មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យរដ្ឋាភិបាលផ្ដន្ទាទោសជនសង្ស័យ និងអ្នកនៅពីក្រោយការសម្លាប់មនុស្សក្នុងអំឡុងពេលរដ្ឋប្រហារ ថ្ងៃទី៥ និងថ្ងៃទី៦ កក្កដា ឆ្នាំ១៩៩៧។ ទន្ទឹមគ្នានេះដែរ គណបក្សប្រឆាំងគ្រោងនឹងរៀបចំបុណ្យរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងការធ្វើរដ្ឋប្រហារ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធិ បដិសេធសំណើគណបក្សនយោបាយទាំងពីរ ធ្វើការស៊ើបអង្កេតទៅលើឃាតកម្មកើតឡើងកាលពីក្នុងអំឡុងពេលធ្វើរដ្ឋប្រហារ ឆ្នាំ១៩៩៧។ លោក គៀត ចាន់ថារិទ្ធិ ចាត់ទុកថា រដ្ឋប្រហារឆ្នាំ១៩៩៧ ជាជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច៖ «ខ្ញុំមិនគិតថាជាបទល្មើស ហើយខ្ញុំមិនយល់ថា ជារដ្ឋប្រហារទេ ជាការចោទប្រកាន់នយោបាយ»។
ព្រឹត្តិការណ៍បាញ់ប្រហារគ្នារវាងកងទ័ពដែលមានស្វាមីភ័ក្តិចំពោះសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ កាលពីឆ្នាំ១៩៩៧ បានបណ្ដាលអោយបាត់បង់ជីវិតមនុស្ស និងរងរបួសជាច្រើនរយនាក់។
អង្គការសិទ្ធិមនុស្សអន្តរជាតិ បញ្ជាក់ថា ការបាញ់សម្លាប់ទាហានរាជានិយម ហ៊្វុនស៊ិនប៉ិច បង្កឡើងដោយទាហានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រៅច្បាប់ កាលពីថ្ងៃទី៥ និងទី៦ កក្កដា ឆ្នាំ១៩៩៧ នោះមានរយៈពេល ១៧ឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់រកយុត្តិធម៌ឲ្យជនរងគ្រោះនៅឡើយ។
លោក លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីតតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ដែលបានធ្វើការស៊ើបអង្កេតទៅលើការសម្លាប់មនុស្ស ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ នោះ បានបញ្ជាក់ថា សាកសពនីមួយៗដែលលោកបានរកឃើញ មានសភាពគួរសង្វេគ។
ក្នុងចំណោមមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានសម្លាប់ក្រៅច្បាប់ និងបាត់ខ្លួន សន្មតថាស្លាប់ទាំងនោះរួមមាន ឧត្ដមសេនីយ៍ ចៅ សម្បត្តិ ឧត្ដមសេនីយ៍ ក្រូច យឿម ឧត្ដមសេនីយ៍ ជា ឬទ្ធីឈុត ឧត្ដមសេនីយ៍ លី សេងហុង ឧត្ដមសេនីយ៍ ម៉ែន ប៊ុនថន និងឧត្ដមសេនីយ៍ ហូ សុខ ជាដើម។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១ ស្នើឲ្យបញ្ឈប់ហៅព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ថាជាការធ្វើរដ្ឋប្រហារ។ រដ្ឋាភិបាលអះអាងថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា រដ្ឋាភិបាលកម្ពុជា បានចេញផ្សាយរួចហើយនូវសៀវភៅស្ដីអំពីព្រឹត្តិការណ៍នេះ គឺជាមូលហេតុនៃជម្លោះផ្ទៃក្នុងរាជរដ្ឋាភិបាល ដែលនាំដល់ការប៉ះទង្គិចដោយអាវុធ។
អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និងជាអតីតមេទ័ពហ៊្វុនស៊ិនប៉ិច ដែលត្រូវកងកម្លាំងរបស់ លោក ហ៊ុន សែន តាមប្រមាញ់សម្លាប់នោះ កាលពីថ្ងៃទី៣ កក្កដា សម្ដែងក្តីអស់សង្ឃឹម ដោយយុត្តិធម៌មិនទាន់បានផ្តល់ឲ្យជនរងគ្រោះនៅឡើយ៖ «សំណូមពរឲ្យអ្នកដែលបានប្រព្រឹត្តទៅលើអ្នករងគ្រោះឲ្យមានការកាត់ទោស ចំពោះអ្នកសម្លាប់មេៗហ៊្វុនស៊ិនប៉ិច ប៉ុន្តែនៅស្រុកយើង យើងឃើញថា មិនមែនថ្ងៃទី៥ និង៦ កក្កដា ទេ អ្នកស្លាប់ច្រើនទៀត រដ្ឋាភិបាលមិនដែលបានយកជនល្មើសទៅផ្ដន្ទាទោសទេ»។
ទោះបីជាយ៉ាងក៏ដោយ លោកបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សក្នុងរដ្ឋាភិបាលចម្រុះនឹងគណបក្សប្រជាជនកម្ពុជា នោះ មិនប្រារព្ធពិធីរំលឹកខួបថ្ងៃទី៥ និង ៦ កក្កដា ឡើយ ដោយលើកពេលទៅធ្វើក្នុងពិធីបុណ្យជាតិផ្សេងវិញ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ កក្កដា អោយដឹងថា គណបក្សនេះនឹងរៀបចំពិធីបង្សុកូលនៅថ្ងៃទី៥ ខែកក្កដា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងរដ្ឋប្រហារ៖ «ក្រុមដែលត្រូវបានសម្លាប់ក្នុងរដ្ឋប្រហារនោះ ពួកគាត់ជាយុទ្ធមិត្តធ្វើការតស៊ូឲ្យប្រទេសយើងចាកផុតពីយួន ឈ្លានពាន។ ទី២ ជាពួកប្រឆាំងនឹងអំណាចផ្តាច់ការ»។
រដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ បានផ្ទុះឡើងបន្ទាប់ពីសម្ដេចក្រុមព្រះ ប្រកាសធ្វើតុល្យភាពកម្លាំងទ័ពស្មោះត្រង់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ នាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន បានចោទសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថាបាននាំចូលអាវុធខុសច្បាប់ និងនាំចូលកម្លាំងទ័ពខ្មែរក្រហម មកបង្កប់នៅក្រុងភ្នំពេញ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថ្លែងថា លោក ហ៊ុន សែន ទៅវិញទេដែលប្រើប្រាស់កម្លាំងអតីតខ្មែរក្រហមក្នុងការដណ្ដើមអំណាចពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១នោះ៕
No comments:
Post a Comment