A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 3 May 2014

UN human rights deputy commissioner Ms. Flavia Pansieri calls Cambodia to lift the ban on public assemblies immediately មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ដក​បម្រាម​ហាម​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់

ដោយ យាង សុជាមេត្តា


អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansiery) ឧត្តម​ស្នងការ​រង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៤។RFA/Yeang Socheametta
មន្ត្រី​ឧត្តម​ស្នងការ​រង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដក​បម្រាម​ការ​ជួប​ប្រជុំ​គ្នា និង​ការ​ធ្វើ​បាតុកម្ម​ចេញ​ជា​បន្ទាន់ ដោយ​ហេតុ​ថា បម្រាម​នេះ​ធ្វើ​ឡើង​មិន​ស្រប​ទៅ​តាម​គោលការណ៍​ចាំបាច់​មួយ​ចំនួន។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​កម្លាំង​ហួសហេតុ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ទៅ​លើ​ប្រជាពលរដ្ឋ។
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២ ឧសភា ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចំនួន ៥​ថ្ងៃ​របស់ អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri)បាន​កត់​សម្គាល់​ថា បម្រាម​ដែល​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម ដែល​បាន​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ គឺ​ជា​បញ្ហា​ដែល​អ្នកស្រី​បាន​លើក​ឡើង​ជាមួយ​អាជ្ញាធរ​កម្ពុជា
ដោយ​រំឭក​អំពី​កាតព្វកិច្ច​របស់​រដ្ឋ តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ការ​ជួប​ជុំ​ដោយ​សន្តិវិធី និង​បង្កើត​សមាគម​នោះ អ្នកស្រី ផាន់សៀរី អះអាង​ថា បម្រាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម គឺ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​តែស្តន៍ (Test) ឬ​គោលការណ៍​ទាំង​បី គឺ​នីត្យានុកូលភាព ឬ​ភាព​ស្រប​ច្បាប់ ភាព​ចាំបាច់ និង​ភាព​សមាមាត្រ​ឡើយ។
អ្នកស្រី ហ្វ្លាវា ផាន់សៀរី ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ការ​ប្រើ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ វាយ​ដំ​លើ​ប្រជាពលរដ្ឋ៖ «ខ្ញុំ​មាន​ការ​ក្រៀមក្រំ​យ៉ាង​ក្រៃលែង​ដោយ​ដឹង​ថា កាល​ពី​ម្សិលមិញ​មាន​ការ​វាយ​ដំ​ទៅ​លើ​បុរស​ម្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ ដោយ​ដឹង​ថា មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​វាយ​ដំ​ពី​សំណាក់​ក្រុម​សន្តិសុខ នៅ​ពេល​ពួក​គេ​កំពុង​ព្យាយាម​ថត​រូប។ ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​តួនាទី​របស់​ក្រុម​សន្តិសុខ​ខណ្ឌ ក្នុង​ការ​ដោះស្រាយ​រឿង​បាតុកម្ម និង​សណ្ដាប់ធ្នាប់​សាធារណៈ»

ចំពោះ​ការ​លើក​ឡើង​របស់​ឧត្តម​ស្នងការ​រង​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ រូប​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា អ្នកស្រី ផាន់សៀរី មិន​បាន​ស្គាល់​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា នោះ​ទេ ព្រោះ​អ្នកស្រី​គ្រាន់​តែ​ជា​អ្នក​ទេសចរ​សិក្សា​ប៉ុណ្ណោះ។ លោក​ថា បន្ទាប់​ពី​មាន​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ជួប​ជុំ​គ្នា​មក ជីវិត​របស់​អ្នក​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ បាន​វិល​ត្រឡប់​មក​ភាព​ប្រក្រតី​ឡើង​វិញ។ លោក​ថា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ គឺ​ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់ លើក​កម្ពស់​ការ​គោរព​ច្បាប់ និង​ផល​ប្រយោជន៍​ផ្សេងៗ​របស់​កម្ពុជា។
លោក ផៃ ស៊ីផាន៖ «នីត្យានុកូលភាព​យើង​ធ្វើ​ក្នុង​នាម​ជា​រដ្ឋាភិបាល​មួយ ក្នុង​នាម​ជា​អ្នក​អាជ្ញាធរ​មួយ យើង​ត្រូវ​ពង្រឹង​នីតិរដ្ឋ គឺ​ការ​គោរព​ច្បាប់​នេះ​ឯង។ ជន​ណា​មិន​គោរព​ច្បាប់ ជន​នោះ​នឹង​ត្រូវ​ទទួល​វិធាន​ការ​សព្វ​បែប​យ៉ាង។ យើង​ជា​រដ្ឋាភិបាល យើង​ជា​អាជ្ញាធរ យើង​យល់​ឃើញ​ថា ជា​ភាព​ចាំបាច់ យើង​ត្រូវ​អនុវត្ត​នូវ​វិធាន​នេះ ដើម្បី​ធានា​នូវ​ភាព​សុខ​ក្សេមក្សាន្ត​របស់​មហាជន​យើង»
ក្រៅ​ពី​បញ្ហា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី អ្នកស្រី​ក៏​បាន​លើក​ឡើង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា មាន​ដូច​ជា បញ្ហា​ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ថ្មី បញ្ហា​តុលាការ បញ្ហា​កំណែ​ទម្រង់​ពន្ធនាគារ បញ្ហា​ដីធ្លី និង​បញ្ហា​ការ​យល់​ព្រម​ទទួល​យក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​របស់​កម្ពុជា ពី​ប្រទេស​អូស្ត្រាលី ជាដើម។
កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូបែឌី (Surya Subedi) លោក​ក៏​បាន​លើក​ឡើង និង​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ផ្សេងៗ ស្រដៀង​គ្នា​ទៅ​នឹង អ្នកស្រី ហ្វ្លាវា ផាន់សៀរី ដែរ ប៉ុន្តែ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់ លោក ស៊ូបែឌី តាំង​ពី​ពេល​នោះ​មក ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ហាក់​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ៕

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 02 ឧសភា 2014
មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​
លោក​ស្រី​ហ្វ្លា​វា​ ផាន់​​សៀ​រី​ ឧ​ត្ត​ម​​ស្នង​ការ​រង​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​សហ​ប្រជា​ជាតិ​​.
លោក​ស្រី​ហ្វ្លា​វា​ ផាន់​​សៀ​រី​ ឧ​ត្ត​ម​​ស្នង​ការ​រង​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​សហ​ប្រជា​ជាតិ​​.
RFI/ Siv Channa
នៅ​​រសៀល​​ថ្ងៃ​​សុក្រ​​ទី២​ ឧសភា​​នេះ ក្នុង​​សន្និសីទ​​សារព័ត៌​មាន​នៅ​​ការិយាល័យ​​អង្គការ​សហ​ប្រជាជាតិ​​លោក​ស្រី​ហ្វ្លា​វា​ ផាន់​​សៀ​រី​ ឧ​ត្ត​ម​​ស្នង​ការ​រង​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​សហ​ប្រជា​ជាតិ​​ បាន​​ជំ​រុញ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុ​ជា​ដក​​បម្រាមបិទ​​ទីលាន​​ប្រជាធិបតេយ្យ​​ចេញ។​ ការ​ជម្រុញ​​បែប​នេះ ​គឺ​​ខណៈពេល​​ដែល​​ទីលាន​​ប្រជាធិបតេយ្យ​​ត្រូវ​បាន​​រដ្ឋាភិបាល​​ប្រកា​ស​បិទ ​​ក្រោម​​ហេតុ​ផល​​ស៊ើប​អង្កេត​​តាំង​ពី​ដើម​​ខែ​ម​ក​រា​។
ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជាដក​បម្រាម​បិទ​ទីលាន​ប្រជាធិបតេយ្យ​ចេញ​ជាបន្ទាន់ នេះ​ជា​ប្រសាសន៍​របស់លោក​ស្រី​ហ្វ្លា​វា ផាន់​សៀ​រី ដែល​បាន​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ទស្ស​នៈ​កិច្ច​រស់​លោកស្រី​នៅ​កម្ពុជា។
 
លោកស្រី​បាន​បញ្ជាក់ថា​ការបើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ គឺ​ដើម្បី​ធានា​ឱ្យ​ប្រជាពល​រដ្ឋ​ទាំងអស់​អាចអនុវត្ត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការជួបជុំ។ សូមបញ្ជាក់ថា​​រដ្ឋាភិបាល​បាន​បិទ​ទីលាន​ប្រជាធិបតេយ្យ​តាំងពីដើម​ខែមករា​មក​ក្រោយ​ការផ្ទុះ​អំពើហិង្សា​ដែល​បាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ របួស និង​ជាប់ឃុំ កាលពីដើម​ខែមករា។
 
ទាក់ទង​នឹង​អំពើហិង្សា​នេះ លោកស្រី ឧ​ត្ត​ម​ស្នងការរង​បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​អំពើហិង្សា​នេះ ហើយ​លោក ស្រី ក៏​មិន​ភ្លេច​ឡើយ​ការ​អំពាវ​នាវឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ចាត់វិធានការ​ចាប់​ជនដៃដល់​ដាក់ទោស​តាមច្បាប់​ជា​ធរមាន។ ចំណែកឯ​អំពើហិង្សា​ទៅលើ​បុរស​ម្នាក់​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ១ឧសភា លោកស្រី​ហ្វ្លា​វា ក៏បាន​លើកឡើងថា វា​ជាការ​សោកស្តាយ ហើយ​ថា​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា​បាន​ធ្លាក់​មួយកម្រិត​ខណៈដែល​កម្ពុជា​បាន​គោរព​សិទ្ធ​ម​ញ្ចេ​ញ​មតិ និង​សិទ្ធ​ការជួបជុំ​ត្រូ​បាន​ធានា​នៅ​កម្ពុជា។
 
ដោយសារ​តែមាន​អំពើហិង្សា​នៅ​កម្ពុជា​ផ្ទូ​ន​រយៈពេល​ចុងក្រោយ​នេះ លោកស្រី ហ្វ្លា​វា ក៏បាន​ក្រើនរម្លឹក​ដល់​រដ្ឋាភិបាល​កម្ពុជា​ពី​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុងការ​គោរ​តាម​ក​តិ​កា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​ដោយ​សន្តិវិធី​ផង​ដែរ​។
 
សូម​រម្លឹកថា លោកស្រី​ហ្វ្លា​វា ផាន់​សៀ​រី បាន​បំពេញ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​រយៈពេល៥ថ្ងៃ​នៅ​កម្ពុជា ក្នុងនោះ​លោកស្រី​បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ឱម យិនទៀង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។
 
ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រមាណ៣០នាទី លោកស្រី ហ្វ្លា​វា ផាន់​សៀ​រី ក៏បាន​លើកឡើង​បន្ថែម​ពី​បញ្ហា​នីតិរដ្ឋ កំណែទម្រង់​ច្បាប់​ប្រព័ន្ធតុលាកា​នៅ​កម្ពុជា ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​នា​គារ បញ្ហាដីធ្លី និង​បញ្ហា​ការសុំ​សិទ្ធិ​ជ្រកកោន​ផងដែរ។ ក្រៅពី​បញ្ហា​ការបើក​ទីលាន​ប្រជា​ធិប​តេយ្យ​ឡើងវិញ លោកស្រី​ឧ​ត្ត​ម​ស្នងការរង ហ្វ្លា​វា ផាន់​សៀ​រី បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​កំណែទម្រង់​របស់ខ្លួន ហើយ​ថា​កម្ពុជា​អាចធ្វើ​បាន៕

No comments: