖«ដោះលែងប្តីខ្ញុំវិញមក ប្តីខ្ញុំគ្មានកំហុសដូចការចោទប្រកាន់នោះទេ គាត់គ្រាន់តែការពារដីខ្លួនឯងសោះ ហេតុអីចាប់គាត់ដាក់គុក? នេះហើយចោររួចខ្លួនម្ចាស់ជាប់គុក អយុត្តិធម៌ណាស់! ពួកយើងត្រូវការយុត្តិធម៌! ដោះលែងសកម្មជនយើងទាំង ៥នាក់មកវិញមក!»។
ជម្លោះដីធ្លីរវាងអ្នកភូមិនៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល បានកក្រើកឡើងវិញតាំងដើមខែមិថុនា គឺនៅបន្ទាប់ពីក្រុមហ៊ុនបានដាក់គ្រឿងចក្រ និងកម្លាំងកម្មកររាប់រយនាក់ ធ្វើរបងព័ទ្ធលើដីដែលអ្នកភូមិអះអាងថា កំពុងមានជម្លោះជាមួយពួកគាត់។
អ្នកភូមិឡពាង បានដាក់ញត្តិពីរដោយឡែកពីគ្នាទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានរដ្ឋសភា។
ក្នុងញត្តិទាមទាររបស់អ្នកភូមិឡពាង ដាក់ជូនលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺចង់ឲ្យលោកចេញមុខជួយអន្តរាគមន៍ទៅតុលាការខេត្តកំពង់ឆ្នាំង ឲ្យដោះលែងសកម្មជនដីធ្លីចំនួន ៥នាក់ ឲ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ការចោទប្រកាន់ទៅលើតំណាងរបស់សហគមន៍ដីធ្លីឡពាង ទាំងអស់។
រីឯញត្តិមួយទៀត ដាក់ទៅលោក ហេង សំរិន ប្រធានរដ្ឋសភា គឺស្នើសុំឲ្យជួយដាក់សម្ពាធដល់រាជរដ្ឋាភិបាលដែលមិនបានអើពើក្នុងការដោះស្រាយជម្លោះដីធ្លីនៅឡពាង ជាមួយលោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម និងត្រូវបញ្ចប់ជម្លោះដីធ្លីនោះឲ្យបានឆាប់។
យ៉ាងណាការទាមទារដាក់ញត្តិរបស់អ្នកឡពាងនេះ ខាងរដ្ឋសភាបានអនុញត្តិឲ្យតំណាងអ្នកឡពាង ៥នាក់ ចូលដាក់ញត្តិទាមទាររបស់ខ្លួន។ រីឯខាងក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត ជានាយខុទ្ទកាល័យក្រសួង បានចេញមកទទួលញត្តិពីពលរដ្ឋ និងសន្យាថា យកញត្តិនោះដាក់ទៅលោករដ្ឋមន្ត្រីពិនិត្យ។
តំណាងអ្នកឡពាង លោកស្រី អ៊ុំ សុភី ភរិយាលោក ស្ងួន ញឿន ដែលកំពុងជាប់ឃុំសង្ឃឹមថា ស្ថាប័នកំពូលទាំងពីរនឹងផ្ដល់យុត្តិធម៌ដល់សកម្មជនទាំង ៥នាក់ ពិសេសអាចបញ្ចប់ជម្លោះដីធ្លីរវាងអ្នកឡពាង ជាមួយលោកស្រី ជា ខេង ឲ្យបានឆាប់៖ «មិនត្រូវពង្រាត់ប្ដីពីប្រពន្ធ ឪពុក ពីកូនទេ។ កូនរបស់ខ្ញុំសួររកឪពុករាល់ថ្ងៃ ខ្ញុំឆ្លើយប្រាប់ថា ឪពុករបស់កូនត្រូវគេចាប់ដាក់ក្នុងមន្ទីរឃុំឃាំង ហើយកូនសួរខ្ញុំថា ប៉ាខុសអីបានគេចាប់ដាក់ក្នុងគុក តើឲ្យខ្ញុំឆ្លើយថាម៉េច? គ្រាន់តែការពារដីខ្លួនឯងត្រូវគេចាប់ដាក់គុក តើច្បាប់រដ្ឋធម្មនុញ្ញចែងមកធ្វើអី ចែងមកការពារប្រយោជន៍ពលរដ្ឋបែរជាចាប់ពលរដ្ឋក្រីក្រដាក់គុកឯណាទៅច្បាប់សម្រាប់ពួកខ្ញុំ»។
អ្នកភូមិឡពាង ចំនួន ៨២គ្រួសារ មានជម្លោះដីធ្លីទំហំ ១៨២ហិកតារជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង តាំងពីឆ្នាំ២០០៦។ សព្វថ្ងៃនេះ សកម្មជនដីធ្លីជាបុរសៗ ៥នាក់កំពុងជាប់ក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ហើយស្ត្រីជាភរិយាបានចេញមុខធ្វើជាសកម្មជនដីធ្លីជំនួសប្ដីដែលជាប់ឃុំ ដើម្បីទាមទារឲ្យដោះលែងប្ដីមកវិញ។ ក្រៅពីនេះ តុលាការក៏បានចោទប្រកាន់ពលរដ្ឋឡពាង ជាបន្តបន្ទាប់ ជិត ១០០បណ្ដឹងផ្សេងទៀត។
មន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សមកពីអង្គការលីកាដូ លោក អំ សំអាត គិតថា ទាំងរដ្ឋាភិបាល ទាំងរដ្ឋសភា គួរដល់ពេលរូតរះដោះស្រាយបញ្ហាឡពាង ឲ្យបានឆាប់ ដោយផ្ដើមពីការដោះលែងមនុស្ស ៥នាក់ចេញពីពន្ធនាគារ។ តាមគំនិតលោក ប្រសិនបើបញ្ហានេះដោះស្រាយបញ្ចប់មែននោះ វាអាចឆ្លុះបញ្ចាំងពីប្រសិទ្ធភាពប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអនុសាសន៍របស់លោកដែលទើបតែអះអាងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយជំរុញឲ្យអាជ្ញាធរមូលដ្ឋានដោះស្រាយឲ្យមានប្រសិទ្ធភាពចំពោះទំនាស់ដីធ្លីនៅថ្នាក់មូលដ្ឋានរៀងៗខ្លួន៕
1 comment:
តើអ្នកណាជាអ្នកបង្កើតរឿងទៅ? ហើយ ហ៊ុន សែន ច្បាស់ជាថាមិនដឺងមិនឃើញទៀតទេ បើហ៊ុន សែនដឺងចៅហ្វាយខេត្ត កំពុងឆ្នាំងពិតជារត់ទាំងកណ្តាលយប់ទៀត ហើយ រួចទៅឌៀលគេថា អាកូនក្មេងទៀតទៅ? ឱ្យកូនចៅដើរធ្វើអំពើអាក្រក់ រួចដោះខ្លួនថាមិនដឹង អាបណ្ឌិតឥតសាលានេះដូចវាចេះហួស លោកអើយមើលផង។
Post a Comment