ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ ទី29 កក្កដា 2014
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ (រូបថតពី៖ បណ្តាញសង្គម)
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅមិនទាន់សម្រេចជ្រើសរើសប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក ឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប នៅឡើយទេ បើទោះជាគណបក្សជាប់ឆ្នោតទាំងពីរបានសាទរចំពោះលោកស្រី ដែលបានយល់ព្រមធ្វើជាសមាជិកទី៩ហើយក៏ដោយ។
លោក សម រង្ស៊ី ប្រាប់VODនៅថ្ងៃអង្គារនេះថា គណបក្សសង្គ្រោះជាតិព្រមទទួលយកលោកស្រី ពុង ឈីវកេក ឲ្យធ្វើជាបេក្ខជនទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តែគណបក្សមិនទាន់ សម្រេចជ្រើសរើសឲ្យលោកស្រីធ្វើជាប្រធាន គជប ឬយ៉ាងណានោះទេ។
លោក សម រង្ស៊ី បញ្ជាក់ថា អ្វីដែលលោកស្រី ពុង ឈីវកេក ស្នើសុំឲ្យលោកស្រីទទួលបានការការពារអភ័យឯកសិទ្ធិដោយស្វ័យភាព ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងសកម្មភាពផ្សេងៗទៀត និងសុំឲ្យស្ថាប័ន គជប ឯករាជ្យ ជាដើមនោះ គឺបក្សសង្គ្រោះជាតិយល់ព្រមតាមសំណើទាំងអស់។
ទាក់ទងនិងករណីនេះ VOD មិនអាចសុំការអត្ថាធិប្បាយ ពីក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដូចជា លោក ជាម យៀប លោក ព្រុំ សុខា និង លោក ស ខេង បានទេនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណា កាលពីថ្ងៃចន្ទម្សិលមិញ គណបក្សប្រជាជនកម្ពុជា ក៏គាំទ្រនូវបេក្ខភាពរបស់លោកស្រី ពុង ឈីវកេក តាមរយៈលិខិតមួយដែលចុះហត្ថលេខាដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែរ។ ក៏ប៉ុន្តែលិខិតនោះ ពុំបានបញ្ជាក់ឲ្យច្បាស់ពីការគាំទ្រ ឬយល់ព្រមលើលក្ខខណ្ឌដែលលោកស្រីបានទាមទារនោះទេ ដោយគ្រាន់តែបញ្ជាក់ថា «តួនាទីឯករាជ្យ របស់លោកស្រី ពិតជានឹងរួមវិភាគទានយ៉ាងសំខាន់ដល់អព្យាក្រឹតភាពនៃស្ថាប័នរៀបចំ ការបោះឆ្នោត ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ធរមាន»។
អតីតឧត្តមទីប្រឹក្សារបស់សម្តេច ព្រះនរោត្តម សីហនុ លោកបណ្ឌិតច្បាប់ សាយ បូរី យល់ថា ដើម្បីឲ្យស្ថាប័នជាតិមួយនេះឯករាជ្យ គឺគណបក្សទាំងពីរត្រូវយល់ព្រមឲ្យលោកស្រី ពុង ឈីវកេក ធ្វើជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត គជប។
កាលពីថ្ងៃចន្ទម្សិលមិញ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា បានស្នើសុំប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក ដើម្បីឲ្យធ្វើជាបេក្ខជនទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប។ បន្ទាប់ពីទទួលដំណឹងនៃការស្នើសុំនេះ នៅថ្ងៃដដែលនោះ លោកស្រី ពុង ឈីវកេក បានប្រកាសជាផ្លូវការទទួលយកសំណើនោះ។ ប៉ុន្តែលោកស្រីស្នើលក្ខខណ្ឌមួយចំនួនដូចជា ទាមទារឲ្យមានអភ័យឯកសិទ្ធិ មានសិទ្ធិជ្រើសរើសបុគ្គលិកជំនាញ និងមានថវិកាស្វ័យ័តជាដើម៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment