ភ្នំពេញៈ ក្រុមការងាររបស់គណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញបានជួបប្រជុំពិភាក្សាអំពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ហើយបានព្រមព្រៀងធ្វើវិសោធនកម្មលើចំណុចមួយចំនួនទាក់ទងនឹងការអញ្ជើញរដ្ឋាភិបាលមកសាកសួរ និងការថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសម័យប្រជុំ។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាជាតំណាងរាស្រ្តក្រុមការងារគណបក្សប្រជាជន បានប្រាប់អ្នកយកព័ត៌មានថា បទបញ្ជាផ្ទៃក្នុងរដ្ឋសភា តម្រូវឲ្យតំណាងរាស្រ្តពីគណបក្សនីមួយៗថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបង្ហាញពីចក្ខុវិស័យឬគោលនយោបាយរបស់គណបក្ស។
លោក ឈាង វុន បន្តថា៖ «យើងបានកែតម្រូវថា បន្ទាប់ពីសម័យប្រជុំរដ្ឋសភាម្តងៗ គណបក្សនយោបាយនីមួយៗដែលមានអាសនៈក្នុងរដ្ឋសភា អាចថ្លែងទៅកាន់អ្នកសារព័ត៌មាន អំពីទស្សនៈដែលខ្លួនបានជជែកពិភាក្សាក្នុងសម័យប្រជុំ ក្នុងរយៈពេល ២០ នាទីដើម្បីរៀបចំសន្និសីទសារព័ត៌មាន»។
លោកបន្ថែមថា អ្នកយកព័ត៌មាននៅតែមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងសម័យប្រជុំ ឬថតរូបពីការប្រជុំទេ ប៉ុន្តែនេះគឺជាបទបញ្ជាថ្មីរបស់រដ្ឋសភា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ជាតំណាងរាស្រ្តក៏បានថ្លែងប្រាប់អ្នកយកព័ត៌មានថា គ្មានអ្វីជាឧបសគ្គក្នុងការពិភាក្សានេះទេ ប៉ុន្តែ មូលហេតុដែលគណបក្សទាំងពីរចំណាយពេលយូរក្នុងការពិភាក្សា គឺដោយសារតែការផ្តោតលើបញ្ហាចោទសំណួរទៅរដ្ឋាភិបាល។
លោក យ៉ែម បុញ្ញឫទិ្ធ បានថ្លែងថា៖ «កន្លងមក យើងមិនអនុវត្តបទបញ្ជាផ្ទៃក្នុងបានពេញលេញទេ។ យើងបានជជែកយូរមកហើយលើចំណុចនេះ ដើម្បីឲ្យរដ្ឋាភិបាលអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ក្នុងការមកឆ្លើយតបដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ»។
ទាក់ទងនឹងការស្បថ លោក បុញ្ញឫទ្ធិ បានថ្លែងថា គណបក្សសង្គ្រោះជាតិមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ក្នុងការចូលស្បថទេ រហូតទាល់តែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងរដ្ឋធម្មនុញ្ញ បានធ្វើវិសោធនកម្មរួច។
នៅពេលសួរអំពីសមាជិក ៨ រូបក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំងលោក យ៉ែម បុញ្ញឫទ្ធិ និងលោក ឈាង វុន នៅតែបដិសេធមិនប្រាប់បេក្ខភាពទេ។
បន្ទាប់ពីពិភាក្សាអស់ ៤ ម៉ោង គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងធ្វើវិសោធនកម្ម ៥ ចំណុចលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ គួរកត់សម្គាល់ដែរថា កិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនស្ទើរតែដូចបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចាស់។
ប្រការ ៦ បង្ហាញពីគណៈកម្មការរដ្ឋសភាទាំង ១០ ហើយប្រការ ៩ បង្ហាញពីអនុប្រធានគណៈកម្មការនីមួយៗត្រូវជួយការងារប្រធាន ហើយថា ពេលប្រធានមិននៅឬមានជំងឺ អនុប្រធានត្រូវក្លាយជាប្រធានស្តីទី។ ប្រការ ៣២ ថ្មី គ្រាន់តែបញ្ជាក់ថា នាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តី ចាំបាច់ត្រូវចូលមកឆ្លើយសំណួររបស់តំណាងរាស្រ្ត បន្ទាប់ពីត្រូវអញ្ជើញមកឆ្លើយសំណួរ។
ទន្ទឹមនឹងនេះ នៅថ្ងៃម្សិលមិញ ក្រុមការងារពីរក្រុមទៀតរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន ក៏បានជួបប្រជុំពិភាក្សាអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតថ្មី ហើយពួកគេមិនទាន់បានបញ្ចប់កិច្ចពិភាក្សាទេ ប៉ុន្តែ ការពិភាក្សាគ្មានបញ្ហាទេ។
ក្រុមការងារទាំងពីរបញ្ជាក់ថា ការពិភាក្សាធ្វើតាមស្មារតីនៃកិច្ចប្រជុំកំពូល ពីសប្តាហ៍មុនរវាងមេដឹកនាំបក្សទាំងពីរ៕
No comments:
Post a Comment