ដំណើរការចរចារកដំណោះនយោបាយ ទោះបីជាបានវិវត្តន៍ឈានដល់តំណាងគណបក្សទាំងពីរបានជួបគ្នាក្ដី ក៏មកទល់ពេលនេះ ពន្លឺនៃការរកដំណោះស្រាយហាក់មិនទាន់ច្បាស់លាស់នៅឡើយ។ គណបក្សសង្គ្រោះជាតិ កំពុងរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ពេលវេលាជួបគ្នាជាថ្មី។ តំណាងគណបក្សប្រជាជនកម្ពុជា អះអាងថា ការជួបគ្នាចរចានឹងមានបន្តទៀតនៅពេលខាងមុខ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងនៅថ្ងៃទី២៩ ឧសភា ថា តំណាងគណបក្សទាំងពីរនឹងជួបគ្នាក្នុងពេលឆាប់ៗខាងមុខ ដើម្បីធ្វើការចរចាបន្ត តែមិនបានបញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដទេ។
ការថ្លែងឲ្យដឹងដូច្នេះ នៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ឧសភា ដដែលនេះ ដែលគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សនេះរង់ចាំចម្លើយពីខាងគណបក្សប្រជាជនកម្ពុជា ដើម្បីជួបពិភាក្សាអំពីការចរចាបន្ត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន តំណាងឲ្យក្រុមបច្ចេកទេសគណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា គណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅគណបក្សប្រជាជនកម្ពុជា ហើយតាមទូរស័ព្ទអំពីក្របខ័ណ្ឌនៃការចរចាបន្តមានពីរចំណុចសំខាន់ៗ ក្នុងចំណោមទាំង ១៤ចំណុចដែលគណបក្សទាំងពីរបានចុះកិច្ចព្រមព្រៀងកន្លងមកនោះ គឺទី១ ត្រូវដាក់ស្ថាប័នជាតិរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ ដែលមានអំណាចឯករាជ្យ អព្យាក្រឹត និងមានសមត្ថកិច្ចធានាដំណើរការរៀបចំការបោះឆ្នោតប្រកបដោយសេរីនិងយុត្តិធម៌។ ទី២ ស្ថាប័នបោះឆ្នោតជាតិ ត្រូវធានាឲ្យប្រជាពលរដ្ឋគ្រប់រួបទាំងអស់មានសិទ្ធិបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គឺស្របទៅនឹងក្រុមអ្នកជំនាញការបោះឆ្នោតជប៉ុន ចង់បានដែរ។
«សំឡេង»
លោក គួយ ប៊ុនរឿន អះអាងថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា យល់ព្រមជជែកទាំងពីរចំណុចនេះ លោកនឹងបញ្ជូនសេចក្ដីព្រាងជាផ្លូវការទៅតំណាងគណបក្សប្រជាជនកម្ពុជា។ នៅក្នុងសេចក្ដីព្រាងនោះ បញ្ជាក់ថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតមានភារកិច្ចទទួលខុសត្រូវ ទាក់ទងនឹងការរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតប្រកបដោយសេរីនិងយុត្តិធម៌ រួមមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតផ្សេងៗទៀត ដែលនឹងកំណត់ដោយច្បាប់។
យ៉ាងនេះក្ដី លោក គួយ ប៊ុនរឿន អះអាងថា បើសិនជាគណបក្សប្រជាជនកម្ពុជា មិនព្រមនូវចំណុចណាមួយ គឺគណបក្សសង្គ្រោះជាតិ នឹងអាចពិភាក្សាថ្នាក់ដឹកនាំរបស់ខ្លួនទៀត។
«សំឡេង»
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និងជាប្រធានក្រុមបច្ចេកទេសចរចាមានប្រសាសន៍ថា តំណាងគណបក្សទាំងពីរនឹងជួបគ្នាក្នុងពេលឆាប់ៗខាងមុខ រួមទាំងការជួបគ្នាក្រៅផ្លូវការ និងជួបគ្នាផ្លូវការរវាងក្រុមបច្ចេកទេសគណបក្សទាំងពីរ។ លោក ព្រុំ សុខា បញ្ជាក់ថា របៀបវារៈទាំងពីរចំណុចដែលគណបក្សសង្គ្រោះជាតិ លើកឡើងនេះ លោកមិនទាន់ដឹងច្បាស់លាស់ទេ។
លោក ព្រុំ សុខា សង្កត់ធ្ងន់ថា ការចរចាបន្ត គណបក្សទាំងពីរត្រូវតែលើកអំពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០១៤ នោះ។
«សំឡេង»
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ដើម្បីឲ្យដំណោះស្រាយរួមនោះ គណបក្សទាំងពីរត្រូវដាក់របៀបវារៈរៀងៗខ្លួន ហើយដាក់ឲ្យប្រជាពលរដ្ឋធ្វើប្រជាមតិ។
«សំឡេង»
ម្យ៉ាងទៀត អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយបានទទូចឲ្យគណបក្សទាំងពីរបន្ទន់ឥរិយាបថរៀងៗខ្លួន ទើបឈានដល់ការបញ្ចប់វិបត្តិនយោបាយបាន។ អ្នកវិភាគឲ្យគណបក្សទាំងពីរដោះស្រាយរឿងបញ្ហាសង្គមជារឿងសំខាន់ ដូចជាបញ្ហា គ.ជ.ប ដែលជាដើមចមធ្វើឲ្យមានជម្លោះនយោបាយ និងកែទម្រង់ប្រព័ន្ធតុលាការត្រូវឯករាជ្យ ដែលជាទីទុកចិត្តពីប្រជាពលរដ្ឋបាន៕
No comments:
Post a Comment