A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 6 July 2014

Brad Adams of Human Rights Watch: "The 1997 coup destroyed democracy in Cambodia" លោក ប្រែដ អាដាមស៍៖​"រដ្ឋ​ប្រហារ​ឆ្នាំ​៩៧​ជា​ការ​បំផ្លាញ​ពន្លក​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា"

រដ្ឋប្រហារ ៩៧ ៦១០
ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧។
AFP File Photo
ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ដឹក​នាំ​ដោយ​សហ​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ទម្លាក់​សហ​នាយក​រដ្ឋមន្ត្រី​ទី​១ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ​១៩៩៧ នោះ គិត​មក​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៤ មាន​រយៈពេល ១៧​ឆ្នាំ​ហើយ។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តជាតិ និយាយ​ថា រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ និង​ទី​៦ ឆ្នាំ​១៩៩៧ នោះ មិន​ត្រឹម​តែ​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ដើម​ចម​នៃ​ការ​ផ្តាច់​ឫស​គល់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៀត​ផង។
បំផ្លាញ​ចោល​ថ្នាល​ប្រជាធិបតេយ្យ
នាយក​ប្រតិបត្តិ​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams)ដែល​បាន​ឃ្លាំមើល​ការវិវត្តន៍​នូវ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ មក​នោះ បាន​អោយ​ដឹង​ថា រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ បាន​បំផ្លាញ​ចោល​កិច្ច​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ និង​ពន្លក​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
​លោក ប្រ៊ែដ អាដាម៖ «រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ បាន​កម្ទេច​ចោល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បំផ្លាញ​ចោល​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​សហគមន៍​អន្តរជាតិ​បាន​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ និង​ពេល​វេលា​យ៉ាង​ក្រាស់ក្រែល ដើម្បី​ជួយ​កម្ពុជា អោយ​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ លោក ហ៊ុន សែន ដែល​ខ្លាច​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ បាន​ធ្វើ​រដ្ឋ​ប្រហារ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ថា រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ មិន​មែន​ជា​រដ្ឋ​ប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពីព្រោះ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ និង​លោក កែ គឹមយ៉ាន អគ្គ​មេបញ្ជាការ​កងទ័ព​ជាតិ សុទ្ធតែ​បាន​បដិសេធ​មិន​ចូល​រួម​ធ្វើ​រដ្ឋ​ប្រហារ​នោះ។ នេះ​ជា​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ដែល​បាន​ប្រើប្រាស់​កម្លាំង​កង​អង្គរក្ស​ផ្ទាល់​របស់​លោក ប្រើប្រាស់​កម្លាំង​ប៉ូលិស​ដឹកនាំ​ដោយ​លោក ហុក ឡង់ឌី កម្លាំង​ប៉េអឹម កម្លាំង​យោធា​មួយ​ចំនួន​ដែល​លោក​បញ្ចុះបញ្ចូល​បាន ហើយ​ក៏​បាន​ប្រើប្រាស់​អតីត​កងទ័ព​ខ្មែរ​ក្រហម​ដឹក​នាំ​ដោយ​លោក កែវ ពង្ស និង​លោក ភុន ភាព ដែរ។ ប៉ុន្តែ​លោក ហ៊ុន សែន ចោទ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា នាំ​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ តែ​ការ​ស៊ើប​អង្កេត​របស់​ខ្ញុំ​មិន​មាន​ភស្តុតាង​បញ្ជាក់​បែប​នោះ​ទេ»
កម្ពុជា​មិនដែល​ជា​សះ​ពី​ស្នាមរបួស​នៃ​រដ្ឋប្រហារ​បង្ហូរ​ឈាម
លោក ប៊្រែដ អាដាម បន្ត​អះអាង​ថា រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​ទាហាន​រាជា​និយម​ស្មោះត្រង់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ យ៉ាង​តិច ២០០​នាក់​នៅ​ឆ្នាំ​១៩៩៧ នោះ បាន​ពង្រឹង​អំណាច​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង និង​កាន់តែ​ផ្ដាច់ការ។
​លោក ប៊្រែដ អាដាម៖ «កម្ពុជា​មិន​ដែល​បាន​ជា​សះស្បើយ​ឡើង​វិញ​ពី​រដ្ឋ​ប្រហារ​កាល​ពី ១៧​ឆ្នាំ​មុន​ឡើយ។ ឧទាហរណ៍​រដ្ឋ​ប្រហារ​នោះ​បាន​ធ្វើ​អោយ​លោក ហ៊ុន សែន អាច​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ដែល​ការ​បោះ​ឆ្នោត​នោះ មាន​ការ​លួច​បន្លំ និង​ពោរពេញ​ដោយ​ការ​បង្ហូរ​ឈាម។ មនុស្ស​ជា​ច្រើន​នាក់​បាន​ត្រូវ​សម្លាប់​នៅ​មុន​ពេល និង​ក្រោយ​ពេល​បោះ​ឆ្នោត​ដោយ​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រការ​នោះ​បាន ធ្វើ​អោយ​លោក ហ៊ុន សែន គ្រប់គ្រង​អាសនៈ​ជាង​ពាក់កណ្ដាល​នៃ​រដ្ឋ​សភា ហើយ​គាត់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។ ចាប់​ពី​ពេល​នោះ លោក ហ៊ុន សែន អាច​គ្រប់គ្រង​លើ​យន្តការ​បោះ​ឆ្នោត លើ​ប៉ូលិស​លើ​កងទ័ព​និង​លើ​តុលាការ​ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ដែល​ត្រូវ​ឯករាជ្យ ពី​គណបក្ស​នយោបាយ​ទាំង​អស់ ហើយ​ឥឡូវ​នេះ កម្ពុជា​ក្លាយ​ជា​ប្រទេស​ផ្ដាច់ការ ដែល​មនុស្ស​ម្នាក់​ជា​អ្នក​សម្រេច​ចិត្ត​លើ​កិច្ចការ​ធំៗ​ទាំង​អស់។ ពេល​នេះ​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ហ៊ុន សែន កាន់​អំណាច​ជិត ៣០​ឆ្នាំ​ហើយ។ គាត់ និយាយ​ថា គាត់​នឹង​នៅ​បន្ត​គ្រប់គ្រង​កម្ពុជា រហូត​ដល់​គាត់​អាយុ ៧០ ឬ ៨០ ឬ ៩០ (ឆ្នាំ) គឺ​ថា ស្រេច​តែ​ចិត្ត​គាត់។ គាត់​មិន​មាន​បំណង​ចុះ​ពី​អំណាច​ឡើយ។ ការ​ធ្វើ​របៀប​នេះ មិន​បាន​ជួយ​កម្ពុជា»
រដ្ឋាភិបាល​ថា​គ្មាន​បទល្មើស​ទេ

​ទាក់ទង​នឹង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧ នោះ លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៤​នេះ បាន​បដិសេធ​សំណើ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​ស្នើ​អោយ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​នៅ​ពេល​នោះ។
លោក គៀត ច័ន្ទថារិទ្ធ ចាត់​ទុក​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នៅ​ថ្ងៃ​៥ ថ្ងៃ​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា ជា​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​គ្មាន​បទល្មើស​អី​ទេ៖ «ខ្ញុំ​មិន​គិត​ថា ជា​បទល្មើស ហើយ​ខ្ញុំ​មិន​យល់​ថា​ជា​រដ្ឋ​ប្រហារ​ទេ។ ...នោះ​ជា​ការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ជា​នយោបាយ​ទេ។ ...អ្នក​ណា​ផ្ដើម​អ្នក​ណា​អី​នោះ ទាល់តែ​ថ្នាក់​ដឹកនាំ​បាន​លោក​ដឹង ហើយ​លោក​អាច​បកស្រាយ​បាន។ ខ្ញុំ​ហួស​សមត្ថភាព​ហើយ»
ឧក្រិដ្ឋកម្ម​សង្គ្រាម
ប៉ុន្តែ​សម្រាប់​លោក ប៊្រែដ អាដាម អតីត​មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​បាន​ចុះ​ស៊ើប​អង្កេត​គាស់​កកាយ​រណ្ដៅ​សាកសព​ជន​រង​គ្រោះ ហើយ​ថត​រូប និង​ចងក្រង​ជា​ឯកសារ​អំពី​ហេតុការណ៍​សម្លាប់​ទាហាន​រាជា​និយម​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​នោះ និយាយ​ថា ការ​សម្លាប់​ពេល​នោះ គឺ​ជា​អំពើ​បទឧក្រិដ្ឋ​រំលោភ​ច្បាប់​សង្គ្រាម។ លោក​ថា បើ​ទោះ​ជា​ការ​សម្លាប់​មនុស្ស​ជា​អំពើ​មិន​ល្អ​មែន ប៉ុន្តែ​ប្រសិនបើ​ការ​បាត់​បង់​ជីវិត​មនុស្ស​ដ៏​ច្រើន​នៅ​ក្នុង​ថ្ងៃ​រដ្ឋ​ប្រហារ​នោះ បណ្ដាល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ឬ​ក៏​ជា​ការ​សម្លាប់​ដោយ​ភ័ន្តច្រឡំ វា​អាច​ទទួល​យក​បាន។
លោក ប៊្រែដ អាដាម៖ «ប៉ុន្តែ​អ្នក​ដឹង​ទេ នៅ​ពេល​ដែល​មនុស្ស​ទាំង​នោះ​ត្រូវ​បាន​គេ​ដេញ​តាម​ចាប់ ហើយ​សម្រាត​សំលៀកបំពាក់​ចេញ​ពី​ខ្លួន ចង​មុខ ចង​ស្លាបសេក ឬ​ដាក់​ខ្នោះ រួច​ប្រើ​កាំភ្លើង​បាញ់​បំបែក​លលាដ៍ក្បាល ហើយ​កប់​ក្នុង​រណ្ដៅ​រាក់ៗ នោះ​គឺ​ជា​រឿង​មួយ​ដ៏​អសីលធម៌ និង​អមនុស្សធម៌​ផ្សេង​ទៀត​ទៅ​វិញ។ វា​ជា​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់»
​លោក ប៊្រែដ អាដាម បញ្ជាក់​ថា ការ​សម្លាប់​ឈ្លើយ​សឹក ការ​សម្លាប់​មនុស្ស​គ្មាន​អាវុធ​ក្នុង​ដៃ ឬ​ការ​សម្លាប់​ជន​ស៊ីវិល គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។
អនុលោម​តាម​ច្បាប់​អន្តរជាតិ ឧក្រិដ្ឋកម្ម​មួយ​ចំនួន​មិន​មាន​អាជ្ញាយុកាល​ទេ។ នោះ​មាន​ន័យ​ថា ទោះ​ជា​ឧក្រិដ្ឋកម្ម​នោះ​កន្លង​ផុត​ទៅ​យូរយារ​ប៉ុណ្ណា​ក៏ដោយ ជនល្មើស​មិន​អាច​រួច​ខ្លួន​បាន​ឡើយ។ មាន​ឧក្រិដ្ឋកម្ម​៣​ប្រភេទ​ដែល​មិន​មាន​អាជ្ញាយុកាល។ ឧក្រិដ្ឋកម្ម​ទាំង​៣​នោះ មាន ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។
​ឧក្រិដ្ឋកម្ម​ទាំង​៣​នេះ​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា រួច​ទៅ​ហើយ។ គឺ​វា​បាន​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។ ដោយ​ហេតុ​ថា ឧក្រិដ្ឋកម្ម​ទាំង​៣​ប្រភេទ​នេះ មិន​មាន​អាជ្ញាយុកាល​នេះ​ហើយ ទើប​ផ្ដល់​ជា​មូលដ្ឋាន​ច្បាប់​ដល់​កម្ពុជា អោយ​បង្កើត​បាន​សាលាក្ដី​ខ្មែរ​ក្រហម ដែល​កំពុង​ជំនុំជម្រះ​ទោស​អតីត​មេដឹកនាំ​របប​ខ្មែរក្រហម​នា​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម បាន​កន្លង​ផុត​ទៅ​ជាង ៣៥​ឆ្នាំ​ហើយ​ក្តី។
​ក្រោម​ច្បាប់​អន្តរជាតិ មេដឹកនាំ​មិន​អាច​រួច​ខ្លួន​បាន​ដោយ​គ្រាន់តែ​ឆ្លើយ​ថា មិន​បាន​ដឹង​អំពី​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​ក្នុង​របប​ដែល​ខ្លួន​គ្រប់គ្រង​នោះ​ទេ។
វត្តមាន​សាលាក្ដី​ខ្មែរ​ក្រហម​ជា​ឧទាហរណ៍​ស្រាប់។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន មាន​មុខ​តំណែង​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ឬ​ជា​ប្រមុខ​រដ្ឋ។ ក្នុង​ការ​ជំនុំជម្រះ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ពេល​បច្ចុប្បន្ន លោក ខៀវ សំផន ព្យាយាម​ឆ្លើយ​បកស្រាយ​ថា ក្នុង​សម័យ​កាល​នោះ​លោក​មានតែ​តំណែង​ទេ មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ រីឯ​អំណាច​មិន​មាន​ឡើយ។ លោក​ថែម​ទាំង​ប្រាប់​តុលាការ​ទៀត​ថា លោក​មិន​ទាំង​បាន​ដឹង​អំពី​ការ​សម្លាប់​មនុស្ស​ប្រមាណ ១៧.០០០​នាក់ នៅ​មន្ទីរ​ស.២១ ផង កណ្ដាល​ក្រុង​ភ្នំពេញ ផង។
​ប៉ុន្តែ​ក្រុមព្រះ​រាជអាជ្ញា​កំពុង​ព្យាយាម​ភ្ជាប់​មុខ​តំណែង និង​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ដែល​កើតឡើង​ក្នុង​របប​មួយ​ដែល​មាន​រូប​គាត់​ជា​អ្នក​ដឹកនាំ​កំពូល។ ក្នុង​ទឡ្ហីករណ៍​ទាញ​ភ្ជាប់​អោយ​លោក ខៀវ សំផន ជាប់​មានការ​ទទួល​ខុស​ត្រូវ រួម​ទោស​ជាមួយ​ជន​ជាប់​ចោទ​ដទៃ​ទៀត​នោះ ក្រុម​ព្រះរាជអាជ្ញា​កំពុង​ប្រើ​ទ្រឹស្ដី​ច្បាប់​មួយ​ដែល​គេ​ហៅ​ថា សហ​ឧក្រិដ្ឋកម្ម​រួម ឬ Join Criminal Enterprise។
​បើ​គេ​ធ្វើការ​ប្រៀបធៀប​រវាង​ការ​ប្រហារ​ជីវិត​ទាហាន និង​មន្ត្រី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​ក្រោយ​ការ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧ និង​ការ​ប្រហារ​ជីវិត​ឈ្លើយសឹក ដែល​ជា​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក លន់ នល់ ដោយ​កងទ័ព​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៥ នោះ ហាក់​ដូច​ជា​មិន​ខុសគ្នា​ទេ។ អ្វី​ដែល​ខុស​គ្នា​នោះ គឺ​គ្រាន់តែ​ចំនួន​ជន​រង​គ្រោះ​តែប៉ុណ្ណោះ។
និយាយ​ដល់​ឧក្រិដ្ឋកម្ម​សង្គ្រាម លោក ប៊្រែដ អាដាម នាយក​ប្រតិបត្តិ​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ជន​ដៃដល់ និង​អ្នក​បញ្ជា​សម្លាប់​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ លោក​ថា ទោះ​ជា​មិន​បាន​ចេញ​បញ្ជា​ឲ្យ​សម្លាប់​ក្តី ប៉ុន្តែ​បាន​ដឹង​អំពី​សកម្មភាព​សម្លាប់ ហើយ​មិន​បាន​ព្យាយាម​ទប់ស្កាត់​ការ​សម្លាប់​នោះ ក៏​ត្រូវ​មាន​ទោស​ដែរ។
លោក​បញ្ជាក់​យ៉ាង​ដូច្នេះ៖ «មាន​គោលការណ៍​មួយ​ហៅ​ថា ទ្រឹស្ដី​គ្រប់គ្រង និង​បញ្ជា​តាម​ខ្សែ​រយៈ។ ទ្រឹស្ដី​នេះ​ចែង​ថា ប្រសិនបើ​អ្នក​ជា​មេបញ្ជាការ ហើយ​អ្នក​បាន​ដឹង ឬ​គួរតែ​បាន​ដឹង​ថា មាន​ការ​រំលោភ​លើ​ច្បាប់​សង្គ្រាម​កំពុង​កើត​ឡើង ប្រព្រឹត្ត​ដោយ​អ្នក​នៅ​ក្រោម​បញ្ជា​របស់​អ្នក ដូច្នេះ​អ្នក​ត្រូវ​ចាត់​វិធានការ​សមស្រប​ណា​មួយ ដើម្បី​បញ្ឈប់​ការ​រំលោភ​ទាំង​នោះ។ ប្រសិនបើ​អ្នក​មិន​បញ្ឈប់​ទេ អ្នក​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រសិនបើ​អ្នក​មិន​បាន​ដឹង​ហេតុការណ៍​សម្លាប់​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​មេបញ្ជាការ អ្នក​ព្យាយាម​មិន​ចង់​ដឹង​ឮ អ្នក​នឹង​រង​ការ​ចោទ​ថា ធ្វើ​មិន​ដឹង​មិន​ឮ​ដោយ​ចេតនា។ ការ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ វា​អាស្រ័យ​លើ​ឋានានុក្រម ឬ​ខ្សែ​សង្វាក់​នៃ​ការ​បញ្ជា និង​ការ​គ្រប់គ្រង ព្រម​ទាំង​ការ​ត្រួតត្រា​លើ​ប្រព័ន្ធ​ទំនាក់ទំនង និង​ព័ត៌មាន​ដែល​ត្រូវ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​អ្នក​ចេញ​បញ្ជា»
​ច្បាប់​សង្គ្រាម ឬ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែល​បាន​កំណត់​ដោយ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ចែង​ថា ទាហាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សមរភូមិ ឬ​បាន​ទម្លាក់​អាវុធ​ចុះ​ចូល គឺ​ជា​ឈ្លើយ​សឹក ឬ​អ្នកទោស​សង្គ្រាម។ ពេល​នោះ​ជីវិត និង​សេចក្ដី​ថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្ស​ជាតិ​របស់​ពួកគេ​ត្រូវ​ទទួល​បាន​ការ​ការពារ ហើយ​បន្ទាប់ពី​ចប់​សង្គ្រាម ពួកគេ​ត្រូវ​បាន​ដោះលែង។ ការ​ប្រហារ​ជីវិត​សត្រូវ​របស់​ខ្លួន​ដែល​បាន​ទម្លាក់​អាវុធ​ចុះ​ចូល ឬ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​គឺ​ជា​ការ​រំលោភ​ច្បាប់​សង្គ្រាម ឬ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម៕

No comments: