ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក ដែលទើបព្រមទទួលយកតួនាទីជាសមាជិកទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលនឹងត្រូវបង្កើតនៅពេលខាងមុខនេះ រំពឹងថា នឹងអាចធ្វើការដោយឯករាជ្យ ពុំមានការជ្រៀតជ្រែកពីភាគីណាមួយឡើយ។ ស្របគ្នានេះអ្នកស្រីត្រៀមជាស្រេចថា នឹងលាឈប់ពីស្ថាប័នមួយនេះប្រសិនបើអ្នកស្រីមិនអាចធ្វើការដោយឯករាជ្យបាន។
តើអ្នកស្រី ពុង ឈីវកេក មានបទពិសោធន៍អ្វីខ្លះ? តើមូលហេតុអ្វីខ្លះទើបសម្រេចចិត្តចូលរួមក្នុងការបង្កើត គ.ជ.ប ថ្មី?
ក្នុងរយៈពេលជាង ២០ឆ្នាំមកហើយ ដែលអ្នកស្រី ពុង ឈីវកេក បានចំណាយពេលវេលាជាមួយអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ឬហៅថា លីកាដូ (LICADHO) ដោយបំពេញតួនាទីជាប្រធានអង្គការនេះ នៅមុនពេលដែលអ្នកស្រីត្រូវស្នើអោយធ្វើជាសមាជិកទី៩ នៃ គ.ជ.ប។
អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា នេះជាពេលវេលាចុងក្រោយនៃជីវិតរបស់អ្នកស្រី ដែលអ្នកស្រីត្រូវតែសម្រេចចិត្តទទួលយកសំណើរបស់គណបក្សនយោបាយទាំង២ ដោយសង្ឃឹមថា នឹងអាចបំពេញកិច្ចការជួយជាតិ។ យ៉ាងនេះក្ដីអ្នកស្រីក៏កំពុងមានក្ដីបារម្ភមួយចំនួនដែរ៖ «អ្នកដែលថ្កោលទោសយើង អ្នកដែលឃ្លាំមើលយើង ជាប្រជាពលរដ្ឋខ្មែរ ឥឡូវច្រើនគ្នាណាស់ គាត់បារម្ភណាស់រឿងបោះឆ្នោត។ អ៊ីចឹងខ្ញុំសង្ឃឹមសង្ឃឹមថា អ្នកទាំង ៨នាក់ ខ្ញុំមួយទៀតជា ៩នាក់ហ្នឹង យើងត្រូវតែទទួលការថ្កោលទោសពីប្រជាពលរដ្ឋហើយ បើយើងធ្វើកិច្ចការងារយើងមិនត្រឹមត្រូវ មិនអព្យាក្រឹត មិនឯករាជ្យ»។
ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានព្រមព្រៀងស្នើអ្នកស្រី ពុង ឈីវកេក ក្នុងនាមបុគ្គលឯករាជ្យរបស់ គ.ជ.ប ដែលមិនទាន់ដឹងអោយប្រាកដនៅឡើយទេថា អាចទៅជាប្រធាន គ.ជ.ប ឬយ៉ាងណានោះ។
ចំពោះអ្នកស្រី ពុង ឈីវកេក មកដល់ពេលនេះនៅមិនច្បាស់នៅឡើយទេថា តើអាចធ្វើអោយ គ.ជ.ប មានដំណើរការដោយឯករាជ្យ ឬយ៉ាងណា។ ម្យ៉ាងទៀតអ្នកស្រីពុំបានលាឈប់ពីប្រធានអង្គការទាំងស្រុងទេ គឺអ្នកស្រីគ្រាន់តែព្យួរការងារមួយរយៈ។ ប៉ុន្តែអ្នកស្រីបានប្ដេជ្ញាចិត្តទុកជាមុនចំពោះកិច្ចការនេះ៖ «សមាជិករបស់លីកាដូ ទាំងអស់អត់មាននរណាមួយថា មិនអោយខ្ញុំចូលទេ។ទាំងអស់គ្នាសុំអោយខ្ញុំសម្រេចចិត្ត ហើយមិនអោយខ្ញុំលាលែងឈប់ពីតំណែងប្រធានទេ សុំអោយព្យួរការងារតែមួយរយៈទេ។ តំណែងរបស់ខ្ញុំជាប្រធាននេះ មិនអោយមាននរណាមកជំនួសទេ»។
រំលឹកពីជីវប្រវត្តិអ្នកស្រី ពុង ឈីវកេក ជាកើតនៅឆ្នាំ១៩៤២ ជាកូនស្រីច្បងក្នុងគ្រួសារអភិជនដែលមានកូនស្រី ២នាក់។ ឪពុកឈ្មោះ ពុង ប៉េងចេង ធ្លាប់ជាគ្រូបង្រៀន ដែលក្រោយមកបានធ្វើជារដ្ឋលេខាធិការក្រសួងអប់រំ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ម្ដាយឈ្មោះ ស៊ីវ អេងតុង ជាគ្រូបង្រៀនដែរ ក្រោយមកជាតំណាងរាស្ត្រស្ត្រីទី១ ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
អ្នកស្រី ពុង ឈីវកេក បានរៀនចប់វិជ្ជាពេទ្យពីប្រទេសបារាំង និងបានរៀបការលើកទី១ នៅទីនោះ មុនពេលវិលមកបំពេញការងារនៅមន្ទីរពេទ្យរុស្ស៊ី។ អ្នកស្រីមានកូនស្រី ២នាក់ជាមួយស្វាមីទី១ជាជនជាតិបារាំងនោះ មានឈ្មោះ ណាលី ពូឡូក (Naly Pilorge) បច្ចុប្បន្នជានាយិកាអង្គការលីកាដូ និង រ៉ូជិន ពីឡូក (Rozenn Pilorge)។ អ្នកស្រីបានរៀបការម្ដងទៀតកាលពីឆ្នាំ១៩៧៣ ជាមួយមន្ត្រីទូតបារាំង។ អ្នកស្រីមានកូនស្រីម្នាក់ទៀត ឈ្មោះ អីវ៉ា ហ្គាឡាប្រ៊ូ (Eva Galabru)។ បច្ចុប្បន្នអ្នកស្រី ជាស្ត្រីមេម៉ាយបន្ទាប់ពីប្ដីបានអនិច្ចកម្ម។
អ្នកស្រីធ្លាប់ទៅតាមប្ដីដែលជាមន្ត្រីទូតបារាំងនោះរស់នៅតាមប្រទេសមួយចំនួនចាប់តាំងពីរៀបការរួច។ រវាងចុងទសវត្សទី៨០ អ្នកស្រីបានផ្ដួចផ្ដើមគំនិតអោយកម្ពុជា រកឃើញកិច្ចព្រមព្រៀងសន្តិភាពរវាងខ្មែរនិងខ្មែរកាលពីឆ្នាំ១៩៩១។
អ្នកស្រី ពុង ឈីវកេក បានចាត់ទុកបទពិសោធន៍ក្នុងការរៀបចំអោយមានការជួបចរចាបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរកាលពីអតីតកាលនោះថា ជាបទពិសោធន៍ដែលជំរុញទឹកចិត្តអ្នកស្រីអោយចង់ធ្វើកិច្ចការសម្រាប់ គ.ជ.ប នៅពេលដ៏ខ្លីខាងមុខនេះ៖ «ខ្ញុំថា ខ្ញុំចូលមកនេះគឺអត់មានបំណងអីក្រៅពីបម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិយើង ដើម្បីអោយ គ.ជ.ប ហ្នឹងធ្វើកិច្ចការងារបានល្អ អោយបោះឆ្នោតលើកក្រោយមានសេរី ហើយយុត្តិធម៌ពិតប្រាកដ អោយភាគច្រើននៃចំនួនអ្នកបោះឆ្នោតយើងបងប្អូនអាចទទួលយកបាន។ ខ្ញុំនឹងធ្វើអោយអស់ពីសមត្ថភាព បើធ្វើមិនបាន មនុស្សយើងមិនមែនទេវតាទេ អ៊ីចឹងមានចំណុចខ្លាំង ចំណុចខ្សោយ បើខ្ញុំហើយយកចំណុចខ្លាំងរបស់ខ្ញុំទៅធ្វើមិនចេញ ខ្ញុំមានមធ្យោបាយមួយទៀត គឺខ្ញុំនឹងចេញ ព្រោះខ្ញុំសុំជម្រាបថា ខ្ញុំអត់ចង់បានតួនាទីហ្នឹងទាល់តែសោះ»។
ភ្លាមៗនៅក្រោយពេលដែលអ្នកស្រីបានយល់ព្រមចូលទៅក្នុង គ.ជ.ប អ្នកស្រីបានទទួលទាំងការគាំទ្រ និងការរិះគន់ក្នុងនោះមានមតិមួយចំនួនត្រូវបង្ហោះតាមបណ្ដាញសង្គមដោយសន្មតទុកមុនថា អ្នកស្រីនឹងបំពេញការងារ ដើម្បីគណបក្សកាន់អំណាចទៅវិញទេ។
ត្រង់នេះអ្នកស្រី ពុង ឈីវកេក បានស្នើអោយទាំងអ្នកគាំទ្រ នឹងអ្នករិះគន់ត្រូវរង់ចាំតាមដានសកម្មភាពរបស់អ្នកស្រី៖ «មានហ្វេសប៊ុកមានអីចោទខ្ញុំហើយថា ខ្ញុំហ្នឹងទទួលតួនាទីហ្នឹង ព្រោះអីគណបក្សប្រជាជនទិញខ្ញុំបាន។ ខ្ញុំមិនខឹងសម្បាអីជាមួយបងប្អូនដែលមានប្រសាសន៍អ៊ីចឹងទេ។ អ៊ីចឹងខ្ញុំសូមសំណូមពរអ្នកដែលថ្កោលទោសខ្ញុំហ្នឹង មុននឹងខ្ញុំធ្វើសកម្មភាពហ្នឹង សូមមេត្តាចាំបន្តិច»។
ភ្ជាប់បញ្ហានេះអ្នកស្រីរំលឹកថា អ្នកស្រីបានចំណាយពេលវេលាស្ទើរពាក់កណ្ដាលជីវិតរបស់អ្នកស្រីទៅហើយ ដើម្បីប្រយោជន៍ជាតិ គឺចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបន្ទាប់ពីអ្នកស្រី និងក្រុមគ្រួសារបានបង្កើតអង្គការលីកាដូ។
ពាក់ព័ន្ធ គ.ជ.ប អ្នកស្រី ពុង ឈីវកេក បានទាមទារនូវលក្ខខណ្ឌមួយចំនួនដែលអ្នកស្រី គិតថា នឹងអាចអោយក្រុមការងារនៃស្ថាប័ននេះដំណើរការដោយឯករាជ្យពិតប្រាកដ៖ «ប៉ុន្តែយើងត្រូវការថវិកាច្រើនដើម្បីធ្វើការអោយបានត្រឹមត្រូវ។ នៅលក្ខខណ្ឌទៀត ដែលខ្ញុំចង់បានក្រៅពី គ.ជ.ប មានសិទ្ធិជ្រើសរើសបុគ្គលិកអ្នកជំនាញការអីចប់ ។ល។ និង ។ល។ ហើយចង់បានមួយទៀត គឺថា ដើម្បីអោយអ្នកទាំង ៩នាក់ហ្នឹងមានចិត្តចង់ធ្វើការ គោរពច្បាប់ គោរពអីអោយបានស្រួល គឺសុំមានអភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ។ តំណាងរាស្រ្តលោកមានអភ័យឯកសិទ្ធិដែរ»។
ទោះយ៉ាងណាស្រីបានអល់អែកបន្តិចដែរ នៅពេលចោទសួរថា តើអ្នកស្រីនឹងមានដំណោះស្រាយយ៉ាងណានៅពេលណាមួយដែលអ្នកស្រី ជួបប្រទះបញ្ហានៃការគំរាមកំហែងធ្ងន់ធ្ងរពីអ្នកនយោបាយ ដែលអាចប៉ះពាល់អាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយប្រការណាមួយ៖ «ប្រហែលជាមិនមានដល់ទៅគំរាមកំហែងដល់ទៅអាយុជីវិតនោះទេ ព្រោះយើងនឹងធ្វើការ ខ្ញុំចាំថា អោយយើងធ្វើការអោយត្រឹមត្រូវសិនទៅប្រជាពលរដ្ឋលោកពេញចិត្ត គឺអ្នកដែលចាញ់ ចាញ់ដោយយុត្តិធម៌ អ្នកឈ្នះ ឈ្នះដោយមានតម្លៃ»។
អ្នកធ្លាប់ធ្វើការអោយអង្គការលីកាដូ ជាង ១០ឆ្នាំ មួយរូប លោក វណ្ណ សូផាត មានប្រសាសន៍ថា អ្នកស្រី ពុង ឈីវកេក គឺជាស្ត្រីដែលមានឥទ្ធិពលក្នុងការដោះស្រាយបញ្ហាទាំងក្នុងស្ថាប័ន និងការកៀរគររកការគាំទ្រពីសហគមន៍ខាងក្រៅ។ ប៉ុន្តែបញ្ហាមួយដែលត្រូវមជ្ឈដ្ឋានខាងក្រៅរិះគន់ជាញឹកញយ និងត្រូវវាយតម្លៃថា ស្ថាប័ននេះប្រកាន់បក្សពួក និងគ្រួសារនិយម ដ្បិតគេឃើញច្បាស់ថា គឺកូនស្រីច្បងរបស់អ្នកស្រី បានកាន់តួនាទីជានាយិកាអង្គការលីកាដូ។ លើសពីនេះអ្នកស្រី ត្រូវមើលឃើញពីសំណាក់បុគ្គលិកថា ពុំបានធ្វើការបានដិតដល់ជាមួយបុគ្គលិក ដែលពេលខ្លះអាចអោយមានបញ្ហាចោទដែរ។
យ៉ាងណាក៏លោក វណ្ណ សូផាត ចាត់ទុកថា ជារឿងតូចតាច បើប្រៀបធៀបនឹងគុណសម្បត្តិរបស់អ្នកស្រី៖ «គ្រាន់ថាចំណុចមួយហ្នឹងថា ដោយសារតែគាត់ការងារខាងក្រៅអីច្រើពេក អ៊ីចឹងគាត់ពេលមានបញ្ហាអីមួយអ៊ីចឹង គាត់ច្រើនតែឆកល្វែងក្នុងការក្តាប់ព័ត៌មានអោយបានជុំ ជាពិសេសគឺបញ្ហាបុគ្គលិកហ្នឹងឯង»។
ទាក់ទិននឹងការគ្រប់គ្រងអង្គការលីកាដូនេះអ្នកស្រី ពុង ឈីវកេក លើកឡើងថា អ្នកស្រី តែងគ្រប់គ្រងដោយតម្លាភាព និងត្រឹមត្រូវ៖ «មានលក្ខខណ្ឌ២ ដែលខ្ញុំមិនចង់ឃើញនៅលីកាដូ។ បើមានលក្ខខណ្ឌ២ហ្នឹង ខ្ញុំអត់អោយធ្វើការលីកាដូ គឺ១ ទៅគាំទ្រគណបក្ស ទី២ គឺពុករលួយ។ រឿងអីផ្សេងទៀត ដូចថា សមត្ថភាពមិនដល់ យើងអាចអោយទៅរៀនបន្ថែមទៀតអីណាស់»។
អង្គការលីកាដូ បច្ចុប្បន្នមានសាខានៅទូទាំង១២ ខេត្ត-រាជធានីបំពេញការងារការពារសិទ្ធិមនុស្ស និងលើកស្ទួយការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ កម្មវិធីសំខាន់ៗរបស់អង្គការនេះរួមមានកម្មវិធីឃ្លាំមើល និងការពារសិទ្ធិមនុស្ស ប្រឹក្សាផ្នែកច្បាប់ និងកិច្ចការពារផ្នែកច្បាប់ ឃ្លាំមើលពន្ធនាគារជំនួយផ្នែកវេជ្ជសាស្ត្រ និងសេវាកម្មសង្គមកិច្ចជាដើម៕
No comments:
Post a Comment