ដោយ៖ តាំង វីដា | ថ្ងៃអង្គារ ទី17 មិថុនា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
មន្ត្រីជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ រំពឹងលើការយោគយល់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងរូបមន្តផ្លាស់ប្តូរសមាសភាព គ.ជ.ប ដើម្បីអាចបន្តកិច្ចចរចា ដោះស្រាយបញ្ហាជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតជិត ១០ខែមកនេះ។
ក្នុងកិច្ចប្រជុំថ្ងៃទី១២ ខែមិថុនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឯកភាពគ្នាដោយដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កើតជំពូកថ្មីមួយទៀត គឺជំពូកទី១៥ ស្តីពីអង្គការរៀបចំការបោះឆ្នោត។ ប៉ុន្តែនៅតែមានការខ្វែងគំនិតគ្នាលើការបោះឆ្នោតសម្តែងការទុកចិត្តលើសមាសភាព គ.ជ.ប ថ្មីនេះ ដោយភាគីគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា រីឯបក្សប្រជាជនកម្ពុជា ទាមទារសំឡេង៥០%បូក១។
ប្រធានក្រុមចរចាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រាប់VODឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា បើទោះបីជា បញ្ហានយោបាយមិនទាន់អាចដោះស្រាយបានទាំងស្រុងក្តី តែការយោគយល់គ្នា បានកើតឡើងជាបន្តបន្ទាប់ ហើយលោក សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា អាចពិចារណាលើសំណើរូបមន្តផ្លាស់ប្តូរសមាសភាព គ.ជ.ប ដែលគណបក្សសង្គ្រោះជាតិ បានលើកឡើង ដោយគិតប្រយោជន៍ជាតិជាធំ និងធានាឲ្យបាននូវស្ថាប័នបោះឆ្នោតឯករាជ្យ បង្កើនទំនុកចិត្តដល់ម្ចាស់ឆ្នោត «ខ្ញុំថារឿងប្រទេសជាតិ មិនមែនជារឿងគណបក្សណាមួយអាចសម្រេចវាសនាប្រទេសតែម្នាក់ឯង ដូច្នេះហើយវាត្រូវតែមានការ យោគយល់គ្នា ហើយត្រូវតែយកផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ដំណោះស្រាយនយោបាយ គឺត្រូវតែដោះស្រាយ តាមការចរចារវាងខ្មែរនិងខ្មែរ។ ដូច្នេះខ្ញុំថាវាមិនចាំបាច់ត្រូវតែអត់ធ្មត់»។
សមាជិកគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កិច្ចចរចារបស់គណបក្សទាំងពីរ គប្បីពិចារណាដោយឈរលើមូលដ្ឋានច្បាប់ ហើយគណបក្សសង្គ្រោះជាតិ គប្បីពិចារណាចំពោះរូបមន្តនៃការប្តូរសមាសភាព គ.ជ.ប ២/៣ ដែលខ្លួនទាមទារ គឺនឹងនាំទៅរកភាពទ័លច្រក ដែលធ្លាប់កើតឡើងពីពេលមុន «នៅកម្ពុជាដែលគ្មាននយោបាយទាល់ច្រក ដោយសារលោកសម រង្ស៊ី ជាអ្នកផ្តួចផ្តើមគំនិត សុំឲ្យគណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋសភាពិនិត្យសាឡើងវិញ សុំឲ្យទម្លាក់ការសម្រេចពី២ភាគ៣ មកនៅត្រឹមមតិភាគច្រើន ដាច់ខាត ចុះពី២ភាគ៣មកនៅត្រឹម ៥០% បូក ១ នោះបានហើយ។ ចាប់តាំងពីពេលនោះមកអត់មានទ័លច្រកអ្វីទៀតទេ»។
លោក ជាម យៀប ឲ្យដឹងដែរថា ដោយសារតែថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ មិនស្ថិតក្នុងប្រទេស ហេតុដូចនេះ កិច្ចចរចាបក្សទាំងពីរមិនទាន់អាចបន្តជាថ្មីឡើយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សទាំងពីរ លោក ព្រុំ សុខា និងលោក គួយ ប៊ុនរឿន នៅតែបន្តជួបគ្នាក្រៅផ្លូវការ ដើម្បីសិក្សាស្វែងយល់គ្នាទៅវិញទៅមក។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិច យល់ថា បច្ចុប្បន្ននេះ មានហេតុផលជាច្រើនពាក់ព័ន្ធនឹងបញ្ហាសង្គម និងសម្ពាធពីសហគមន៍បរទេស សំខាន់គឺបញ្ហាមាតុភូមិវិវត្តន៍នៃពលករកម្ពុជាមកពីប្រទេសថៃ ដែលតម្រូវឲ្យគណបក្សទាំងពីរ ត្រូវយោគយល់គ្នា និងធ្វើសម្បទានទៅវិញទៅមកជ្រើសរើសនូវដំណោះស្រាយជាក់លាក់មួយលើការទាមទារនៃរូបមន្តគជបនេះ ដើម្បីរកច្រកចេញ និងដោះស្រាយបញ្ហាប្រឈមទាំងនោះ «រូបមន្តណាក៏ជារូបមន្តប្រជាធិបតេយ្យដែរ។ ប៉ុន្តែប្រសិនជាគិតគូរអំពីប្រជាធិបតេយ្យឲ្យបានច្រើនជាងនោះ គឺត្រូវតែយករូបមន្ត២ភាគ៣ បានន័យថា វាមិនក្លាយជាផ្តាច់ការ ឬក៏អត្តនោម័តិបានទេនៅពេលដែល២ភាគ៣នោះ។ សរុបមកវិញ២ភាគ៣ គឺជារូបមន្តប្រជាធិបតេយ្យច្រើនជាង ៥០បូក១»។
កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមឲ្យដាក់ គ.ជ.ប ទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរការផ្លាស់ប្តូរសមាសភាព គ.ជ.ប តាមរូបមន្ត៥០%បូក១ ខណៈគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា ដែលធ្វើឲ្យការចរចានៅមិនទាន់រកច្រកចេញរួច៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
No comments:
Post a Comment