ដោយ សួន សុផលមុន្នី
RFA, 2014-06-02
កងវរសេនាតូចការពារព្រំដែន ៩១១ បានធ្វើកិច្ចអន្តរាគមន៍ភ្លាមៗបណ្ដេញឲ្យភាគីថៃ ដកត្រាក់ទ័រភ្ជួរដីចំនួន ៦គ្រឿងចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ។
ត្រាក់ទ័រទាំង ៦គ្រឿងនោះត្រូវបានពលរដ្ឋថៃ បើកចូលមករំលោភបំពានលើទឹកដីកម្ពុជា ហើយបានធ្វើសកម្មភាពភ្ជួរដីស្រែនៅក្បែរបង្គោលឡាក់ព្រំដែនលេខ៤៣ ឋិតនៅភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានទប់ស្កាត់សកម្មភាពគ្រឿងចក្ររបស់ពលរដ្ឋថៃ ចំនួន ៦គ្រឿង ដែលបានលបចូលមកធ្វើសកម្មភាពភ្ជួរដីស្រែនៅក្បែរបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ លេខ៤៣ ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់នៅថ្ងៃទី២ ខែមិថុនា ថា វិធានការនេះ បានធ្វើឡើងដោយយោងលើលិខិតរបស់ក្រសួងមហាផ្ទៃ ប្រទេសកម្ពុជា ដែលបានសម្រេចហាមឃាត់មិនឲ្យភាគីណាមួយធ្វើសកម្មភាពប៉ះពាល់នៅដីឋិតក្បែរបង្គោលឡាក់ព្រំដែនលេខ៤៣នោះឡើយ៖ «ព្រោះមានឯកសារពីក្រសួងមហាផ្ទៃ ណែនាំយើងមិនអនុញ្ញាតឲ្យគាត់ធ្វើទៀតទេ ហើយអនុវត្តតាមលិខិតហ្នឹងដោយប្រគល់ភារកិច្ចឲ្យអង្គភាពឈរជើងនៅជុំវិញចំណុចហ្នឹងសហការគ្នា ហើយយើងបានជូនដំណឹងទៅអង្គភាពថៃ ដែលឈមពីមុខយើងប្រាប់ឲ្យគេដឹងថា យើងមានការសម្រេចពីក្រសួងមហាផ្ទៃហើយ បើគេកើតទុក្ខមិនសុខចិត្តឲ្យគេប្ដឹងទៅរដ្ឋាភិបាលគេ រដ្ឋាភិបាលថៃ ប្ដឹងតវ៉ាជាមួយរដ្ឋាភិបាលកម្ពុជាទៅ»។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ត្រាក់ទ័ររបស់ពលរដ្ឋថៃទាំង ៦គ្រឿង បានលបចូលមកធ្វើសកម្មភាពភ្ជួរដីនៅក្នុងទឹកដីខ្មែរក្បែរបង្គោលឡាក់លេខ៤៣ ដោយសារសំអាងថា ដីទំហំជាង ២០០ហិកតារនោះពលរដ្ឋ (កសិករថៃ) ធ្លាប់បានចូលមកកាន់កាប់ធ្វើស្រែនារយៈពេលកន្លងមក។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត សង្កត់ធ្ងន់ថា អាជ្ញាធរថ្នាក់ក្រោមជាតិពុំមានសិទ្ធិនៅក្នុងការធ្វើសេចក្ដីសម្រេចលើករណីដីធ្លីនៅក្បែរបង្គោលឡាក់លេខ៤៣ នោះទេ ប៉ុន្តែអាជ្ញាធរមានកាតព្វកិច្ចក្នុងការការពារ។
មេបញ្ជាការកងវរសេនាតូចការពារព្រំដែន៩១១ លោក សូ ចាន់ណារី បញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា កងកម្លាំងការពារព្រំដែនជួរមុខរបស់លោកបានចាត់វិធានការហាមឃាត់គ្រឿងចក្ររបស់ពលរដ្ឋថៃ នោះភ្លាមៗ តាមបទបញ្ជាថ្នាក់លើ។ ត្រាក់ទ័រទាំង ៦គ្រឿងរបស់ពលរដ្ឋថៃនោះ បានសុខចិត្តដកថយចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ ដោយពុំមានការតវ៉ានោះឡើយ៖ «ថ្នាក់លើដាក់បទបញ្ជាថា ផ្អែកលើលិខិតរបស់ក្រសួងមហាផ្ទៃ អ៊ីចឹងតម្រូវឲ្យយើងទប់ស្កាត់កុំឲ្យគាត់ភ្ជួរបន្តទៀត រង់ចាំការដោះស្រាយក្រោយ»។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រជាពលរដ្ឋថៃ ធ្លាប់បានកាន់កាប់បង្កបង្កើនផលស្រូវនៅលើផ្ទៃដីទំហំជាង ២០០ហិកតារក្បែរបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ លេខ៤៣នោះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ដីនៅចំណុចនោះឋិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។
លោក វ៉ា គឹម ហុង ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានបញ្ជាក់ឲ្យវិទ្យុអាស៊ីសេរីដឹងថា បង្គោលឡាក់លេខ៤៣ និងដីដែលពលរដ្ឋថៃ ទាមទារនោះ គឺភាគីទាំងពីរ (កម្ពុជា-ថៃ) បានឯកភាពគ្នាជាផ្លូវការរួចហើយ។ ចំណែកឯដីទំហំជាង ២២៦ហិកតារដែលពលរដ្ឋថៃ ធ្លាប់ធ្វើស្រែនោះគឺឋិតនៅបូរណភាពទឹកដីកម្ពុជា។ លោកបញ្ជាក់ថា បញ្ហាព្រំដែននៅត្រង់បង្គោលឡាក់លេខ៤៣ នោះ ភាគីគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃ បានឯកភាពគ្នារួចរាល់ហើយ ពុំមានបញ្ហាអ្វីដែលសេសសល់នោះឡើយ៕
No comments:
Post a Comment