យុវជនខ្មែរកាន់តែមានប្រតិកម្មខ្លាំងឡើងថែមទៀត បន្ទាប់ពីមន្ត្រីស្ថានទូតវៀតណាម បដិសេធមិនសុំទោសរឿងបំភ្លៃប្រវត្តិសាស្ត្រទាក់ទងនឹងទឹកដីកម្ពុជាក្រោម ដោយពួកគេអះអាងថា នឹងបន្តការតវ៉ាប្រឆាំងតទៅទៀតរហូតដល់ទីបញ្ចប់។
ក្រុមយុវជនមកពីសមាគមចំនួន៧ រួមទាំងព្រះសង្ឃផង ព្រមានថានឹងធ្វើមហាបាតុកម្ម ប្រសិនបើមន្ត្រីស្ថានទូតវៀតណាម នៅតែចចេសរឹងរូសមិនព្រមទទួលស្គាល់ថា កម្ពុជាក្រោមជាអតីតទឹកដីរបស់ខ្មែរទេនោះ។
ការព្រមាននេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៩ កក្កដា ឯភោជនីយដ្ឋានបៃតង រាជធានីភ្នំពេញ បន្ទាប់ពីមន្ត្រីស្ថានទូតវៀតណាម បដិសេធមិនទទួលស្គាល់ទឹកដីកម្ពុជាក្រោម ថាជាអតីតទឹកដីរបស់ខ្មែរ។
កញ្ញា ភូ ទីតា តំណាងក្រុមយុវជនមកពីបណ្ដាញសង្គមហ្វេសប៊ុក (I Love Cambodia Hot News) ថ្លែងថា ជំហានដំបូងនៅថ្ងៃទី១៦ កក្កដា ក្រុមយុវជននឹងដាក់ញត្តិទាក់ទិនករណីនេះ ជូនស្ថានទូតនៃប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន រុស្ស៊ី ជាពិសេស គឺប្រទេសបារាំង រួមទាំងសហភាពអឺរ៉ុប និងប្រទេសវៀតណាម ខ្លួនឯងផង៖«ហើយបើសិនជាស្ថានទូតយួន នៅតែមិនព្រមអើពើ ពួកយើងនឹងតវ៉ារហូត យើងនឹងធ្វើឲ្យមានមហាបាតុកម្មនៅក្នុងប្រទេសកម្ពុជា កើតឡើងផងដែរ»។
ការប្រកាសជំហររបស់ស្ថានទូតវៀតណាម គឺធ្វើឡើងបន្ទាប់ពីព្រះសង្ឃ និស្សិត និងសកម្មជនខ្មែរកម្ពុជាក្រោម បានក្រោកឡើងតវ៉ាកាលពីថ្ងៃអង្គារ ទី៨ កក្កដា ទាមទារឲ្យស្ថានទូតវៀតណាម សុំទោសជាផ្លូវការចំពោះសេចក្ដីអធិប្បាយផ្ទុយពីប្រវត្តិសាស្ត្ររបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម គឺលោក ត្រឹង វ៉ាន់ថុង ដែលថា កម្ពុជាក្រោមជាទឹកដីរបស់វៀតណាម តាំងពីយូរមកហើយ គឺមិនមែនបារាំង កាត់ឲ្យប្រទេសវៀតណាម នោះទេ។
មិនតែប៉ុណ្ណោះ លោក ត្រឹង វ៉ាន់ថុង បានហៅបាតុកម្មថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាម។
ប្រការនេះ អ្នកសម្របសម្រួលយុវជនឯករាជ្យ លោក រិន ចាន់រិទ្ធិ មានប្រសាសន៍ថា សម្ដីរបស់ លោក ត្រឹង វ៉ាន់ថុង មិនសមជាអ្នកការទូតទាល់តែសោះ គឺសម្ដីរបស់លោករឹតតែបញ្ឆេះកំហឹងបាតុករបន្ថែមទៀត៖ «ហើយជាពិសេសហ្នឹង គាត់ចង់និយាយថាម៉េច? ចង់និយាយថា ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅទឹកដីខ្មែរក្រោម ដែលជាទឹកដីកំណើតរបស់ខ្លួនហ្នឹង ពួកគាត់ជាអ្នកទៅលួចទឹកដីយួន រស់នៅសព្វថ្ងៃ ឬក៏ជាជនអន្តោប្រវេសន៍? អ៊ីចឹងអ្វីដែលគាត់និយាយហ្នឹង គឺគាត់បានផ្ដល់ភាពអយុត្តិធម៌ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋខ្មែរទាំងមូល និងចំពោះប្រជាពលរដ្ឋខ្មែរក្រោម»។
យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាបានបន្ថយពីការទាមទារឲ្យមានការសុំទោសជាសាធារណៈ មកនៅត្រឹមការទទួលស្គាល់ថា កម្ពុជាក្រោមជាអតីតទឹកដីរបស់ខ្មែរជាប្រវត្តិសាស្ត្រ៕
1 comment:
What the benefits of holding mass protest ?. To provoke hatred angry and dividing khmere.? What going to get idiot. ?.kem sokha why you idiot don't go to border and invade youn or claim at Icj ? ......stop your evils mind ....? Lion
Post a Comment