«ត្រូវវិលត្រឡប់មកជាន់ដីស្រុកខ្មែរវិញឲ្យបាន ធ្វើជាអ្នកតំណាងរាស្ត្រឲ្យបាន» គឺជាការប្តេជ្ញាក្នុងចិត្តរបស់លោក យ៉ែម បុញ្ញឫទ្ធិ ចាប់តាំងពីលោកបានរត់ភៀសខ្លួនខ្ចាត់ព្រាត់ រហូតបានទៅជាន់ដី ស្រុកបារាំង លើកដំបូងកាលពីចុង ឆ្នាំ១៩៨១ ហើយឥឡូវនេះ ការតាំងចិត្តដ៏មោះមុតរបស់លោកបានសម្រេចដូចបំណងហើយ។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ មហិច្ឆតារបស់អតីតសិស្សពូកែផ្នែកគណិតវិទ្យារូបនេះ គឺមិនទាន់បញ្ចប់ត្រឹមនេះទេ។ លោក បុញ្ញឫទ្ធិ នៅមានបំណងប្រាថ្នាធំជាងនេះទៀត «គឺទៅយកអំណាចឲ្យបាន ទៅដឹកនាំប្រទេសឲ្យបាន ដើម្បីដោះស្រាយបញ្ហាសង្គម» ឬដើម្បីសង្គ្រោះជាតិ ដូចអ្វីដែលជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់គណបក្សប្រឆាំង។
លោក យ៉ែម បុញ្ញឫទ្ធិ កើតនៅថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ១៩៦០ ក្នុងគ្រួសារខ្មែរសុទ្ធមួយ នៅ ភូមិកំពង់ ឃុំព្រះបាទជាន់ឃុំ ស្រុកគិរីវង្ស ខេត្តតាកែវ។ ដោយកើតក្នុងត្រកូលអ្នកមានមុខមាត់ខ្ពង់ខ្ពស់ ដែលមានឪពុក ឈ្មោះ យ៉ែម ងឹម ជាចាងហ្វាងសាលាទន្លាប់ និងជាអ្នកតំណាងរាស្ត្រក្នុង ឆ្នាំ១៩៧២ និងមានម្តាយជាស្ត្រីមេផ្ទះ លោក បុញ្ញឫទ្ធិ មានបងប្អូនបង្កើត ១០ នាក់ ប្រុស ៦ នាក់ ហើយលោកជាកូន ទី៥។
លោកថ្លែងថា៖ «ខ្ញុំឈាមខ្មែរសុទ្ធតែម្តង មានជីដូនជីតាដែលមុននឹងបាត់ដីកម្ពុជាក្រោម គឺគាត់រស់នៅ ខេត្តតាកែវ នៅជាប់នឹងព្រំដែនកម្ពុជាក្រោមបច្ចុប្បន្ន»។
កុមារា បុញ្ញឫទ្ធិ បានចូលរៀននៅសាលាបឋមសិក្សា ទន្លាប់ ហើយនៅពេលដែលស្រុកចាប់ផ្តើមកើតសង្គ្រាមក្នុង ឆ្នាំ១៩៧០ បានមករៀននៅវិទ្យាល័យ តាកែវ អស់រយៈពេលមួយឆ្នាំ មុននឹងមកបន្តការសិក្សានៅ ភ្នំពេញ រហូតដល់ ឆ្នាំ១៩៧៥ ដោយស្នាក់នៅ វត្តនួនមុនីរាម ហៅវត្ត ថាន់ អស់រយៈពេលមួយឆ្នាំ រួចបានទៅរស់នៅផ្ទះរបស់លោកនៅ ទួលទំពូង។ ចូលដល់សម័យខ្មែរក្រហមលោក បុញ្ញឫទ្ធិ ត្រូវគេជម្លៀសពីទីក្រុងភ្នំពេញទៅរស់នៅ ស្រុកអង្គរជ័យ ខេត្តកំពត។
«ខ្ញុំនៅជាមួយខ្មែរក្រហមរហូតដល់ ៧ មករា ៧៩ ឃើញយួនចូលម៉ោហ្នឹងខ្ញុំក៏ចេញពី ខេត្តកំពត ត្រឡប់ទៅស្រុកកំណើតវិញ។ ទៅដល់ស្រុកកំណើតមានផ្ទះមួយ ដែលលោកឪពុកអ្នកម្តាយខ្ញុំគាត់ខំសាងសង់ហ្នឹង ទៅនៅហ្នឹងស្រាប់តែគេខ្ចីផ្ទះហ្នឹង យកទៅធ្វើសាលាស្រុក គេឲ្យទៅនៅកន្លែងផ្សេងហើយគេថា ចាំគេឲ្យវិញ ប៉ុន្តែរហូតមកទល់បច្ចុប្បន្នហ្នឹងគេអត់ឲ្យវិញទេគឺគេយកធ្វើអធិការដ្ឋាន ស្រុកគិរីវង្ស»។
បងប្រុសលោក បុញ្ញឫទ្ធិ មួយរូបបានចេញទៅសហរដ្ឋអាមេរិក និងមួយរូបទៀត បានទៅ ប្រទេសបារាំង នៅមុនពេលខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញ។ អ្នកម្តាយ និងបងប្អូនរបស់លោក ៨ រូបផ្សេងទៀត បានរស់នៅឆ្លងផុតពីរបបខ្មែរក្រហម ដោយពុំមាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតឡើយ ខណៈដែលឪពុករបស់លោកបានស្លាប់នៅក្នុងរបបអាវខ្មៅនេះ។ នៅក្រោយ ឆ្នាំ១៩៧៩ បន្ទាប់ពីបានវិលទៅរស់នៅស្រុកកំណើតមួយរយៈ លោក បុញ្ញឫទ្ធិ បានឡើងមករស់នៅ ភ្នំពេញ វិញដោយចូលរៀនថ្នាក់ ទី១០ នៅវិទ្យាល័យ ស៊ីសុវត្ថិ។
លោក បុញ្ញឫទ្ធិ ជាសិស្សពូកែខាងគណិតវិទ្យា។ បន្ទាប់ពីរៀនចប់ថ្នាក់ ទី១០ លោកបានសុំអាហារូបករណ៍ទៅសិក្សានៅអឺរ៉ុបខាងកើត ប៉ុន្តែ មិនត្រូវបានគេអនុញ្ញាតឡើយ «ដោយសារតែមានការរើសអើងពីប្រវត្តិរូបខ្ញុំផ្ទាល់ និងប្រវត្តិគ្រួសារ» របស់លោក។
«ពេលហ្នឹង ខ្ញុំក៏សម្រេចចិត្តចេញទៅតស៊ូ ពីព្រោះឃើញយួនក៏ច្រើនពេញស្រុក អាការរើសអើងហ្នឹងក៏ខ្លាំង ហើយរបៀបដឹកនាំ កុម្មុយនីស្តទៀត ក៏ដើរពី ភ្នំពេញ ទៅដល់ព្រំដែនខ្មែរសៀមតែម្តង»។
លោក បុញ្ញឫទ្ធិ បានចាកចេញពី ក្រុងភ្នំពេញ ទៅកាន់ជំរំ នៅព្រំដែនខ្មែរថៃ នៅ ខែកញ្ញា ឆ្នាំ១៩៨០។ លោកបានរស់នៅជំរំតាមព្រំដែនក្នុងរយៈពេលខ្លីប៉ុណ្ណោះហើយបានចេញទៅរស់នៅ ប្រទេសបារាំង នៅចុង ឆ្នាំ១៩៨១ ក្នុងនាមជាជនភៀសខ្លួន។
«ខ្ញុំបានចេញទៅរស់នៅ បារាំង ហ្នឹង គឺដោយសារតែមានបងប្រុសខ្ញុំ និងបងស្រីជាគ្រួសារគាត់ហ្នឹង ជាអ្នកធានាខ្ញុំទៅ...ដោយសារមានយួនពេញស្រុកហ្នឹង ក៏ចេញទៅបន្តការសិក្សាដោយសន្យាក្នុងចិត្តថា ពេលណារៀនចប់មានឱកាសត្រឡប់មកស្រុកវិញដើម្បីសង្គ្រោះជាតិខ្មែរឲ្យបាន»។
នៅពេលទៅដល់ ប្រទេសបារាំង លោក បុញ្ញឫទ្ធិ បានរកការងារធ្វើ ដើម្បីចិញ្ចឹមជីវិតផង និងខិតខំបន្តការសិក្សាផង។ លោកបានរៀនភាសាបារាំងបន្ថែម បន្ទាប់មកទៀតបានចូលរៀននៅមហាវិទ្យាល័យផ្នែកព័ត៌មានវិទ្យា ខាង អាយធី ផ្នែកខាងដែតាបេស។ ពេលរៀនចប់ បានបរិញ្ញាបត្រជាន់ខ្ពស់ខាង អាយធី លោក បុញ្ញឫទ្ធិ បានចេញធ្វើការឲ្យក្រុមហ៊ុន បារាំង មួយក្នុង ឆ្នាំ១៩៩១។ នៅពេលក្រោយមកលោកបានរៀនយកជំនាញខាងការគ្រប់គ្រងក្រុមហ៊ុននិងខាងទីផ្សារភាគហ៊ុន។
បើទោះបីជាបានរស់នៅសុខស្រួល នៅលើទឹកដីប្រទេសជឿនលឿនដែលជាប្រទេសមហាអំណាចក៏ដោយ ក៏លោក បុញ្ញឫទ្ធិ មិនដែលភ្លេចទឹកដីកំណើតរបស់ខ្លួនឡើយ។
«ខ្ញុំបានសន្មតក្នុងចិត្តពេលចាកចេញពីប្រទេសខ្មែរ ទៅដល់ព្រំដែនសៀម ទម្រាំតែឆ្លងកាត់ព្រំដែនខ្មែរសៀមជំនាន់នោះបាន គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងមែនទែន ក៏ប៉ុន្តែ មានការសន្មតក្នុងចិត្តមួយយ៉ាងច្បាស់ថា ការទៅនេះគឺទៅបណ្តោះអាសន្ន ដើម្បីស្វែងរកចំណេះវិជ្ជាពិតប្រាកដ ហើយវិលត្រឡប់មកស្រុកវិញ ដើម្បីជួយសង្គ្រោះជាតិ»។
លោកនិយាយថា៖ «ខ្ញុំគឺតាំងពីតូចមកមានគំនិតស្រឡាញ់ជាតិមែនទែន ហើយលើសពីនេះដោយលោកឪពុកជាអ្នកតំណាងរាស្ត្រទៅទៀតនៅ ឆ្នាំ៧២ ខ្ញុំអាយុ ១២ឆ្នាំ ខ្ញុំហាក់ដូចជាលេខាផ្ទាល់របស់គាត់តែម្តង ការងារទាំងអស់នៅសភាជំនាន់នោះ គឺខ្ញុំបានដឹងច្រើន»។
កុមារា បុញ្ញឫទ្ធិ នៅពេលរៀនពីប្រវត្តិសាស្ត្រខ្មែរ ពេលដែលដឹងថា ខ្មែរច្បាំងចាញ់ វៀតណាម ឬច្បាំងចាញ់ថៃ គឺតែងតែកើតទុក្ខដេកមិនលក់ហើយចេះតែស្រមៃថា «ថ្ងៃណាមួយចង់ចូលរួមចំណែកដើម្បីអភិវឌ្ឍកសាងប្រទេសជាតិ»។
លោក បុញ្ញឫទ្ធិ ដែលជាស្ថាបនិកគណបក្សជាតិខ្មែរ នៅ ប្រទេសបារាំង តាំងពីលើកដំបូង ហើយក្រោយមកត្រូវប្តូរទៅជាគណបក្ស សម រង្ស៊ី បានត្រឡប់មកកម្ពុជាវិញលើកដំបូងក្នុង ឆ្នាំ១៩៩៨ ដើម្បីចូលរួមធ្វើកិច្ចការនយោបាយ។ នៅពេលនោះ លោកបានទៅមក ប្រទេសបារាំង ជាញឹកញាប់ និងបានមករស់នៅជាប់ក្នុង ឆ្នាំ២០០៧។
មានការលើកឡើងថា ការចូលប្រឡូកក្នុងនយោបាយយ៉ាងហោចណាស់ គឺត្រូវប្រឈមនឹងហានិភ័យធំៗបី គឺត្រូវគេធ្វើឃាត ជាប់គុក និងរត់ចោលស្រុក។ ប៉ុន្តែសម្រាប់លោក បុញ្ញឫទ្ធិ មិនយល់ដូច្នេះទេ។
លោកបញ្ជាក់ថា៖ «ទ្រឹស្តីបីហ្នឹងហាក់ដូចគ្រាន់តែជាការបំភិតបំភ័យគំរាមកំហែងផ្លូវចិត្តរបស់អ្នកនយោបាយប្រមូលផ្តុំអំណាច ឬអ្នកនយោបាយផ្តាច់ការ»។ អ្នកនយោបាយប្រជាធិបតេយ្យពិតប្រាកដគេតែងតែលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម «ពីព្រោះពាក្យថា នយោបាយគឺនាំគ្នាចូលរួម ដើម្បីដោះស្រាយបញ្ហាសង្គម»។
ក្នុងពេលប្រឡូកនយោបាយជាង ៣០ ឆ្នាំមកនេះចាប់តាំងពីលោកនៅ ប្រទេសបារាំង អ្វីដែលលោកចងចាំមិនអាចបំភ្លេចបាននោះ គឺកម្លាំងអ្នកជាតិនិយមដែលតែងតែត្រូវគេបំបែកបំបាក់ហើយអ្នកដឹកនាំមួយចំនួនខ្វះលក្ខណៈមោះមុតដាច់ខាត «តែងតែធ្លាក់ចូលទៅក្នុងជង្ហុកមួយ ដែលហៅថា បក្ខពួកនិយម និងការញុះញង់បំបែកបំបាក់។ នេះជាចំណុចដែលខ្ញុំសង្កេតឃើញកើតមានគ្រប់កន្លែងទាំងអស់»។
លោក បុញ្ញឫទ្ធិ បានតាំងចិត្តរួចជាស្រេចហើយគឺមិនខ្លាចញញើត និងមិនចុះញ៉មជាដាច់ខាតចំពោះការគំរាមកំហែងអ្វីក៏ដោយ។
លោក បុញ្ញឫទ្ធិ បានរៀបការនៅ ឆ្នាំ១៩៩៥ មានកូន ៣ នាក់ប្រុសម្នាក់។ កូនបងអាយុ ២៣ឆ្នាំ និងកូនស្រីពៅអាយុ ៥ឆ្នាំ។ ភរិយានិងកូនទាំងបីរបស់លោក រស់នៅ ប្រទេសបារាំង។ លោកតែងតែទៅលេងប្រពន្ធកូននៅពេលដែលមានឱកាស។
ក្រៅពីធ្វើនយោបាយ លោក បុញ្ញឫទ្ធិ មិនមានប្រកបមុខរបរអ្វីទេនៅកម្ពុជា ប៉ុន្តែលោកមានចូលភាគហ៊ុនរកស៊ីជាមួយបងប្អូននៅ ប្រទេសបារាំង។
លោក បុញ្ញឫទ្ធិ ដែលជាស្ថាបនិកគណបក្សសិទ្ធិមនុស្ស ជាគណបក្សដែលរួមបញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី បច្ចុប្បន្ន ក្រៅពីជាតំណាងរាស្ត្រជាប់ឆ្នោតនៅ មណ្ឌលព្រៃវែង ជាខេត្តដែលលោកបានធ្វើជាតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សតាំងពី ឆ្នាំ២០០៨ លោកក៏ជាអគ្គនាយករដ្ឋបាលនិងជាអ្នកនាំពាក្យគណបក្សប្រឆាំងផងដែរ។
លោក បុញ្ញឫទ្ធិ ក៏ដូចជាតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងចំនួន ៥៤ រូបផ្សេងទៀតដែរ ដោយសារតែមានវិបត្តិនយោបាយចាប់តាំងពីក្រោយការបោះឆ្នោត ដែលមានវិវាទ អស់រយៈពេលជិតមួយឆ្នាំមកហើយ នៅមិនទាន់ទទួលបានប្រាក់បៀវត្សរ៍នៅឡើយទេ។
ក៏ប៉ុន្តែលោក បុញ្ញឫទ្ធិ បញ្ជាក់ថា៖ «(ការអត់បានប្រាក់ខែ) អត់មានបញ្ហាប្រឈមអ្វីទាល់តែសោះ ពីព្រោះយើងត្រូវគិតថា អ្នកដែលមកធ្វើនយោបាយ គឺជាអ្នកដែលមកដោះស្រាយបញ្ហាសង្គម ដូច្នេះមិនមែនអ្នកយកបញ្ហាខ្លួនឯង មកដាក់ជាបន្ទុកឲ្យសង្គមឬជាបន្ទុករបស់បក្សនោះទេ»។
លោកគូសបញ្ជាក់ទៀតថា៖ «ចំពោះអ្នកនយោបាយណាដែលគិតថា មកធ្វើតំណាងរាស្ត្រដើម្បីយកប្រាក់ខែ ដែលយើងឲ្យឈ្មោះថា ធ្វើអាជីវកម្មនយោបាយនោះ អ្នកហ្នឹងប្រាកដជារងសម្ពាធផ្នែកសេដ្ឋកិច្ច ហើយប្រាកដជារងសម្ពាធការសម្រេចចិត្តផ្នែកនយោបាយ ពីព្រោះគេអាចទិញ គេអាចឲ្យថ្នូរនឹងលុយពុករលួយជាដើម...ដូច្នេះអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ រូបហ្នឹង គឺយើងបានកំណត់គ្នាច្បាស់លាស់ហើយគឺថាយើងជាអ្នកមកដោះស្រាយបញ្ហាសង្គម ដូច្នេះអត់ប្រាក់ខែ ៥ ឆ្នាំទៀតក៏អត់អីដែរ»។
លោក បុញ្ញឫទ្ធិ មានបំណងធំបំផុត គឺសូមឲ្យអ្នកនយោបាយខ្មែរគ្រប់រូបចាប់ផ្តើមបើកទ្វារចិត្តឲ្យមានគំនិតទូលំទូលាយ ដើម្បីទទួលយកមតិយោបល់របស់អ្នកដទៃយកទៅគិតពិចារណា ដើម្បីស្វែងរកដំណោះស្រាយល្អៗ សម្រាប់ប្រទេសជាតិ «ពីព្រោះការដោះស្រាយបញ្ហាប្រទេសជាតិជារឿងមួយធំណាស់ «ដូច្នេះត្រូវគិតរឿងហ្នឹងឲ្យផុតពីបញ្ហាផ្ទាល់ខ្លួន និងផលប្រយោជន៍បក្ស។ អ្វីដែលសំខាន់ត្រូវយកមកសិក្សាគិតថា អ្វីដែលយើងបម្រុងនឹងធ្វើហ្នឹងតើវាបានផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ ដល់ប្រជាជាតិយើងជាជាងការគិតថា តើបានផលប្រយោជន៍អ្វីខ្លះមកលើខ្លួនឯង ឬមកលើបក្ស»៕
No comments:
Post a Comment