ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃអង្គារ ទី29 កក្កដា 2014,
ក្រុមការងារកំណែទម្រង់ច្បាប់បោះឆ្នោតរបស់គណបក្សជាប់ឆ្នោតទាំងពីរសម្រេចលើកយកចំណុច៤មកពិភាក្សា ។
នៅព្រឹកថ្ងៃអង្គារនេះ ក្រុមការងារកំណែទម្រង់ច្បាប់បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ប៊ិន ឈិន និងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក គួយ ប៊ុនរឿនបានជួបពិភាក្សាគ្នាលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ។
លោក គួយ ប៊ុនរឿន មានប្រសាសន៍ក្នុងសន្និសីទក្រោយពីការប្រជុំវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនៅឯរដ្ឋសភា នារសៀលនេះថា នៅក្នុងកិច្ចពិភាក្សាកាលពីព្រឹកមិញនេះ ក្រុមការងារទាំងពីរក្រុម បានសម្រេចពិភាក្សាទៅលើចំណុចបួនគឺ នីតិវិធីនៃការរៀបចំសមាសភាពមន្ត្រីថ្នាក់ក្រោមជាតិរបស់គជប នីតិវិធីនៃការដោះស្រាយពាក្យបណ្តឹង ការរៀបចំចុះឈ្មោះ និងបញ្ជីអ្នកបោះឆ្នោតថ្មី។
លោក គួយ ប៊ុនរឿន លើកឡើងដែរថា គណបក្សទាំងពីរកំពុងពិចារណាលើការជ្រើសរើសប្រព័ន្ធនៃការបោះឆ្នោតដើម្បីធានាថាបញ្ជីបោះឆ្នោតមានគុណភាព តម្លាភាព និងការពារសិទ្ធិរបស់ពលរដ្ឋក្នុងការបោះឆ្នោត។
លោក គួយ ប៊ុនរឿន បន្តថា គណបក្សទាំងពីរក៏បានពិភាក្សាគ្នាដើម្បីជ្រើសរើសប្រធានបទនៃក្របខ័ណ្ឌមួយចំនួនដើម្បីដាក់ទៅក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្ដល់ឪកាសដល់ភាគីពាក់ព័ន្ធដូចជាអង្គការសង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ និងប្រទេសផ្ដល់ជំនួយ បញ្ចេញជាមតិយោបល់លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងផ្ដល់ជាជំនួយបញ្ចេកទេសក្នុងការរៀបចំកំណែទម្រង់ការបោះឆ្នោត ។
នៅរសៀលថ្ងៃអង្គារនេះ ក្រុមការងារចម្រុះធ្វើការលើវិសោធនកម្មរដ្ឋធម្មនុញ្ញក៏បានជួបពិភាក្សាគ្នា ផងដែរ ។ លោក អេង ឆៃអ៊ាង តំណាងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិឲ្យដឹងថា កិច្ចប្រជុំក្នុងរសៀលនេះថា ក្រុមការងារនៃគណបក្សទាំងពីរបានពិភាក្សា ឯកភាពគ្នាលើគោលការណ៍ធំៗពាក់ព័ន្ធនឹងការធ្វើសេចក្តីព្រាងជំពូកទី១៥នៃការបញ្ចូល គជប ទៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថា ក្រុមការងារទាំងពីរនឹងបន្តលើការពិនិត្យសេចក្តីព្រាងជំពូកទី១៥នេះជាបន្តទៀតនៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
No comments:
Post a Comment