ដោយ ក.ចាន់នីតា (ទាក់ទង៖ nita@monoroom.info) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៤ | Updated on Sat 26 Jul, 2014
ខាងក្រោមនេះ ជាវីដេអូដកស្រង់ ដែលប្រិយមិត្តហ្វេសប៊ុក បានយកទៅចុះផ្សាយ៖
វាជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ប្រិយមិត្ត និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលមិនធា្លប់ស្គាល់ប្រវត្តិរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាអ្នកនយោបាយដ៏ល្បីមួយរូប ថាជាអតីតតារាភាពយន្ដដ៏ស្រស់សង្ហា ក្នុងទស្សវត្សឆ្នាំ៨០ និង៩០។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតហ្វេសប៊ុក)
ជីវិត - លោក ខឹម វាសនា ដែលគេធ្លាប់តែស្គាល់ថា អ្នកនយាបាយ នោះ បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូប បានបង្ហោះវីដេអូមួយ ដែលមានលោក ខឹម វាសនា បានសម្តែងរឿងរួមជាមួយលោកទេព រិន្ទដារ៉ូ និងអ្នកនាងអម្ពរទេវី ក្នុងរឿង«ជើងខ្លាំងមានតែមួយ»។ ភា្ញក់ផ្អើល ដោយសារតែពួកគេមួយចំនួនទាំងនោះ មិននឹកស្មានថា អ្នកនយោបាយដ៏លេចធ្លោ លោកខឹម វាសនា គឺជាអតីតតារាភាពយន្ដ ដ៏ស្រស់សង្ហាដូច្នេះឡើយ។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានលើកឡើងថា ប្រសិនគេមិនបានឃើញវីដេអូនេះទេ គេពិតជាមិនដឹងថា លោក ខឹម វាសនា ដែលធ្លាប់តែកាន់ក្បាលមេក្រូ ឃោសនាតែពីរឿងនយោបាយ គឺជាតួកុនម្នាក់សោះ ព្រោះតែកន្លងមកឈ្មោះរបស់លោក មិនត្រូវបានល្បីសុះសាយថាតារាភាពយន្ដនោះទេ ល្បីតែជាអ្នកនយោបាយ ហើយក៏មិនដែលឮចាស់ទុំជំនាន់មុន និយាយពីលោកដែរ សូម្បីតែវីដេអូដែលបង្ហោះ នៅលើប្រព័ន្ធយូធូប ក៏គេមិនដែលធ្លាប់ស្គាល់លោក ជាតួសម្តែងដែរ។
អ្នកមាននិន្នាការមិនគាំទ្រនូវទស្សនៈរបស់លោក ខឹម វាសនា ចំពោះរឿងនយោបាយ និងបានធ្វើការរិះគន់លោកជារឿយៗនោះ បែរជាត្រឡប់មកគាំទ្រ និងសរសើរពីទេពកោសល្យរបស់លោក ខឹម វាសនា ទៅវិញ។ នៅពេលដែលបានឃើញខ្សែភាពយន្ត ដែលប្រធានគណបក្សកណ្ដឹងបានសម្តែង ពួកគេនិយាយថា លោក ខឹម វាសនា សម្តែងបានល្អណាស់។
បើតាមគេហទំព័រវិគីភីឌា ដែលរៀបរាប់ជីវប្រវត្តិរបស់លោកបានបញ្ជាក់ថា ក្នុងឆ្នាំ ១៩៨៨ លោក ខឹម វាសនា ជាអ្នកដើរថតរូប ហើយក៏បានរៀន ពីផ្នែកថែរក្សាជួសជុលកាមេរ៉ា អស់រយៈពេល៤ឆ្នាំដែរ។ អំឡុងឆ្នាំ ១៩៨៩ - ១៩៩៣ លោក ខឹម វាសនា បានក្លាយជាថៅកែកុន ជាអ្នកនិពន្ធ ដឹកនាំរឿង និងជាតួសម្តែងភាពយន្ដ នៅក្នុងភាពយន្ដដែលលោកផលិតនោះផងដែរ។ ផលិតកម្មរបស់អតីតតួកុន និងជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបច្ចុប្បន្នរូបនេះ មានឈ្មោះថា ផលិតកម្មយុវវ័យភាពយន្ត។
ស្នាដៃផលិតរឿង និពន្ធ ដឹកនាំរឿងដោយខ្លួនឯង របស់លោកមានចំនួន០៤រឿង ដូចជារឿង «មន្តស្នេហ៍ស្រីមុំ» រឿង«មួយកំផ្លៀងអនុវស្សារីយ៍ ឬស្នាកស្នាមអនុស្សារីយ៍» រឿង«លេខមួយដូចគ្នា» និងរឿង«ជើងខ្លាំងមានតែមួយ»។ រឿងចុងក្រោយរបស់លោកជារឿងភាគ មានចំណងជើងថា «កំហុសអ្នកណា?» រឿងនេះថតជិតចប់ហើយ តែត្រូវអាក់ខានទៅវិញ ដោយមានបញ្ហា(?)។
មនុស្សជំនាន់ប្រហែលនឹងលោក ខឹម វាសនា ឬអ្នកដែលស្គាល់ប្រវត្តិលោកពីមុនមក បានថ្លែងថា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ មានលក្ខណៈជាសិល្បករ ឬជាអ្នកសម្ដែង ច្រើនជាងអ្នកនយោបាយ។ ភាពយន្ដដែលលោកបាននិពន្ធ ដឹកនាំ និងសម្ដែង មានភាពជោគជ័យច្រើន និងទទួលការឲ្យតម្លៃ ថាពោរពេញដោយទេពកោសល្យ។ ប៉ុន្តែនៅក្នុងនយោបាយ លោក ខឹម វាសនា មិនសូវមានលក្ខណៈគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកដឹកនាំនោះទេ។ គេឧស្សាហ៍ឃើញ និងស្ដាប់ឮ លោក ខឹម វាសនា ខឹង យំ ឬស្រែកជារឿយៗ ពីអ្វីដែលលោកមានអារម្មណ៍នៅក្នុងខ្លួន ដែលនោះជាលក្ខណៈដ៏ពិសេស សម្រាប់សិល្បករមួយរូប តែមិនមែនជាអ្នកនយោបាយនោះទេ៕
នេះជារូបភាពដែលលោក ខឹម វាសនា ខ្លួនលោក បានរំលឹកពីពេលលោក នៅជាអ្នកថតរូបអាជីព៖

U
No comments:
Post a Comment