ដោយ៖ បាន វិទ្យា | ថ្ងៃពុធ ទី27 សីហា 2014, VOD
អភិបាល និងអភិបាលរងខេត្តបាត់ដំបង នៅថ្ងៃពុធនេះ យករថយន្តមកដឹកប្រជាពលរដ្ឋមានជម្លោះដីធ្លីដែលឡើងមកតវ៉ានៅភ្នំពេញ ត្រឡប់ទៅស្រុកវិញ ដោយសន្យាថា នឹងរកដំណោះស្រាយឲ្យ។
តំណាងពលរដ្ឋម្នាក់លោក អុី ប៊ុនថន ប្រាប់VOD ឲ្យដឹងនៅថ្ងៃពុធនេះថា នៅវេលាម៉ោងប្រមាណជា ១១:៣០នាទី អភិបាលខេត្តលោក ច័ន្ទ សុផល និងអភិបាលរងខេត្តបាត់ដំបង លោក សុខ គង់ យករថយន្តមកដឹកប្រជាពលរដ្ឋឲ្យត្រឡប់ទៅវិញ បន្ទាប់ពីលោកអកិបាលរងបានជួបចរចាសម្របសម្រួល ជាមួយអ្នកតំណាងភូមិ១២នាក់ នៅសង្កាត់ជ្រោយចង្វាកាលពីព្រឹកមិញ។
លោក អុី ប៊ុនថន បន្តថា ក្នុងការចរចានោះ លោកអភិបាលរងខេត្ត បានសន្យាផ្តល់ដំណោះស្រាយ៣ចំណុចដូចជា ផ្តល់មេធាវីក្នុងការជួយការពារប្រជាពលរដ្ឋ បង្កើតគណៈកម្មការចម្រុះជួយប្រជាពលរដ្ឋ និងផ្តល់ការអាស្រ័យផលលើដីមានជម្លោះរហូតដល់មានការដោះស្រាយរួច ដោយតម្រូវឲ្យប្រជាពលរដ្ឋមានជម្លោះវិលត្រឡប់ទៅខេត្ត និងធានាចេញលើថ្លៃធ្វើដំណើរផងដែរ។
ទោះបីជាយ៉ាងណា លោកឲ្យដឹងថា ពលរដ្ឋប្រមាណជាង៩០នាក់ប៉ុណ្ណោះ ក្នុងចំណោមជិត៤០០នាក់ដែលឡើងមកតវ៉ាបានត្រឡប់ទៅវិញ ដោយសារពលរដ្ឋភាគច្រើនមិនព្រមទៅវិញ។
លោក អ៊ី ប៊ុនថន បន្ថែមថា ប្រជាពលរដ្ឋដែលយល់ព្រមត្រឡប់ទៅខេត្តវិញក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដើម្បីពិនិត្យមើលថា ការអះអាង និងការធានាជួយធ្វើអន្តរាគមន៍របស់លោកអភិបាលរងខេត្តក្នុងជម្លោះដីធ្លីពិតប្រាក ដូចអ្វីដែលបានសន្យាជាមួយពួកគាត់ឬអត់ ប្រសិនបើនៅតែពុំមានដំណោះស្រាយពីបញ្ហាជម្លោះដីធ្លីនេះទេ អ្នកតំណាងភូមិ និងប្រជាពលរដ្ឋនឹងឡើងមកភ្នំពេញតវ៉ាម្តងទៀត។
ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា ការជួយធ្វើអន្តរាគមន៍របស់អភិបាល និងអភិបាលរងខេត្តបាត់ដំបងជាចំណុចមួយដែលបញ្ជាក់ពីផលវិជ្ជមាន ដែលផ្អែកតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៨ ខែសីហាកន្លងមក។
លោកបន្តថា អភិបាលត្រូវតែស្នើសុំបែបបទ ដើម្បីធ្វើអនុប្រយោគទៅលើដី គោលដៅប្រែក្លាយដីនោះជាដីសម្បទានសង្គមកិច្ច និងបែងចែកតាមទំហំដីកាន់កាប់ជាក់ស្តែង តែប្រសិនបើការជួយនេះ គ្រាន់តែខ្លាចនូវការស្តីបន្ទោសពីថ្នាក់លើ ហើយក្រោយមកមិនព្រមដោះស្រាយវា «ជារឿងចោម្សៀត»។
VOD មិនអាចសុំការអត្ថាធិប្បាយ ពីអភិបាលរងខេត្តបាត់ដំបងបានទេ ដោយលោកថាកំពុងជាប់រវល់។
កាលពីថ្ងៃចន្ទ ទី២៥ ខែសីហា អ្នកមានជម្លោះដីធ្លី ឋិតនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបច្ចុប្បន្នកំពុងស្នាក់នៅវត្តពុទ្ធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ។
ប្រជាពលរដ្ឋឲ្យដឹងថា ជម្លោះដីបានប៉ះពាល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅព្រំប្រទល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលស្ថិតនៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងនៅភូមិក្រពើសែសិប ឃុំបឹង២ ស្រុកបវេល ខេត្តបាត់ដំបង លើទំហំដី៦១២ហិកតា។ ចំណែកអ្នកភូមិអូរវល្លិព្រេង ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កើតមានជម្លោះតាំងពីឆ្នាំ១៩៩៩ ដែលកន្លងមកប្រជាពលរដ្ឋ៣៨គ្រួសារ រងការចោទប្រកាន់ពីសិទិ្ធកាន់កាប់ខុសច្បាប់លើទំហំដី១១០ហិកតា ដោយប្រជាពលរដ្ឋខ្លះត្រូវបានជាប់ពន្ធនាគារ៕
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com
No comments:
Post a Comment