ដោយ៖ ជន ស្រីណុច | ថ្ងៃសៅរ៍ ទី17 ឧសភា 2014 |
សេចក្តីរាយការណ៍នៅតាមបណ្តាញសង្គម ឲ្យដឹងថា អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាលោកកឹម គុណវឌ្ឍ បានលាលែងពីតំណែង ស្របពេលដែលពិធីច្រត់ព្រះនង្គ័លនៅក្រុងតាខ្មៅ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍នេះ ខកខានមិនបានផ្សព្វផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិ។
ព័ត៌មានពីការលាលែងពីតំណែងរបស់លោកកឹម គុណវឌ្ឍ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងគេហទំព័រក្នុងស្រុកមួយចំនួន។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងប្រាប់គេហទំព័រក្នុងស្រុកនៅរសៀលថ្ងៃសៅរ៍នេះថា អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោកកឹម គុណវឌ្ឍ បានលាលែងចេញពីតំណែងហើយ ។
បើទោះជាយ៉ាងណា VOD មិនអាចសុំការបញ្ជាក់បន្ថែមពីលោក លោកកឹម គុណវឌ្ឍ បានទេ ដោយលោកមិនទទួលទូរស័ព្ទ ប៉ុន្តែលោកបានបញ្ជាក់នៅលើហេ្វសប៊ុករបស់លោកថា លោកសុំទោសអ្នកសារព័ត៌មាន ដែលលោកមិនបានទទួលទូរស័ព្ទ ។
ទោះយ៉ាងណា នៅព្រឹកថ្ងៃសៅរ៍នេះ ពិធីច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅនៅក្រុងតាខ្មៅ មិនត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិទេ ហើយមានការផ្សាយលិខិតសុំព្រះរាជទានទោសពីព្រះមហាក្សត្រ ព្រះសង្ឃ មន្ត្រីរាជការ និងជនរួមជាតិចំពោះការខកខាននេះ។ ស្របពេលដែលលោកកឹម គុណវឌ្ឍលាលែងពីតំណែងនៅថ្ងៃសៅរ៍នេះដែរ មានការពិភាក្សាលើបណ្ដាញសង្គមថា ការលាលែងរបស់លោក អាចពាក់ព័ន្ធនឹងការខកខានមិនបានផ្សាយផ្ទាល់ពីពិធីច្រត់ព្រះនង្គ័លនោះ៕
2 comments:
You know when you serve communist than you quit than i think you can't get away at all .
Did he jump or was he pushed? I think he was sacked.
Post a Comment